(កំពត)៖ ក្រុមហ៊ុនចិនស៊ីណូហាយដ្រូ និងសាលាខេត្តកំពត ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ បានរៀបចំកិច្ចប្រជុំត្រៀមទប់ស្កាត់គ្រោះទឹកជំនន់នៅរដូវវស្សាឆ្នាំ២០១៨នេះ នៅតាមដងព្រែកកំចាយ និងទឹកឈូ ព្រមទាំងតាមមូលដ្ឋានផ្សេងៗ នៅស្រុកទឹកឈូ និងក្រុងកំពត។

កិច្ចប្រជុំនេះបានរៀបចំឡើងដោយក្រុមហ៊ុនចិនស៊ីណូហាយដ្រូ ក្រោមអធិបតីរបស់លោក ប៉ិល កុសល អភិបាលរងខេត្តកំពត តំណាងលោក ជាវ តាយ អភិបាលខេត្ត ព្រមទាំងមានការចូលរួមពីស្ថាប័នពាក់ព័ន្ធដូចជា តំណាងមកពីមន្ទីររ៉ែ និងថាមពល, មន្ទីរធនធានទឹក និងឧតុនិយម, មន្ទីរកសិកម្ម, ការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយ និងអជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់។ល។

នៅក្នុងកិច្ចប្រជុំនេះ លោក ប៉ិល កុសល បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនចិន ដែលបានផ្តល់ការគាំទ្រយ៉ាងខ្លាំង និងយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចការការពារទឹកជំនន់របស់ខេត្តកំពត។

លោកអភិបាលរងខេត្តកំពត ក៏បានរៀបរាប់ពីភូមិសាស្ត្រ របាយប្រជាជន និងស្ថានភាពគ្រោះទឹកជំនន់របស់ខេត្តកំពតផងដែរ។ លោកបានបញ្ជាក់ថា «ខេត្តកំពត ស្ថិតនៅក្បែរច្រកចូលសមុទ្រ ទីក្រុងកំពត និងស្រុកទឹកឈូរដែលស្ថិតនៅក្នុងគម្រោងវារីអគ្គីសនីកំចាយ គឺមានកំពស់ធៀបនឹងទឹកសមុទ្រទាប ហើយនឹងសមត្ថភាពការពារទឹកជំនន់ទាបដែរផងនោះ ទើបធ្វើឲ្យងាយរងនូវ គ្រោះទឹកជំនន់យ៉ាងខ្លាំង»។

បន្ថែមលើសពីនេះ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ លោក ប៉ិល កុសល បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា កិច្ចប្រជុំដែលបានធ្វើឡើងកាលពីម្សិលម៉្ងៃនោះ អាជ្ញាធរ និងក្រុមហ៊ុន បានឯកភាពគ្នាកាន់តែខ្លាំងលើការទំនាក់ទំនងតាមដានពីស្ថានភាពគ្រោះទឹកជំនន់ ដែលអាចកើតមានឡើងនៅតាមព្រែកកំចាយ ​និងព្រែកទឹកឈូ ព្រមទាំងជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា នៅពេលមានហេតុការណ៍ណាមួយកើតឡើង។

លោកបានបញ្ជាក់ថា កិច្ចប្រជុំក៏ផ្តោតទៅលើស្ថានភាពចំនួន២គឺ តំបន់រងគ្រោះ និងតំបន់ងាយរងគ្រោះ ពោលត្រូវជូនដំណឹងនិងណែនាំដល់ប្រជាពលរដ្ឋ ដែលពួកគាត់សង់តូបលក់ដូរនៅតាមដងព្រែក ដើម្បីបញ្ចៀសរាល់បញ្ហាដែលអាចកើតមានឡើង។ បើតាមលោក ប៉ិល កុសល ដោយសារតែនៅឆ្នាំ២០០០កន្លងទៅ មានគ្រោះទឹកជំនន់នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឲ្យស្តារព្រែកកំចាយ និងព្រែកកំពង់បាយ ដើម្បីរំដោះទឹក នាឆ្នាំ២០០៦-២០០៧។ លុះក្រោយមកក្រុមហ៊ុនបានជីកប្រឡាយ២ខ្សែ ដើម្បីជួយរំដោះទឹក ព្រមទាំងបានសាងសង់ទំនប់វារីអគ្គិសនីកំចាយ ដើម្បីគ្រប់គ្រងទឹកទើបធ្វើឲ្យខេត្តកំពត អាចចៀសពីគ្រោះមហន្តរាយមួយនេះ ប៉ុន្តែដោយសារយើងមិនអាចវាស់ពីកម្រិតទឹកភ្លៀង និងស្ថានភាពទឹកបាននោះ យើងត្រូវជួបប្រជុំដើម្បីត្រៀមវិធានការ។

លោក វ៉ាង ធាហ្វុង អ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនគម្រោងវារីអគ្គីសនីកំចាយ បានថ្លែងអំណរគុណដល់លោកអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ។

លោកបានថ្លែងថា «ម្រោងវារីអគ្គីសនីកំចាយ តាំងពីចាប់ផ្តើមសាងសង់រហូតដល់ពេលដាក់ឲ្យដំណើរការ គឺបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មន្ត្រីរាជរដ្ធាភិបាលគ្រប់ជាន់ថ្នាក់ទាំងអស់។គម្រោងនេះចាប់តាំងពីដាក់ឲ្យប្រើប្រាស់មកបានផ្គត់ផ្គង់អគ្គិសនី ដែលមានគុណភាពខ្ពស់ដល់ប្រទេសកម្ពុជា និងធានាដល់ការអភិវឌ្ឍន៍សេដ្ធកិច្ចប្រទេសកម្ពុជាផងដែរ»

លោកបានបន្តថា ដោយឡែកចំពោះខេត្តកំពតវិញ គម្រោងវារីអគ្គីសនីកំចាយមិនត្រឹមតែផ្គត់អគ្គីសនីទូទាំងខេត្តទាំងមូលប៉ុណ្ណោះទេ នៅតំណាក់កាលសាងសង់ និងដំណើរការគឺបានបង្កើតការងារជាច្រើន ដល់ប្រជាពលរដ្ឋ និងបានជម្រុញឲ្យសេដ្ធកិច្ចខេត្តកំពតមានការរីកចម្រើន ហើយនឹងបានដើរតួយ៉ាងសំខាន់ក្នុងការការពារគ្រោះទឹកជំនន់ផងដែរ។

លោកបានថ្លែងថា គ្រោះធម្មជាតិ គឺមិនអាចជៀសផុតបានឡើយ ជាពិសេសខេត្តកំពតដែលជាខេត្តងាយរងគ្រោះទឹកជំនន់ និងសមត្ថភាពការពារទឹកជំនន់នៅទាប។ ដូចនេះមិនអាចដោយសារតែមានគម្រោងវារីអគ្គសនីកំចាយ ធ្វើឲ្យតំបន់នេះជៀសផុតពីគ្រោះទឹកជំនន់នោះឡើយ ប៉ុន្តែក្រោមការខិតខំ និងគាំទ្រយ៉ាងខ្លាំងពីមន្ត្រីគ្រប់ជាន់ថ្នាក់ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ឆ្លងកាត់តាមការបង្កើតអោយមានស្ថាប័នការពារទឹកជំនន់ និងក្របខ័ណ្ណការទំនាក់ទំនងយ៉ាងជិតស្និត។ល។ នៅពេលដែលទំនប់ធំកំចាយបានសាងសង់រួច ស្ថិតនៅខ្សែទឹកខាងក្រោមគឺស្រុកទឹកឈូរ និងក្រុងកំពតនឹងកាត់បន្ថយបានកាន់តែច្រើននូវគ្រោះទឹកជំនន់ កាត់បន្ថយបានយ៉ាងច្រើន នូវការខូចខាតដោយទឹកជំនន់ និងកាត់បន្ថយការខាតបង់ផ្នែកសេដ្ធកិច្ចផងដែរ និងធ្វើឲ្យប្រជាជនទទួលប្រយោជន៍ជាក់ស្តែងជាច្រើន។

លោកបានបន្តថា បច្ចុប្បន្នទំនាក់ទំនងរវាងប្រទេសចិន និងកម្ពុជាកំពុងតែបានពង្រឹងជាលំដាប់ សង្ឃឹមថា ឆ្លងកាត់តាមការប្រជុំប្រចាំឆ្នាំលើកនេះ និងបង្កើតបាននូវប្រព័ន្ធការពារទឹកជំនន់ កាន់តែល្អអត់ខ្ចោះ ធ្វើឲ្យគម្រោងនេះកាន់តែដើរតួនាទីកាន់តែសំខាន់ក្នុងការការពារគ្រោះទឹកជំនន់ ផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ស្រុកទឹកឈូរ និងក្រុងកំពតដែលស្ថិននៅខ្សែទឹកខាងក្រោម កាន់តែសង្ឃឹមអាជ្ញាធរខេត្តកំពតតាមរយ:សារព័ត៌មានអំពីគម្រោងវារីអគ្គីសនីកំចាយ ដែលបានផ្តល់ប្រយោជន៍ចំពោះការការពារគ្រោះទឹកជំនន់ និងធ្វើការបំភ្លឺយ៉ាងមានប្រសិទ្ធិភាព រាល់ការផ្សាយព័ត៌មានមិនពិត ឬព័ត៌មានណាដែលមានលក្ខណ:អវិជ្ជមាន។

បន្ទាប់មក ភាគីក្រុមហ៊ុនបានធ្វើរបាយការណ៍ដែលទាក់ទង និងគម្រោងវារីអគ្គីសនី ដូចជា ប្រព័ន្ធវាស់ស្ថានភាពទឹកដែលមានប្រសិទ្ធភាពចំពោះការការពារគ្រោះទឹកជំនន់ និងការសហការបង្កើតយន្តការការពារទឹកជំនន់ដល់អង្គប្រជុំធ្វើការពិភាក្សាគ្នាយ៉ាងផុសផុល។

នៅទីបញ្ចប់ អង្គប្រជុំទាំងមូលបានសម្រេចបង្កើតស្ថាប័នការពារទឹកជំនន់ បង្កើតយន្តការការងារ បង្កើតឲ្យមានអ្នកទំនាក់ទំនងគ្រប់ផ្នែក។ល។ ដើម្បីធានាឲ្យបាននូវគ្រឹះយ៉ាងរឹងមាំ ក្នុងការការពារទឹកជំនន់ក្នុងទន្លេកំចាយ៕