(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ជនជាតិជប៉ុនម្នាក់ឈ្មោះ គូបួ ហ៊ីសាគី ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅ ផ្ទះលេខ 38E0 ផ្លូវលេខ៣២២ សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ បានសម្តែងការភ្ញាក់ផ្អើល និងថ្លែង អំណរគុណ ជាអនេក ចំពោះកងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្ទាប់ពីរូបគាត់ ត្រូវបានមន្ត្រីអាវុធហត្ថ កោះអញ្ជើញ ទៅទទួលយកម៉ូតូ ០១គ្រឿង ម៉ាក VISION ស្លាកលេខ ត្បូងឃ្មុំ 1B-3094 ដែលជាម៉ូតូរបស់គាត់ ត្រូវបានចោរកាច់សោរ ក លួចយក កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ទាំងគាត់មិនធ្លាប់បានដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញផង។

តាមការគូសបញ្ជាក់របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០១និង១០នាទីយប់រំលងអាធ្រាត កម្លាំងល្បាតរបស់អាវុធហត្ថខណ្ឌមានជ័យ បានប្រទះឃើញយុវជនមួយក្រុម ធ្វើការប្រមូលផ្តុំនៅចំណុចវត្តនន្នមុន្នី ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានសភាពគួរ ឲ្យសង្ស័យ កម្លាំងអាវុធហត្ថក៏បានចូលទៅធ្វើការត្រួតពិនិត្យនិងឆែកឆេរ រកឃើញថា យុវជនទាំងនោះ បានលាក់ទុក គ្រឿងញៀនប្រភេទក្រាមពណ៌សថ្លា ចំនួន០២កញ្ចប់តូច និងសម្ភារៈឆ្កឹះសោរ កាច់សោរ ក ម៉ូតូមួយចំនួន ទើបកម្លាំងល្បាត អាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនពួកគេចំនួន០៣នាក់ ព្រមទាំងម៉ូតូរ៉ឺម៉ក០១គ្រឿង និង ម៉ូតូម៉ាក VISION ០១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1E-8016 និងបានបន្តការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ផ្សេងទៀត ដែលជាបក្ខពួកជាមួយគ្នា នៅម៉ោង០៩និង៣០នាទីព្រឹក ព្រមទាំងដកហូតបាន ម៉ូតូ០១គ្រឿងទៀត ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1B-3094 បញ្ជូនទៅកាន់ទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

តាមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យទាំង០៥នាក់ខាងលើបានសារភាពថា ពួកគេគឺជា ក្រុមចោរ កាច់សោរ ក លួចយកម៉ូតូ ក្នុងរាជធានីភ្នំពេញ ជាក់ស្តែងម៉ូតូដែលសមត្ថកិច្ចអាវុធហត្ថដកហូតបានរួមមាន៖ ម៉ាក VISION ពួកគេបាន លួចយកមកពីម្តុំប៉ុស្ត៍ទូរទស្សន៍ អប្សរា កាលពីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ខណៈដែលពួកគេបានជិះរ៉ឺម៉កដើររើសអេតចាយ រីឯម៉ូតូម៉ាក ហុងដាសេ១២៥ ពួកគេបានកាច់សោរ ក លួចយកមកពីម្តុំវត្តអង្គតាម៉ិញ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ និងបានកាច់ស្លាកលេខបោះចោលនៅម្តុំស្ថានីយ៍ទូរទស្សន៍បាយ័ន្តស្ទឹងមានជ័យ បន្ទាប់មកពួកគេបានដោះស្លាក ត្បូងឃ្មុំ 1B-3094 ពីម៉ូតូ VISION មកបំពាក់លើម៉ូតូហុងដាសេ១២៥ និង យកស្លាកលេខ ភ្នំពេញ 1E-8016 ផ្សេងទៀតមកបំពាក់លើ ម៉ូតូម៉ាក VISION វិញ ហើយក៏ត្រូវបានអាវុធហត្ថឃាត់ខ្លួនតែម្តង។

ជនសង្ស័យដែលឃាត់ខ្លួនបានសរុបចំនួន ០៥នាក់រួមមាន៖

១៖ ឈ្មោះ លី សុខលីម ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ ដើររើសអេតចាយ ស្នាក់នៅ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២៖ ឈ្មោះ យ៉ាន វុធ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ដើររើសអេតចាយ ស្នាក់នៅ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៣៖ ឈ្មោះ ខ្វាន់ ណាហ្សា ហៅ បឿក ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ ដើររើសអេតចាយ ស្នាក់នៅ ភូមិទួលអំពិល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៤៖ ឈ្មោះ ប្រិញ នី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៥៖ ឈ្មោះ ទ្រាវ វ៉ាន់ណេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ១១ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពេលពេលឃាត់ខ្លួនជនសង្ស័យ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវរកម្ចាស់ម៉ូតូ រហូតរកឃើញ ជនជាតិជប៉ុនម្នាក់ ជាម្ចាស់ម៉ូតូ ម៉ាក VISION ដែលត្រូវបានជនសង្ស័យលួចយកមកកាលពី វេលាម៉ោង ២១និង០០នាទី យប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨។ អាវុធហត្ថរាជធានីភ្នំពេញក៏បានទំនាក់ទំនងម្ចាស់ម៉ូតូមកដាក់ពាក្យបណ្តឹង និងទទួលយកម៉ូតូត្រលប់ទៅវិញ ធ្វើឲ្យជនជាតិជប៉ុនជាម្ចាស់ម៉ូតូមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែគាត់មិនបានរំពឹងថា នឹងអាចរកម៉ូតូឃើញមកវិញឡើយ ហើយរឹតតែមិននឹកស្មានថា អាវុធហត្ថចាប់ចោរបានហើយនៅជួយដើររកម្ចាស់ម៉ូតូវិញទៀត ទាំងដែលគាត់មិនបានដាក់ពាក្យ បណ្តឹង ដល់អាវុធហត្ថរាជធានីភ្នំពេញឲ្យជួយស្រាវជ្រាវផង។

នៅសល់ម៉ូតូ ម៉ាក ហុងដាសេ១២៥ មួយគ្រឿងទៀត ដែលពួកចោរបានកាច់សោរ ក លួចយកមកពីម្តុំវត្តអង្គតាម៉ិញ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចអាវុធហត្ថ កំពុងស្រាវជ្រាវរកម្ចាស់ដើមជាបន្ត ដូច្នេះបើបងប្អូនណា ដែលបានបាត់ម៉ូតូមានភិនភាគដូចខាងលើ សូមមកទំនាក់ទំនង ទទួលយកម៉ូតូត្រឡប់ទៅវិញ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ឯជនសង្ស័យទាំង០៥នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ដើម្បីផ្តន្ទាទោសតាមច្បាប់៕