(ក្រចេះ)៖ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្នួល សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ឃុំគ្រញូងសែនជ័យ បានបង្ក្រាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀននៅចំណុចគីឡូម៉ែត្រ៤៧ ភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមេក្លោងខាងចែកចាយថ្នាំញៀនប្រចាំនៅទីនោះផងដែរ។

ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ឃុន សេង អាយុ២៥ឆ្នាំ រស់នៅ ភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ចាប់យកវត្ថុតាងនៅនឹងកន្លែងកើតហេតុរួមមាន៖ ម៉ាទឹកកកចំនួន០៨កញ្ចប់ (០១កញ្ចប់ធំ, ០៦កញ្ចប់មធ្យម, ថ្នាំគ្រាប់ពណ៌ក្រហម០១កញ្ចប់តូចចំនួន២១គ្រាប់), ជីញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន, ទូរសព្ទ័០១គ្រឿង, ប្រាក់ចំនួន១០ម៉ឺនរៀល និងម៉ូតូចំនួន០១គ្រឿងម៉ាកវេវ (RSX) ពណ៌ខៀវលាយខ្មៅ។

ជាមួយគ្នានេះលោកឧត្តមសេនីយ៍ស្នងការ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងនគរបាល នៅតាមមូលដ្ឋានបង្កើនប្រតិបត្តិការតាមបង្ក្រាបករណីគ្រឿងញៀន កាន់តែខ្លាំងឡើង ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមជាមួយវត្ថុតាងត្រូវបានឃាត់បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ខេត្តចាត់ការបន្តរតាមនីតិវិធី៕