(កំពត)៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​ បញ្ជាការដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ ​រៀបចំពិធីក្រុងពលី សុំម្ចាស់ទឹក ម្ចាស់ដី ទេវតា អ្នកតារក្សាព្រៃភ្នំ ក្នុងស្រុកជុំគីរី ខេត្តកំពត ធ្វើ​ពិធីលំហាត់សមយុទ្ធបាញ់គ្រាប់ពិត ប្រភេទកាំភ្លើងប្រតិកម្មរហ័ស បេអឹម២១ កាំភ្លើងធំ​១២២ ដេ​៣០ កាំភ្លើងធំប្រភេទ ១៥២មីលីម៉ែត្រ និងប្រភេទអាវុធទំនើបផ្សេងៗទៀត ក្នុងលំហាត់ហនុមានមាស២០១៨ ​នៅភូមិសាស្ត្រតំបន់ភ្នំ ភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត ចាប់ពីថ្ងៃ២៥ ដល់ថ្ងៃទី៣០ ខែ​ឧសភា ឆ្នាំ​២០១៨នេះតទៅ។

ក្នុងពិធីនេះក៏មានការចូលរួមពី ​នាយឧត្តមសេនីយ៍​ ណុប រតនា អគ្គមេបញ្ជាការរង មេបញ្ជាការ​បញ្ជាការដ្ឋានកាំភ្លើងធំ​ និងថ្នាក់ដឹកនាំប្រភេទជំនាញ កងអង្គរក្ស កងកាំភ្លើងធំ ​វិទ្យុទាក់ទង កងរថក្រោះ កងពលតូចថ្មើរជើងលេខ៧០ កងពលតូចទ័ពពិសេសឆ័ត្រយោងលេខ៩១១ និងបណ្តាប្រភេទទ័ពជំនាញជាច្រើនរូបទៀត។

សូមបញ្ជាក់ថា​ «លំហាត់ហ្វឹកហ្វឺនសមយុទ្ធហនុមានមាស២០១៨» ឆ្នាំនេះ មានទំហំធំជាងរាល់ឆ្នាំ ដោយត្រូវប្រើប្រាស់ឧទ្ធោបការណ៍យោធា ប្រភេទកាំភ្លើងប្រតិកម្មរហ័ស បេអឹម២១ អែអឹម៧០ ចំនួន២០គ្រឿង កាំភ្លើងធំធុន​១២២ អឹម-អឹ ដេ​៣០ ចំនួន១៨​ដើម កាំភ្លើងធំធុន១៥២ ចំនួន៤ដើម និងចំណាយគ្រាប់ បេ​​អឹម២១ អែអឹម៧០ ចំនួន១០០​គ្រាប់​ ១២​ដេ ៣០​អឹម អឹម​១២៥ អឹមអឹម-បេអឹម ជាច្រើនពាន់គ្រាប់ទៀត ចាប់ពីថ្ងៃ២៥ ដល់ថ្ងៃទី៣០ ខែ​ឧសភា ឆ្នាំ២០១៨»

ក្នុងនោះដែរ ​​នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បាននាំយកអំណោយ​​របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន កុំព្យូទ័រចំនួន០៨គ្រឿង ព្រីនធឺរចំនួន០៨គ្រឿង និងអង្ករចំនួន០៥តោនផ្តល់ឲ្យស្រុកជុំគីរី៕