(សៀមរាប)៖ ភូមិធម្មជាតិរុនតាឯក ដែលមានទីតាំងនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នឹងទទួលបានការឧបត្ថម្ភអាគារសិក្សាមួយខ្នង ស្មើ៥បន្ទប់ពីអង្គការ ARK BeaBeautiful Earth for Children។

ជាក់ស្តែង នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ ពិធីបញ្ចុះបឋមសិលា ដើម្បីសាងសង់សាលានេះ ត្រូវបានប្រព្រឹត្តទៅក្រោមវត្តមានលោក ហង់ ពៅ អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងលោកស្រី សាន ណារី តំណាងអង្គការ ARK Beautiful Earth for Children របស់ប្រទេសជប៉ុន។

លោក ភាន់ ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាលបុគ្គលិក និងសម្ភារទទួលបន្ទុក ជាអនុប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកបានឲ្យដឹងថា អគារសិក្សាមួយខ្នងនេះ ជាសមិទ្ធផលថ្មីមួយ របស់គម្រោងភូមិធម្មជាតិរុនតាឯក ដែលបានទទួលការឧបត្ថម្ភពីអង្គការ ARK Beautiful Earth for Children របស់ប្រទេសជប៉ុន។ គម្រោងនេះ នឹងចាប់ផ្តើមសាងសង់ពីថ្ងៃទី២២ ខែឧសភា រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ដែលមាន៥បន្ទប់ ចែកជាទីចាត់ការ១បន្ទប់ ថ្នាក់រៀន៤បន្ទប់ ហើយនឹងបំពាក់ដោយគ្រឿងបរិក្ខាសិក្សា និងការិយាល័យគ្រប់បន្ទប់ផងដែរ។

លោកបានបញ្ជាក់ថា «បច្ចុប្បន្នសាលារៀននៅភូមិធម្មជាតិរុនតាឯក មានត្រឹមដល់ថ្នាក់ទី៥ប៉ុណ្ណោះ តែនៅពេលមានអគារសិក្សាថ្មីនោះ សិស្សនឹងអាចសិក្សាពីថ្នាក់ទី៦ដល់ទី៨ នៅទីនេះបាន ដោយមិនបាច់ធ្វើដំណើរឆ្ងាយទៅក្រៅភូមិ ដើម្បីសម្រួលដល់ការធ្វើដំណើរ សុវត្ថិភាព និងការសិក្សារបស់កុមារនៅតំបន់នេះ»។

ក្នុងនាមតំណាងម្ចាស់ជំនួយ លោកស្រី សាន ណារី បានថ្លែងថា អង្គការ ARK Beautiful Earth for Children មានមូលនិធិសម្រាប់ជួយសាងសង់សាលារៀនទូទាំងពិភពលោក។ ចំណែកនៅប្រទេសកម្ពុជា អង្គការនេះបានជួយសាងសង់សាលា បានប្រមាណជាង២០ខ្នងរួចមកហើយ នៅតាមតំបន់ឆ្ងាយៗនៃការអភិវឌ្ឍ រួមមាន៖ នៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ និងចុងក្រោយនៅខេត្តសៀមរាប ដែលស្ថិតនៅក្នុងភូមិធម្មជាតិរុនតាឯកតែម្ដង។

លោកស្រីបានបន្តថា មានតែការអប់រំទេ ដែលធ្វើឲ្យមនុស្សមានការចេះដឹង ប្រទេសជាតិរីកចម្រើន ទើបអង្គការ ARK Beautiful Earth for Children ចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ដោយប្រមូលថវិកាពីសម្បុរជនជប៉ុន ដើម្បីជួយសាងសង់សាលារៀនឲ្យបានច្រើនតាមលទ្ធភាព ព្រោះប្រទេសយើងនៅខ្វះសាលាច្រើន។ ដោយឡែក គម្រោងសាងសង់អាគារសិក្សានៅភូមិធម្មជាតិរុនតាឯក គឺជាគម្រោងចុងក្រោយសំរាប់អង្គការ ARK Beautiful Earth for Children តែមិនមានន័យថាអង្គការនឹងបញ្ឈប់ការជួយនៅកម្ពុជាទេ គឺយើងកំពុងពិចារណាថា តើនឹងមានគម្រោងអ្វីបន្ថែមសម្រាប់ជួយអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក និងតំបន់ដទៃទៀតឲ្យកាន់តែប្រសើរឡើង៕