(សេអ៊ូល)៖ កូរ៉េខាងជើង​នៅថ្ងៃចន្ទនេះ បានបដិសេធ​ទទួលយកបញ្ជី​ឈ្មោះ​ អ្នកសារព័ត៌មាន​កូរ៉េខាងត្បូង ដែលនឹងត្រូវ​ចូលរួម​ធ្វើជា សាក្សីក្នុង​ប្រពឹត្តិការណ៍​បិទ ទីតាំងធ្វើតេស្ដអាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន។ នេះបើតាម​ក្រសួងបង្រួបបង្រួម​ជាតិ​កូរ៉េខាងត្បូង ដកស្រង់ ដោយទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មាន អ្នកនាំពាក្យ​ក្រសួងបង្រួបបង្រួម​ជាតិកូរ៉េខាងត្បូង ​លោក បេក តែយុន (Baik Tae-hyun) បានគូស​បញ្ជាក់ដូច្នេះថា «ភាគីកូរ៉េខាងត្បូង បានព្យាយាម​បញ្ជូនបញ្ជីឈ្មោះ​ក្រុមអ្នក​សារព័ត៌មាន ដែលនឹងត្រូវ​ចូលរួមធ្វើជាសាក្សី​ក្នុងក្នុងព្រឹត្តិការណ៍បិទ ទីតាំងធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ ភុងគ្យេរី (Punggye-ri) របស់កូរ៉េខាងជើង តាមរយៈខ្សែ​ទូរស័ព្ទបន្ទាន់​នៅឯតំបន់ព្រំដែន Panmunjom។ ក៏ប៉ុន្តែ​ខាងភាគីទីក្រុងព្យុងយ៉ាង ​នៅតែបន្តបដិសេធ​បញ្ជី​ឈ្មោះនេះ»។

គួរបញ្ជាក់ថា បើតាមការ​គ្រោងទុក​កូរ៉េខាងជើង ​នឹងរៀបចំពិធីបិទ​ទីតាំងធ្វើតេស្ដអាវុធ​នុយក្លេអ៊ែរ Punggye-ri ពីថ្ងៃពុធរហូត​ដល់ ថ្ងៃសុក្រ​សប្ដាហ៍នេះ។ កូរ៉េខាងជើង បានអញ្ជើញ​អ្នកសារព័ត៌មាន​មកពីចិន រុស្ស៊ី សហរដ្ឋអាមេរិក អង់គ្លេស និង​កូរ៉េខាងត្បូង ឱ្យមក​ចូលពិធីបិទ​ទីតាំងធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរនេះ ជាទីដែល​ទីក្រុងព្យុងយ៉ាង ​ធ្លាប់បានបំផ្ទុះក្បាល​គ្រាប់នុយក្លេអ៊ែរ​ចំនួន ០៦ លើក។ យ៉ាងណា​ក៏ដោយ ក្រុងព្យុងយ៉ាង​មិនបានបញ្ជាក់​មូលហេតុនៅ​ឡើយទេ ប៉ុន្តែការបដិសេធ​នេះកើតឡើង​ បន្ទាប់ពី​កូរ៉េខាងជើងលុប​ចោលជំនួប​ជាមួយ​កូរ៉េខាងត្បូង ដោយសារតែ​សមយុទ្ធយោធា​រវាងទីក្រុង​សេអ៊ូល និងទីក្រុង​វ៉ាស៊ីនតោន៕