(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះថា ​ករណី​​មន្ត្រីនគរបាល​ដែល​វាយប្រជាពលរដ្ឋម្នាក់ បណ្ដាលឲ្យរងរបួស​រួច​យកទៅទម្លាក់ ក្នុងក្រសួងមហាផ្ទៃនោះ គឺដោយសារខឹងជនរងគ្រោះ មិនប្រាប់កន្លែងស្នាក់នៅ អ្នកដែលយកម៉ូតូមិត្តភ័ក្រជនបង្កទៅបញ្ចាំ ទើបកើតជាហិង្សាតែម្ដង។

បើតាមលោកអនុប្រធាននាយកដ្ឋាន មន្ត្រីនគរបាលរូបនេះ មានឈ្មោះ សុន ពិសាល អត្តលេខ៧៤៨៤០ ឋានន្តរស័ក្តិព្រិន្ទបាលឯក ជានាយរងផ្នែកបន្ទប់ពិសោធន៍ នៅនាយកដ្ឋាននគរបាលបច្ចេសទេស និងវិទ្យាសាស្រ្ត។ ចំណែកជនរងគ្រោះមាន ឈ្មោះ អ៊ឹម បញ្ញា ​អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៨៤ ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លោង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ ស៊ុយ សុគន្ធា បានរៀបរាប់ថា ជនបង្កការសារភាពថា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១​៨ មិត្តភ័ក្ររបស់ជនរងគ្រោះ បានយកម៉ូតូមួយគ្រឿង ម៉ាកប៊ីត ពណ៌ខៀវ (មិនចាំស្លាកលេខ) ជាកម្មសិទ្ធិរបស់ខ្លួនទៅបញ្ចាំ។ លុះនៅថ្ងៃទី២៣ ខែឧសភា មិត្តភ័ក្ររបស់ខ្លួនបានមកពឹងខ្លួន ឲ្យជួយដើររកអ្នកដែល យកម៉ូតូទៅបញ្ចាំ ហើយខ្លួនបានណាត់ជនរងគ្រោះ នៅចំណុចក្រោយសាលា១០០ខ្នង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដើម្បីដើររកអ្នកដែលយកទៅបញ្ចាំ ប៉ុន្ដែរកមិនឃើញ។

លុះនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ដែលជាថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាក Honda C125 ពណ៌ទឹកប្រាក់ មិនចាំស្លាកលេខ មកជួបខ្លួនម្ដងទៀត ដើម្បីដើររកដែលយកម៉ូតូទៅបញ្ចាំ តែពេលនោះជនរងគ្រោះហាក់បីជាមានចេតនាមិនចង់សហការ ដោយសួរជនរងគ្រោះម្ដងហើយម្ដងទៀត អំពីអាសយដ្ឋាននៅតែមិនប្រាប់ និងមានបំណងរត់គេច។ ពេលនោះខ្លួនក៏បានប្រតាយប្រតប់គ្នានឹងបង្កនូវហិង្សាតែម្ដង រួចបញ្ជូនជនរងគ្រោះតាមម៉ូតូកង់បីមកនាយកដ្ឋានជំនាញ ពេលមកដល់ក្រុមគ្រួសារគេឃើញស្ថានភាពជនរងគ្រោះមានរបួស ក៏នាំទៅព្យាបាលនៅមន្ទីរពេទ្យតែម្ដង។

យ៉ាងណាមិញ សម្រាប់បក្ខពួកម្នាក់ទៀតរបស់ជនបង្កនោះ ត្រូវបានលោកអនុប្រធាននាយកដ្ឋាន បានបញ្ជាក់ថា កម្លាំងនគរបាលជំនាញកំពុងតែសុំដីកា ពីស្ថាប័នតុលាការ ដើម្បីតាមចាប់ជនម្នាក់ទៀត ដែលជាប្រជាពលរដ្ឋធម្មតាមិនមែនជាសមត្ថកិច្ចនោះទេ ខណៈដែលជនបង្កនៅពេលនេះ កំពុងស្ថិតក្រោមចំណាត់ការតាមនីតិវិធីច្បាប់របស់តុលាការ។

សូមជ​ម្រាបថា ក​ម្លាំង​ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនមន្រ្តីនគរបាលក្រសួងមហាផ្ទៃម្នាក់​ នៅ​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨​ ពាក់ព័ន្ធការប្រើអំពើហិង្សាទៅលើជនរងគ្រោះម្នាក់ កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៣៦០ កែងផ្លូវ១០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។

ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងក្រោយមាន​បញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការស្ដីទី នៃអគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា ប្រធាននាយកដ្ឋាននគរបាលកណ្ដាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ៕