(សៀមរាប)៖ លោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះពិនិត្យផលប៉ះពាល់ និងសាកសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ចំនួន៩៤​គ្រួសារ ក្នុងនោះមានរលំ​៣៧​គ្រួសារ និងប៉ះពាល់ធ្ងន់​៥៧​គ្រួសារ មកពីសង្កាត់ទឹកវិល ក្រុងសៀមរាប ឃុំសសរស្ដម្ភ និងឃុំខ្នាត ស្រុកពួក នៅថ្ងៃទី២០ ខែឧសភាម្សិលមិញ។

ក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង ក៏បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ គិតគូ​រចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ប្រធានកាកបាទក្រហមរូបនេះ បានបន្ថែមថា អំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ អាចជួយសម្រាលទុក្ខលំបាក របស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា​-មិនទុកនរណាម្នាក់ចោល​»​។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន៖ គ្រួសាររលំ៖ ​មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ស័ង្កសី ១០សន្លឹក មី១កេស អង្ករ២៥គីឡូក្រាម និង​ថវិកា១សែនរៀល។ គ្រួសារប៉ះពាល់ធ្ងន់៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ តង់១ មី១កេស អង្ករ២៥គីឡូក្រាម និងថវិកា​៥ម៉ឺនរៀល៕