(ភ្នំពេញ)៖ ក្រុមអត្តពលិករាជធានីភ្នំពេញ បានសម្ញែងភាពខ្លាំងជាថ្មីទៀតហើយ ក្រោយបញ្ចប់ការប្រកួតព្រឹត្តិការណ៍កីឡាជាតិ លើកទី២ ថ្ងៃទី២ ដោយគិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញ ពួកគេដណ្ដើមបានមេដាយយ៉ាងច្រើន ពោលគឺវ៉ាដាច់ក្រុមកំពូលតារាងថ្ងៃបើកឆាក គឺក្រុមអត្តពលិកក្រសួងមហាផ្ទៃ ដើម្បីឡើងឈរកំពូលតារាងមេដាយបណ្ដោះអាសន្ន មុនបន្ដយុទ្ធនាការប្រកួតនៅថ្ងៃទី២៧ ខែឧសភានេះ ។

ចំពោះលទ្ធផលបណ្ដោះអាសន្នក្រោយបញ្ចប់ការប្រកួតរយៈពេល ២ថ្ងៃ ក្រុមអត្តពលិករាជធានីភ្នំពេញ ដណ្ដើមបានមេដាយសរុប ២៤គ្រឿង រួមមានមេដាយមាស ១០ ប្រាក់ ៩ និងសំរឹទ្ធ ៥ ហើយក្រសួងមហាផ្ទៃ បានធ្លាក់មកឈរលេខរៀងទី២ ដោយដណ្ដើមបានមេដាយសរុប ២០គ្រឿងមានមេដាយមាស ៧ ប្រាក់ ៧ និងសំរឹទ្ធ ៦ គ្រាដែលក្រុមអត្តពលិកខេត្តតាកែវ បានឡើងឈរលេខរៀងទី៣ ជាមួយនឹងការដណ្ដើមបានមេដាយ ១១គ្រឿងមានមេដាយមាស ៦ ប្រាក់ ២ និងសំរឹទ្ធ ៣ ។

សូមបញ្ជាក់ថា រាជធានីភ្នំពេញ គឺក្រុមជយលាភីពានលេខ១ ក្នុងនាមក្រុមអត្តពលិកដណ្ដើមបានមេដាយច្រើនជាងគេ កាលពីកីឡាស៊ីហ្គេម លើកទី១ ឆ្នាំ២០១៦ ដោយដណ្ដើមបានមេដាយសរុប ១០២គ្រឿង មានមេដាយមាស ៤១ ប្រាក់ ៣៤ និងសំរឹទ្ធ ២៧ ។ ចំណែកក្រសួងមហាផ្ទៃ បានត្រឹមលេខ២ ជាមួយនឹងការដណ្ដើមបានមេដាយ ៥៩គ្រឿងមានមេដាយមាស ២៨, ប្រាក់ ១៦ និងសំរឹទ្ធ ១៥ គ្រាដែលក្រសួងការពារជាតិឈរលេខរៀងទី៣ ដណ្ដើមបានមេដាយ ៥៥គ្រឿងមានមេដាយមាស ២២ ប្រាក់ ១៧ និងសំរឹទ្ធ ១៦ ។

យ៉ាងណាមិញ ការប្រកួតកីឡាជាតិឆ្នាំនេះ ទើបដំណើរការបាន ២ថ្ងៃប៉ុណ្ណោះ ដោយប្រកួតលើ ២៧ប្រភេទកីឡា ខណៈការប្រកួតនឹងបន្ដរហូតដល់ថ្ងៃទី០៤ ខែមិថុនាទើបបញ្ចប់ ។ ហេតុនេះ អត្តពលិករាជធានីភ្នំពេញ អាចការពារតំណែងជើងឯកក្នុងនាមអ្នកដណ្ដើមបានមេដាយបានច្រើនជាងគេទៀត ឬយ៉ាងណា នៅមិនទាន់ដឹងច្បាស់នោះទេ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ កុំភ្លេចចូលរួមទស្សនា និងលើកទឹកចិត្តឲ្យបានច្រើនកុះករ ជាមួយនឹងព្រឹត្តិការណ៍ដកស្រង់បទពិសោធន៍ ឆ្ពោះទៅត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ៕