(ប៉ៃលិន)៖ ជីដូនចាស់ និងចៅប្រុសម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអណោអាធ័ម ខណៈដើរមកពីចំការវិញ ឆ្លងកាត់ទឹកស្ទឹងចំពេលមេឃ កំពុងភ្លៀងខ្លាំង ត្រូវបានខ្សែទឹកស្ទឹងហូរកួចយកទៅបណ្តាលឱ្យស្លាប់តែម្តង។

អ្នកនៅកន្លែងកើតហេតុ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តប៉ៃលិន នៅថ្ងៃទី២១ ខែឧសភា​ ឆ្នាំ២០១៨នេះ ឱ្យដឹងថា ករណីនេះបានកើតឡើងនៅវេលាម៉ោង២៖០០នាទីរសៀល នាថ្ងៃទី២០ ខែឧសភា ម្សិលមិញ នៅចំណុចក្នុងទឹកស្ទឹង ចំងាយពីប៉ុស្តិ៍នគរបាល ការពារព្រំដែនគោក (ប៉ុស្តិ៍៦៨) ចំនួន៤០០ម៉ែត្រ នៃទិសខាងជើង ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ចំណែក ជនរងគ្រោះមានឈ្មោះ ហួត យ៉ាន ភេទស្រី អាយុជាង៧០ឆ្នាំ រួមជាមួយ និងចៅប្រុសឈ្មោះ តឿន រឹទ្ធ អាយុ៨ឆ្នាំ (បានបាត់ខ្លួន ទើបតែរកឃើញនៅថ្ងៃទី២១ ខែឧសភានេះ ត្រូវបានអ្នកឃ្វាលគោប្រទះឃើញសាកសពដេកស្លាប់ ទើរលើមាត់ច្រាំងខាងជើង រតនៈគីរីសិលារាម «ហៅវត្ដបរហ៊ុយខ្មែរ» ប្រហែល១៥០ម៉ែត្រ។

បើតាមការបញ្ជាក់របស់សាច់ញាតិ បានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ៨៖០០នាទីព្រឹក នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញ ជនរងគ្រោះទាំងពីរនាក់ ជីដូន និងចៅ បានទៅចំការដូចសព្វដងប៉ុន្តែថ្ងៃកើតហេតុនេះជនរងគ្រោះ ជាជីដូនបានស្ពាយធុងបាញ់ថ្នាំស្មៅនៅជាប់នឹងខ្លួន ចំណែកចៅប្រុសវិញបានជិះកយាយ រួចធ្វើដំណើរឆ្លងកាត់ទឹកស្ទឹងដែលកុំពុងហូរតិចៗ ដើម្បីឆ្ពោះទៅកាន់ត្រើយម្ខាងទៀតដែលនៅជាប់នឹងចំការ របស់គាត់ លុះរហូតដល់វេលាម៉ោងកើតហេតុខាងលើជនរងគ្រោះទាំងពីរបានមកដល់កន្លែងកើតហេតុ ដើម្បីត្រលប់ទៅផ្ទះវិញ ដោយបានដើរឆ្លងកាត់ទឹកស្ទឹង ដោយយាយមានស្ពាយធុងសម្រាប់បាញ់ថ្នាំស្មៅ ចំណែកចៅប្រុសបានជិះកយាយដដែល លុះឆ្លងដល់ពាក់កណ្តាល ស្ទឹង គាប់ជួនពេលនោះជំនន់ទឹកភ្លៀងបានហូរធ្លាក់មកពីខាងលើយ៉ាងគំហុកបានបោកបក់ជនរងគ្រោះទាំងពីរឱ្យរអិលជើងដួលទប់លែងជាប់ និងបានរសាត់តាម ទឹកហូររហូត បណ្ដាលឱ្យយាយលង់ទឹកស្លាប់ៗភ្លាមៗ។ ចំណែកចៅប្រុសវិញបានរសាត់តាមទឹកហូរ ដោយពុំទាន់រកឃើញភ្លាមៗនោះទេ រហូតមកដល់វេលាថ្ងៃត្រង់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ ទើបអ្នកឃ្វាលគោប្រទះឃើញ។

បច្ចុប្បន្នសពជនរងគ្រោះទាំងពីរនាក់ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន។

សូមបញ្ជាក់ថា៖ ខេត្តប៉ៃលិនជាតំបន់ភ្នំ ជំនន់ទឹកភ្លៀងអាចកើតមានឡើងយ៉ាងលឿន មិនអាចឱ្យយើងត្រៀមខ្លួនបាននោះទេ បើមានភ្លៀងធ្លាក់ខ្លាំង នៅផ្នែកខាងលើដូច្នេះនៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ អាជ្ញាធរខេត្ត តែងតែអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅតាមដងស្ទឹង ឱ្យមានការប្រុងប្រយ័ត្ន៕