(កំពត)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការបាញ់គ្រាប់ពិតបានអះអាងថា លំហាត់បាញ់គ្រាប់ពិត «ហនុមានមាស ឆ្នាំ២០១៨» ដែលបាននិងកំពុងធ្វើឡើងនៅឯខេត្តកំពត គឺដើម្បីបង្កើនសមត្ថភាព និងត្រួតពិនិត្យសមត្ថភាពកងទ័ព ពុំមានការគំរាមកំហែងណាមួយទេ ខណៈការបាញ់នេះក៏នឹងចំណាយគ្រាប់ធន់ធ្ងន់ជាងមួយពាន់គ្រាប់នោះ។

លោកការអះអាងរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងក្រោយពីចុះត្រួតពិនិត្យការបាញ់សាកល្បងគ្រាប់ពិតនៅទីលានបាញ់គ្រាប់ពិត «តេជោសែនជុំគីរី» នៅឃុំត្រពាំងរាំង ស្រុកជុំគីរីខេត្តកំពត នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ។

នាយឧត្តមសេនីយ៍ បានថ្លែងថា «សមយុទ្ធហនុមានមាសឆ្នាំនេះ ធ្វើឡើងជាលក្ខណៈទ្រង់ទ្រាយធំជាងបណ្តាឆ្នាំមុនៗ គោលបំណងចង់ត្រួតពិនិត្យនិងវាសស្ទង់ សមត្ថភាព និងការយល់ដឹងអំពីជំនាញបច្ចេកទេសប្រើប្រាស់អាវុធតាមបែបបច្ចេកវិទ្យាទំនើបរបស់មេបញ្ជាការគ្រប់ថ្នាក់ ហើយសមត្ថភាពការយល់ដឹងអំពីកងយោធពលខេមរភូមិន្ទយើងគ្រប់បណ្តាលអង្គភាពក្នុងកិច្ចការងារ ការពារបូរណភាពទឹកដីរបស់ខ្មែរ និងជាភារៈកិច្ចដ៏សំខាន់ ហើយក៏ជាការប្រគល់ភារៈកិច្ចដ៏ចំបង ពីប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដល់គណៈកម្មការផងដែរ»

នាយឧត្តមសនីយ៍បានបន្តទៀតថា «កងយោធពលខេមរភូមិន្ទ មានកម្មវិធីរបស់ខ្លួន លំហាត់ហនុមានមាសនេះ មិនមែនទើបលើកផែនការឥឡូវទេ គឺលើកផែនការមកយូរហើយ មួយឆ្នាំយើងលើកម្តង។ នេះគឺជាកាតព្វកិច្ចរបស់កងទ័ពដើម្បីធ្វើក្នុងកិច្ចការងារ ការពារជាតិមាតុភូមិរបស់យើង វាមិនមែនធ្វើដើម្បីគំរាបកំហែងអ្នកណានោះទេហើយធ្វើនេះ គឺដើម្បីបង្កើនសមត្ថភាព ធ្វើដើម្បីត្រួតពិនិត្យសមត្ថភាពរបស់កងទ័ព ប្រសិនមិនបានធ្វើ គឺមិនដឹងថាកងទ័ពយើងមានសមត្ថភាពប៉ុណ្ណា មានកម្លាំងរបៀបណា ចេះរបៀបណាទេ ទាំងការប្រើប្រាស់សព្វាវុទ្ធ ទាំងការចាត់ចែងបញ្ជាជាដើម»

បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត បានបញ្ជាក់ថា លំហាត់នេះធ្វើឡើងក្នុងរូបភាពកងពលតូចគ្រឿងយន្ត អន្តរាគមន៍ ក្នុងរចនាសម្ព័ន្ធកងពលតូចអន្តរាគមមានដូចជា វរសេនាតូចរថពាសដែក មួយវរសេនាតូចរថក្រោះ T55 មួយវរសេនាតូចកាំភ្លើងធំ និងបង្កើនថែមឲ្យកាំភ្លើងយុទ្ធសាស្រ្ត BM21 RM70ជាដើម។

សូមរំលឹកថាលំហាត់ហ្វឹកហ្វឺនបាញ់គ្រាប់ពិតដែលមានលក្ខណៈទ្រង់ទ្រាយធំនេះ គឺបានធ្វើឡើងជាលើកទីបីហើយ ដែលកាលពីលើកទីមួយនៅឆ្នាំ២០១០ លើកទីពីរនៅឆ្នាំ២០១៣ ហើយលើកទី៣នេះ គឺមានលក្ខណៈ ទ្រង់ទ្រាយធំជាងមុនទ្វេដងដោយនឹងបាញ់ចេញនូវគ្រាប់ពិតប្រភេទធំរហូតដល់ជាង១០០០ពាន់គ្រាប់។

ជាមួយគ្នានោះដែរនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានអំពាវនាវបន្ថែមទៀតដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវចុះប្រាប់ដល់ប្រជាពលរដ្ឋបន្ថែមទៀតអំពីការហ្វឹកហ្វឺនបាញ់គ្រាប់ពិតនេះផងដែរ កុំឲ្យពួកគាត់មានការភ័យខ្លាចខណៈឮស្នូរកាំភ្លើង និងដឹកយុទ្ធោបករណ៍ឆ្លងកាត់ជាដើមនោះ៕