(ម៉ូស្គូ)៖ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) បាន​និយាយថា សហរដ្ឋអាមេរិក​មិនបានបង្ហាញ​ពីរូបភាព ថតដោយ​ផ្កាយរណប​ទាក់ទិននឹងជើង​ហោះ​ហើរ MH17 របស់ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ីអ៊ែរ​ឡាញ ដែលបាន​ធ្លាក់នៅភាគខាង​កើតប្រទេស​អ៊ុយក្រែន​ ដូចដែលខ្លួនអះអាង​ថា មាននោះទេ។ នេះបើ​តាមការចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៨។

ថ្លែងនៅលើ​គេហទំព័រ​ក្រសួងការបរទេស​រុស្ស៊ី លោកស្រី Maria Zakharova បានលើក​ឡើង​យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក​ធ្លាប់​អះអាងថា​ ខ្លួនមានរូបភាព​ថតជាប់ដោយ​ផ្កាយរណប ពាក់ព័ន្ធនឹង MH17 ប៉ុន្តែ​សហរដ្ឋអាមេរិក​មិនបានបញ្ចេញរូបភាព​ទាំងនេះ​ ដូចដែល ខ្លួនធ្លាប់បាន​ប្រកាសបន្ទាប់​ពីគ្រោះមហន្តរាយ​នេះឡើយ»។

MH17 បានធ្លាក់​នៅឯភាគខាងកើត​ប្រទេសអ៊ុយក្រែន កាលពីឆ្នាំ២០១៤ ដោយផ្ដាច់ជីវិត​មនុស្សជិះនៅលើនោះ​ទាំង​អស់ ២៩៨នាក់ ក្នុងនោះអ្នក​ដំណើរភាគច្រើន​ជាហូឡង់ ម៉ាឡេស៊ី និងអូស្រ្ដាលី។ ចំណែក ឯក្រុមអ្នក​ជំនាញជាច្រើន ធ្លាប់បាន​សន្មត់ថា យន្ដហោះនេះ​ត្រូវបានបាញ់​ទម្លាក់ដោយ​ក្រុមឧទ្ទាម​បំបែករដ្ឋ នៅឯភាគ​ខាងកើត​ប្រទេស អ៊ុយក្រែន ដែលគំាទ្រ​ដោយ​រុស្ស៊ី។

គួរបញ្ជាក់ថា ប្រតិកម្មរបស់​ក្រសួងការបរទេស​រុស្ស៊ី ធ្វើឡើងបន្ទាប់​ពីក្រសួងការពារជាតិ​រុស្ស៊ី បានច្រានចោល​ការសន្និដ្ឋាន​របស់ក្រុម អ្នកស៊ើបអង្កេត​អន្តរជាតិដឹកនាំ​ដោយប្រទេស​ហូឡង់ ដែលថា​មីស៊ីលដែលត្រូវបានគេប្រើប្រាស់​ដើម្បីបាញ់​ទម្លាក់ MH17​ គឺមាន​ប្រភពមកពី យោធា​រុស្ស៊ី៕