(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ក្រោយធ្វើសកម្មភាពឆក់កាបូប របស់ភ្ញៀវទេសចរជនជាតិចិន ២ករណីផ្សេងគ្នា និងដកហូតបានវត្ថុតាងមួយចំនួន។

ករណីទី១៖ ប្រព្រឹត្តនៅផ្លូវ១០៥ កែង២៧៤ ភូមិ១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ជនរងគ្រោះ ឈ្មោះ LIN WEI អាយុ៤៤ឆ្នាំ ជាភ្ញៀវទេសចរជនជាតិចិន កាន់លិខិតឆ្លងដែនលេខ ED 0761178 ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ស្នាក់នៅសណ្ឋាគារកាដាលីស ផ្ទះលេខ១០៥ ខណ្ឌ៧មករា។ សម្ភារៈបាត់បង់ មានកាបូបដៃចំនួន១ លិខិតឆ្លងដែនចំនួន១ កាត ATM ចំនួន៣ ប័ណ្ណបើកបរចំនួន១ ប្រាក់ចិនចំនួន ៧០០យ័ន ប្រាក់ដុល្លារចំនួន ៨០ដុល្លារ និងប្រាក់ផ្សេងៗទៀត

ករណីទី២៖ ប្រព្រឹត្តនៅមុខសណ្ឋាគារអេស៊ាផេលេស ផ្លូវលេខ៩៣ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ជនរងគ្រោះឈ្មោះ WANG CHUNXIAO អាយុ៤១ឆ្នាំ ជាភ្ញៀវទេសចរជនជាតិចិន កាន់លិខិតឆ្លងដែនលេខ ED 0720161 ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ ស្នាក់នៅសណ្ឋាគារអេស៊ាផេលេស។ សម្ភារៈបាត់បង់ មានលិខិតឆ្លងដែនជនជាតិចិន អត្តសញ្ញាណប័ណ្ណជនជាតិចិន កាត ATM ចំនួន៣សន្លឹក កាតបង្វិលលុយតាមអ៊ិនធឺណិត១សន្លឹក ប្រាក់ដុលា្លរ ១,៨០០ដុល្លារ។

ឃាត់ខ្លួនជនសង្ស័យឈ្មោះ ផង់ វុទ្ធី អាយុ២៣ឆ្នាំ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ, ឈ្មោះ អៀម សុខឡាំដា អាយុ១៧ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ, ឈ្មោះ ហេង ជួយឡេង អាយុ១៥ឆ្នាំ ជាសិស្សវិទ្យាល័យវត្តកោះ ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងឈ្មោះ គឹម ឆាយហួត  អាយុ១៧ឆ្នាំ ស្នាក់នៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។

ក្នុងប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូ ៣គ្រឿង កាបូបដៃពណ៌ខ្មៅចំនួន១ លិខិតឆ្លងឈ្មោះ LIN WEI លេខ ED 0761178 កាត ATM ចំនួន៣ ប័ណ្ណបើកបររថយន្តជនជាតិចិនប្រភេទC1 ចំនួន១ និងឯកសារមួយចំនួន។ បច្ចុប្បន្នជនសង្ស័យចំនួន ៤នាក់ និងវត្ថុតាងខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕