(ភ្នំពេញ)៖ មន្ត្រីនគរបាលពាក់ស័ក្តិ២ ដែលបានប្រើហិង្សា ទះកំផ្លៀងស្ត្រីម្នាក់ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព និងជិះម៉ូតូបញ្ច្រាសទិស ហើយត្រូវបានគេថតវីដេអូបង្ហោះលើ Facebook រងការរិះគន់យ៉ាងខ្លាំងនោះ ពេលនេះត្រូវបាននាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សម្រេចផ្អាកការងារបណ្តោះអាសន្ន ដើម្បីឲ្យមន្ត្រីនគរបាលរូបនោះកែប្រែកំហុសឆ្គង។

បើតាមលិខិតបង្គាប់ការចេញដោយនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា «ត្រូវបានផ្អាកការងារបបណ្តោះអាសន្ន ចំពោះអនុសេនីយ៍ទោ កៅ សំអុល អត្តលេខ២៧៧០២ ឋានៈមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ២ ចំណុះអធិការដ្ឋានខណ្ឌចំការមន ដោយមូលហេតុបញ្ចេញអាកប្បកិរិយា ពាក្យសម្តីគ្មានសីលធម៌ អមនុស្សធម៌ ខ្វះសុជីវធម៌ ដែលជាហេតុធ្វើឲ្យបាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់នគរបាលជាតិ»

សូមជម្រាបថា ករណីហិង្សាដែលបានបង្កឡើងដោយ មន្ត្រីនគរបាលស័ក្តិ២ បានកើតឡើងនៅម៉ោងប្រហែល១១ព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ២៩៨ កែងផ្សារអូរឡាំពិក ក្នុងសង្កាត់ ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ៕