(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ទូទាំងខណ្ឌ សែនសុខ ឲ្យមកទទួលសេវាពិនិត្យព្យាបាលជំងឺទូទៅ នៅមណ្ឌលសុខភាព ឃ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ដែលមានគ្រូពេទ្យឯកទេសពីប្រទេសចិន ចំនួន១៣នាក់ និងគ្រូពេទ្យស្ម័គ្រចិត្ដកម្ពុជា មកពិនិត្យព្យាបាលដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២២-២៥ ខែឧសភា ឆ្នាំ២០១៨ ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែឧសភានេះថា «ថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្ដកម្ពុជា-ចិន បានចុះមកពិនិត្យព្យាបាលជំងឺប្រជាពលរដ្ឋ​ ដោយឥតគិតថ្លៃ ដោយភ្ជាប់មកជាមួយនឹងរថយន្ដគ្លីនិកចល័ត ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ដែលមានបំពាក់នូវសម្ភារៈបរិក្ខារពេទ្យ ដូចជា ម៉ាស៊ីនកាំរស្មីអ៊ិច អេកូ ឧបករណ៍វិភាគទឹកនោម វិភាគឈាម ម៉ូនីទ័រតាមដានគភ៌ទារក និងម្តាយ ជញ្ជីងថ្លឹងទម្ងន់ និងវាស់កម្ពស់ ឧបករណ៍ឆែកមុខងារសួត ឧបករណ៍វិភាគជីវគីមីដោយស្វ័យប្រវត្តិ Electrocardiograph, Binocular Handheld Slit Lamp Microscope, General type hanging diagnosis System, Digital Electronic Colposcope ឧបករណ៍ពិនិត្យសុដន់អ៊ីនហ្រ្វារ៉េដ កញ្ចប់ឧបករណ៍ផ្នែករោគស្រ្តី កញ្ចប់ឧបករណ៍ផ្នែកវះកាត់ទូទៅ ត្រចៀក ច្រមុះ បំពង់ក កៅអីព្យាបាលធ្មញ ម៉ាស៊ីនខ្យល់កំចាត់មេរោគ មីក្រូទស្សន៍ជីវសាស្រ្ត ឧបករណ៍កំចាត់មេរោគ ទូទឹកកកវេជ្ជសាស្រ្ត។ ដូចនេះប្រជាពលរដ្ឋ យើង សូមមកពិនិត្យព្យាបាលឲ្យបានគ្រប់ៗគ្នា»

រដ្ឋមន្ដ្រីបន្ដថា «រថយន្តគ្លីនិកចល័តចំនួន២០គ្រឿង ក្នុងចំណោមរថយន្តគ្លីនិកចល័ត៤០គ្រឿង ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនចិន បានប្រគល់ជូនក្រសួងសុខាភិបាល នៅថ្ងៃទី១០ ឧសភាថ្មីៗនេះ យើងបានបែងចែកទៅឱ្យមន្ទីរសុខាភិបាលរាជធានី-ខេត្តចំនួន១១រួចហើយ កាលពីម្សិលមិញនេះ ដើម្បីយកទៅប្រើប្រាស់ឲ្យទាន់ពេលវេលា និងប្រសិទ្ធិភាពខ្ពស់ជូនប្រជាពលរដ្ឋ
យើង»

ទន្ទឹមនោះលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ អគ្គនាយករដ្ឋបាល​ និងហិរញ្ញវត្ថុ​ នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា «រថយន្ដគ្លីនិកចល័ត២០គ្រឿងនេះ ដែលជាជំហានដំបូង នៃជំនួយឥតសំណងរបស់ចិន ក្រសួងបានបែងចែកទៅមន្ទីរសុខាភិបាលរាជធានី-ខេត្ដចំនួន១១ គឺនៅមន្ទីររាជធានីភ្នំពេញ ១គ្រឿង, ខេត្ដកណ្ដាល ៣គ្រឿង,កំពង់ស្ពឺ ២គ្រឿង, សៀមរាប ២គ្រឿង, ព្រះសីហនុ១គ្រឿង, ស្វាយរៀង ២គ្រឿង, កំពង់ឆ្នាំង ២គ្រឿង, តាកែវ ២គ្រឿង, បន្ទាយមានជ័យ ២គ្រឿង, បាត់ដំបង ២គ្រឿង និងខេត្ដកំពង់ចាម ២គ្រឿង សម្រាប់ខេត្ដផ្សេងទៀត នឹងទទួលនៅជំហានទី២ នៅចុងឆ្នាំ២០១៨នេះ ដែលមានចំនួន២០គ្រឿងទៀត»

លោកស្រីវេជ្ជបណ្ឌិតបន្ដថា ដើម្បីផ្ដល់សេវាសុខាភិបាលឲ្យទាន់ពេលវេលា និងប្រសិទ្ធភាពខ្ពស់ជូនប្រជាពលរដ្ឋ រថយន្ដគ្លីនិកចល័តនេះ យើងបានរៀបចំរួចជាស្រេច ទាំងអ្នកជំនាញបើកបររថយន្ដ គ្រូពេទ្យឯកទេសព្យាបាល និងឱសថ បរិក្ខារពេទ្យ ពិសេសមានគ្រូពេទ្យឯកទេសមកពីយូណាន ប្រទេសចិន ចំនួន២០រូបផងដែរ នៅតាមរថយន្ដគ្លីនិកចល័តទាំងអស់នោះ ។​ ជាក់ស្ដែងនៅថ្ងៃនេះ គ្រូពេទ្យពីយូណាន បានចុះមកព្យាបាលប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅមណ្ឌលសុខភាពឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕