(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីស្ថានភាពអត្រាប្តូរប្រាក់រៀល ធៀបជាមួយប្រាក់ដុល្លារ និងអត្រាប្តូររូបិយប័ណ្ណ មាស និងប្រេងនៅលើទីផ្សារអន្តរជាតិ។

ធនាគារជាតិបានបញ្ជាក់ថា​ អត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារ នៅលើទីផ្សារគិតចាប់ពីថ្ងៃទី១៨ ដល់ ២៤ ខែឧសភា ឆ្នាំ២០១៨ បានប្រែប្រួលក្នុងចន្លោះពី៤០៦២រៀល ទៅដល់៤០៨១រៀលក្នុងមួយដុល្លារ ដោយសារមានតម្រូវការសាច់ប្រាក់រៀលសម្រាប់បង់ពន្ធ និងសម្រាប់ប្រើប្រាស់នៅលើទីផ្សារ។

ធនាគារជាតិបញ្ជាក់ទៀតថា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ប្រាក់ដុល្លារអាមេរិកឡើងថ្លៃធៀបនឹងប្រាក់អឺរ៉ូ ប្រាក់ផោនស្ទែរលីន និងប្រាក់បាតថៃ ប៉ុន្តែប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃធៀបនឹងប្រាក់ហ្រ្វង់ស្វីល ប្រាក់ដុល្លារអូស្ត្រាលី និងប្រាក់យ៉េនជប៉ុន បើធៀបនឹងសប្តាហ៍មុន ពោលគឺ១ដុល្លារស្មើនឹង០.៩៩៤១ហ្រ្វង់ស្វីល ១០៩.៧២យ៉េនជប៉ុន ៣២.១៣បាតថៃ និង១ដុល្លារអូស្ត្រាលីស្មើនឹង ០.៧៥៥ដុល្លារអាមេរិក ១អឺរ៉ូស្មើនឹង១.១៧០៧ដុល្លារអាមេរិក ១ផោនស្ទែរលីនស្មើនឹង១.៣៣៥៨ដុល្លារអាមេរិក។

ចំណែកតម្លៃមាស និងប្រេងលើទីផ្សារអន្តរជាតិ នៅថ្ងៃទី២៤ ខែឧសភា បានឡើងថ្លៃដល់ ១,២៩៥.៤២ដុល្លារអាមេរិកក្នុងមួយអោន (មាស) និង ៧១.៨៣ដុល្លារអាមេរិក ក្នុងមួយបារ៉ែលរៀងគ្នា បើធៀបនឹងសប្តាហ៍មុន ដោយសារសន្និធិប្រេង នៅសហរដ្ឋអាមរិកធ្លាក់ចុះ៕