(ចិន)៖ លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជំរុញឱ្យរដ្ឋបាលគយនៃប្រទេសសមាជិកអាស៊ាន និងប្រទេសចិនត្រូវបន្តកិច្ចសម្របសម្រួលនិងសហប្រតិបត្តិការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីធានាឱ្យមានលំហូរពាណិជ្ជកម្ម វិនិយោគ និងភ្ញៀវទេសចរដោយរលូនរវាងប្រទេសចិននិងអាស៊ាន។

ការជំរុញនេះ ក្នុងឱកាសដែល លោកបណ្ឌិត គុណ ញឹម បានដឹកនាំគណៈប្រតិភូ គយ ចូលរួមវេទិកាស្តីពី The 10th Pan-Beibu Gult Economic Cooperation និង the 2nd China-Indochina Peninsula Economic Corridor Development នៅទីក្រុងណាននីន ប្រទេសចិន ដោយមានការចូលរួមពីមន្រ្តី ថ្នាក់ដឹកនាំជាន់ខ្ពស់តំណាងរដ្ឋាភិបាលនៃប្រទេសចិន ប្រទេសសមាជិកអាស៊ាន អាជ្ញាធរកំពង់ផែ សួនឧស្សាហកម្ម ភស្តុភារកម្ម សមាគមន៍ធរុកិច្ច អង្គការអន្តរជាតិ ស្ថាប័នហិរញ្ញវត្ថុ ស្ថានទូត អ្នកជំនាញការ អ្នកកាសែតសរុបចំនួន ប្រមាណ៥០០នាក់ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨។

វេទិកានេះ ត្រូវបានរៀបចំឡើងដើម្បីរំលឹកពីវឌ្ឍនភាពដែលសម្រចបាននៃវេទិកាលើកទី៩កន្លងមក និងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឈូងសមុទ្រ Pan-Beibu ព្រមទាំងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ នៃការអភិវឌ្ឍនិងភាពរីកចម្រើនតែមួយ។

នៅក្នុងវេទិកានេះ មានរៀបចំអនុវេទិកាចំនួនបីទន្ទឹមគ្នា រួមមាន៖ ១-សន្និសីទបណ្តាញការងារកិច្ចសហប្រតិបត្តិការទីក្រុងកំពង់ផែរវាងប្រទេសចិន និងអាស៊ាន ២-វេទិកាផ្លូវសេដ្ឋកិច្ច នៃ ប្រទេសចិន និងអាស៊ាន និង៣-កិច្ចប្រជុំកំពូលក្រុមប្រឹក្សាឈូងសមុទ្រ Pan-Beibu។

នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ លោកបណ្ឌិត គុណ ញឹម ត្រូវបានផ្តល់កិត្តិយសដោយ រដ្ឋាភិបាលតំបន់ស្វយ័តក្វាំងស៊ីជាភ្ញៀវកិត្តិយសតំណាងឱ្យប្រទេសសមាជិកអាស៊ាន ថ្លែងសុន្ទរកថា និងជួបសម្តែងការគួរសមជាមួយលោក Lu Xinshe លេខាធិការ បក្សនៃរដ្ឋាភិបាលតំបន់ស្វយ័តក្វាំងស៊ី និង លោក Chen Wu អភិបាលនៃតំបន់ស្វយ័តក្វាំងស៊ី។

លោក គុណ ញឹម ប្រតិភូបានថ្លែងអំណរគុណចំពោះប្រទេសចិន និង រដ្ឋាភិបាលតំបន់ស្វយ័តក្វាំងស៊ី ដែលបានរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង ដែលជាផ្នែកមួយនៃ ក្របខណ្ឌសហប្រតិបត្តិការក្រោមគំនិត ផ្តួចផ្តើម ខ្សែក្រវ៉ាត់មួយផ្លូវមួយ (OBOR) និងគម្រោងផែនការ មេ ស្តីពីការតភ្ជាប់ របស់អាស៊ាន។

វេទិកានេះ បានបង្កើតនូវយន្តការសហប្រតិបត្តិការ និងផ្លាស់ប្តូរមតិយោបល់រវាងប្រទេសចិន និងអាស៊ានដើម្បីទទួលបាន អត្ថប្រយោជន៍រួមគ្នា និងសហប្រតិបត្តិការឈ្នះ-ឈ្នះ។

នាល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨លោកអគ្គនាយកគយក៏ត្រូវបានផ្តល់កិត្តិយសដោយរដ្ឋាភិបាលតំបន់ស្វយ័ត ក្វាំងស៊ីអញ្ជើញឡើងថ្លែងសុន្ទរកថាក្នុងពិធីបើក China-Indochina Economic Corridor Sub-Forum ។

នៅក្នុងសុន្ទរកថាបើកលោក គុណ ញឹម បានរំលេចឡើងថា ប្រទេសចិននិងអាស៊ានបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ច សហប្រតិបត្តិការថ្នាក់តំបន់ និងគំនិតផ្តួចផ្តើមជាច្រើន ដូចជា៖ ផ្លូវសូត្រសេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រ កិច្ចព្រមព្រៀងឆ្លងកាត់ព្រំដែននៃមហាអនុតំបន់មេគង្គ (GMS-CBTA) កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមេគង្គ-ឡានឆាង កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ASEAN-China FTA) កិច្ចពិគ្រោះយោបល់រវាងរដ្ឋបាលគយនៃអាស៊ាន និងរដ្ឋបាលគយចិនជាដើម។

បន្ថែមលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើមទាំងអស់នេះ ក៏ដូចជាបង្កើន លទ្ធភាពក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសចិន និងអាស៊ាន លោកអគ្គនាយកបានបញ្ជាក់ថា រដ្ឋបាលគយនៃប្រទេសសមាជិកអាស៊ាន និងប្រទេសចិនត្រូវបន្តកិច្ចសម្របសម្រួលនិងសហប្រតិបត្តិការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីធានាឱ្យមានលំហូរពាណិជ្ជកម្ម វិនិយោគ និងភ្ញៀវទេសចរដោយរលូនរវាងប្រទេសចិននិងអាស៊ាន។

ដោយវេទិកាបានពិភាក្សា និងផ្តោតលើការអភិវឌ្ឍ និងការតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងរូបវន្ត លោក គុណ ញឹម បានស្នើវេទិកាពិចារណាលើការអភិវឌ្ឍផែ្នកទន់ដែលជាផ្នែកមួយសំខាន់ និងមិនអាចខ្វះបាន ដើម្បីចូលរួមបង្កើន ល្បឿន និងជំរុញប្រសិទ្ធភាព កិច្ចសហប្រតិបត្តិការ ក្នុងតំបន់ China-Indochina Economic Corridor Development នេះ រួមមាន៖

១៖ ការតភ្ជាប់រវាងស្ថាប័ន និងស្ថាប័ននៃប្រទេសពាក់ព័ន្ធដូចជា រដ្ឋបាលគយ អន្តោប្រវេសន៍ អនាម័យនិងភូតគាមអនាម័យជាដើម។

២៖ សាមញ្ញកម្មនិងសុខដុមនីយកម្មច្បាប់ និងបទប្បញ្ញត្តិ ពាក់ព័ន្ធនានា ក្នុងការជួយសម្រួល និងជំរុញលំហូរពាណិជ្ជកម្ម វិនិយោគ ពលកម្ម ទេសចរណ៍ និងមូលធន។

៣៖ កាត់បន្ថយ ជាអតិបរមានូវរបាំងមិនមែនពន្ធគយមិនចាំបាច់នានា ខណៈពេលដែលរបាំងពន្ធគយ ត្រូវលុបបំបាត់ ស្ទើរតែ ទាំង ស្រុងទៅហើយនៅក្នុងតំបន់នេះ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក គុណ ញឹម ក៏បានលើកឡើងពីភាពរីកចម្រើនគួរឱ្យកត់សម្គាល់នៃប្រទេស កម្ពុជា ដូចជាស្ថេរភាពនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច សង្គម ដោយប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយមាន សុខសន្តិភាព និងជាគោលដៅទាក់ទាញភ្ញៀវទេសចរណ៍នៅក្នុងតំបន់និងពិភពលោក។ កម្ពុជាតែងតែចូលរួមយ៉ាង សកម្មគ្រប់កិច្ចសហប្រតិបត្តិការទាំងអស់ ដើម្បីការអភិវឌ្ឍនិងវឌ្ឍនភាពនៅក្នុងតំបន់និងពិភពលោក។ កម្ពុជាក៏ ដូចជាសមាជិកអាស៊ានដទៃទៀត គាំទ្រគំនិតផ្តួចផ្តើម ផ្លូវសូត្រសេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រ កិច្ចសហប្រតិបត្តិការ ឈូងសមុទ្រ Pan-Beibu និងការអភិវឌ្ឍផ្លូវសេដ្ឋកិច្ចនៃប្រទេសចិននិងអាស៊ាន។

ជាសរុបវេទិកានេះ បានបង្កើតនូវកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ដ៏មានសារៈសំខាន់មួយ ដែលមាន សក្តានុពល ទទួលបាននូវអត្ថប្រយោជន៍រួមគ្នា និងទំនាក់ទំនងមិត្តភាពយ៉ាងជិតស្និទ្ធ ក្រោមក្របខណ្ឌកិច្ច សហប្រតិបត្តិការរវាងប្រទេសចិននិងអាស៊ាន៕