(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឫទ័យព្រះរាជទាន ព្រះគោរមងារ សម្តេចព្រះឧត្តមមុនី ជា សំអាង សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន និងសម្តេចព្រះសាក្យមុនី រ័ត្ន សារឿន នេះ គឺដោយសារតែព្រះមន្ត្រីសង្ឃទាំង៣ បានរួមចំណែកយ៉ាងច្រើនក្នុងការងារព្រះពុទ្ធសាសនា។

បន្ទាប់ពីព្រះមហាក្សត្រ​ នៃកម្ពុជា ព្រះរាជទានព្រះគោរមងារដល់ព្រះមន្ត្រីសង្ឃទាំង៣អង្គខាងលើរួចមក សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញស្រោចស្រពព្រះសុគន្ធវារីដល់ព្រះមន្ត្រីសង្ឃទាំង៣អង្គខាងលើ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ នៅវត្តបទុមវតី រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលព្រះករុណាព្រះរាជទានព្រះគោរមងារដល់ព្រះមន្ត្រីសង្ឃចំនួន ៣អង្គខាងលើនេះ ក៏ដោយសារតែព្រះមន្ត្រីសង្ឃទាំង៣ បានរួមចំណែកយ៉ាងច្រើនក្នុងការងារព្រះពុទ្ធសាសនា។

នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ចាប់តាំងពីឆ្នាំ១៩៧៩មក គណបក្សប្រជាជនកម្ពុជា បានធ្វើការងារយ៉ាងល្អក្នុងការធ្វើឲ្យរស់រានឡើងវិញនៃពុទ្ធសាសនា។ សម្តេចតេជោបានបញ្ជាក់ថា នៅមុនថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលជាថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ មានព្រះសង្ឃតែមួយអង្គប៉ុណ្ណោះនៅទូទាំងប្រទេសកម្ពុជា។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ផ្នែកអាណាចក្រក៏ទទួលបានផលប្រយោជន៍ពីពុទ្ធចក្រដែរ តាមរយៈការជួយអប់រំប្រជាពលរដ្ឋឲ្យកសាងអំពើល្អ ដែលជាការរួមចំណែកបង្ក លក្ខណៈងាយស្រួលមួយក្នុងការគ្រប់គ្រងរដ្ឋ។ សម្តេចបានបន្ថែមថា សម្រាប់កម្ពុជាទីអារាមក៏ជាជម្រករបស់មនុស្សចាស់ និងក្មេងៗទីទ័លក្រផងដែរ។

លើសពីនេះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បច្ចុប្បន្ននៅទូទាំងប្រទេសកម្ពុជាមានវត្តសរុប ៤,៩២៥វត្ត និងមានព្រះសង្ឃសរុប ៦៦,០៥៦អង្គ។

មិនតែប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន សែន ក៏បានគោរពអរគុណសម្តេច និងព្រះសង្ឃគ្រប់ព្រះអង្គ ដែលបានបង្កលក្ខណៈងាយស្រួលដល់ជនចាស់ជរា និងក្មេងៗ សិស្ស-និស្សិត ឲ្យបានទទួលការស្នាក់នៅដើម្បីសិក្សារៀនសូត្រផងដែរ៕