(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំអាសនៈក្រមទាំងមន្ដ្រីសង្ឃ និងមន្ដ្រីរាជរដ្ឋាភិបាល គឺត្រូវគោរពតាមឋានៈ និងតួនាទី មិនមែនរៀបចំឡើងគោរមងារនោះទេ។

ថ្លែងក្នុងពិធីប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះកិត្តិយស ៣ព្រះអង្គ នៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងបន្ទាប់ពី សម្ដេចមើលឃើញថា ការរៀបចំអាសនៈក្រមនេះ នៅមានការខុសឆ្គងនៅឡើយ ពិសេសខាងផ្នែកពុទ្ធចក្រតែម្ដង។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ព្រះមេគុណឲ្យនិយាយឲ្យចំ គឺជាចៅហ្វាយខេត្តសង្ឃ ក៏ប៉ុន្ដែយើងយកចៅហ្វាយខេត្តសង្ឃ យកទៅដាក់ខាងក្រោមប្រធានស្រុកសង្ឃ ឬក៏មេឃុំសង្ឃទៅវិញ ដោយសារយើងយកងារសម្ដេចទៅដាក់ពីមុខ ដែលមាននៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាលតែម្ដង ដែលជាចំណុចឆ្គង [...] ដូច្នេះឥលូវនេះការរៀបចំទាំងអស់ ត្រូវរៀបចំទៅតាមឋានានុក្រម នៃឋានៈ មិនមែនរៀបចំការគោរមងារទេ»

បើតាមសម្ដេចតេជោនាយករដ្ឋមន្ដ្រី ការលើកឡើងបែបនេះ មិនមែនឲ្យគោរពទៅការផ្ដល់គោរមងារនោះទេ​ ក៏ប៉ុន្ដែប្រសិនបើតាមបណ្ដាខេត្តខ្លះ ចង់និមន្ដសម្ដេចសង្ឃទៅជាកិត្តិយស គឺអាចរៀបចំអាសនៈចំនួនពីរទន្ទឹមគ្នាតែម្ដងទៅជាមួយព្រះមេគុណខេត្ត មិនមានបញ្ហាអ្វីខុសឆ្គងឡើយ​។

យ៉ាងណាមិញ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើង អំពីអាសនៈក្រម នៅក្នុងវិស័យអាណាចក្រផងដែរ គឺត្រូវរៀបចំទៅតាមឋានានុក្រម ឬតួនាទីមិនមែនគោរមងារដូចគ្នាដែរ​ ព្រោះបើមិនដូច្នោះទេ វានឹងបង្កើតឲ្យមានបញ្ហាលំបាកជាក់ជាមិនខាន។

សម្ដេចលើកជាឧទាហរណ៍ថា បច្ចុប្បន្នសម្ដេចមានងារជា «សម្ដេចអគ្គមហាសេនាបតីតេជោ​» និងឋានៈជានាយករដ្ឋមន្ដ្រី ប៉ុន្ដែនៅពេលសម្ដេចបញ្ចប់តួនាទី ជានាយករដ្ឋមន្ដ្រី ទោះបីភ្ញៀវបរទេសមកកម្ពុជាដែលតំណាងឲ្យរដ្ឋនៃប្រទេសនោះ មានងារត្រឹមតែជាឯកឧត្តមក៏ដោយ ច្បាស់ណាស់គេនឹងអង្គុយខាងមុខ ហើយសម្ដេចអង្គុយខាងក្រោយ។

ពាក់ព័ន្ធបញ្ហាអាសនៈក្រម នៅក្នុងវិស័យពុទ្ធចក្រខាងលើនេះ សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា ត្រូវពិនិត្យអំពីបញ្ហានេះឡើងវិញ ដោយយកចិត្តទុកដាក់ ដើម្បីកុំឲ្យមានបញ្ហាខុសឆ្គងកើតឡើង ព្រោះកន្លងទៅសម្ដេចក៏បានណែនាំម្ដងរួចមកហើយ ជុំវិញការរៀបចំកម្ពស់អាសនៈក្នុងពិធីផ្សេងៗ។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅគណៈកម្មាធិការរៀបចំបុណ្យជាតិ មិនត្រូវយល់ច្រឡំទៀតនោះ នៅពេលមានពិធីបុណ្យផ្សេងៗ ត្រូវរៀបចំកន្លែងគង់របស់ព្រះសង្ឃទៅតាមតួនាទី និងឋានៈរបស់ព្រះសង្ឃ មិនមែនរៀបចំតាមព្រះគោរពងារនោះទេ ហើយតាមរយៈការរៀបចំអាសនៈ សម្រាប់ព្រះសង្ឃគង់ ក្នុងពិធីផ្សេងៗឲ្យខ្ពស់ជាងពុទ្ធបរិស័ទ ក៏ដូចជាការរៀបចំឲ្យមានទង់សាសនា នៅកន្លែងរៀបចំបាវចនាជាតិ គឺជាការរួមចំណែកលើកតម្កើង វិស័យព្រះពុទ្ធសាសនា៕