(បន្ទាយមានជ័យ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ​២០១៨នេះ បានរៀបចំពិធីអបអរសាទរ ខួបទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ៨​ឧសភា ​ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់គ្នា» ដោយនៅក្នុងនោះ ប្រមូលថវិកាពីសប្បុរសជននានា បាន១៤៦.៧១៧ដុល្លារ​​។

ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ លោក សួន បវរ អភិបាលខេត្ត ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា លោក លី សារី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត សប្បុរសជន មន្ត្រីរាជការ អ្នកស្ម័គ្រចិត្តកាកបាទក្រហម និងកាយរិទ្ធជាង១.០០០នាក់ បានចូលរួមផងដែរ។

ថ្លែងក្នុងឱកាសនោះលោក សួន បវរ បានថ្លែងថា ការបង្កើតកាកបាតក្រហមកម្ពុជានេះ ឡើងវាមានសារសំខាន់ណាស់ ក្នុងវិស័យមនុស្សធម៌ ដែលដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានសាខាកាកបាតក្រហមកម្ពុជា សម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់ដល់គ្រប់គ្រួសារ រងគ្រោះដោយគ្រោះមហន្តរាយផ្យេងៗ ដូចជា ជួយដល់ប្រជាពលរដ្ឋមានការខ្វះខាត ក្នុងគ្រាមានអាសន្ន ផលវិបាក នៃគ្រោះមហត្តរាយ អ្នកផ្ទុកមររោគអេដស៍ ជនពិការ កុមារកំព្រា ចាស់ជរាឥតទីពឹងជាដើម មិនប្រកាន់និន្នាការនយោបាយថាបក្សនេះ បក្សនោះឡើយ។

ជាមួយគ្នានេះលោក លី សារី បានថ្លែងថា គ្រឹះសំខាន់ខ្លាំងរបស់កាកបាទក្រហមមាន៧យ៉ាង៖ ភាពមនុស្សធម៌, ភាពមិនលំលៀង, អព្យាករឹតភាព, ឯករាជ្យ, សេវាកម្មស្ម័គ្រចិត្ត, ឯកភាព, សកលភាព សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ សព្វថ្ងៃនេះ កំពុងពង្រឹងកម្លាំងមនុស្សធម៌ វប្បធម៌ចែករំលែកដើម្បីឱ្យសាខា និងអនុសាខាទាំងអស់មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្តល់សេវាកម្មមនុស្សធម៌ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយសង្គ្រោះបន្ថែមទៀត។

លោក ប្រធានកាកកាទក្រហមកម្ពុជា បានបញ្ជាក់ទៀតថា ឆ្នាំនេះខេត្តបន្ទាយមានជ័យ សប្បុរសជនក្នុងស្រុកចូលរួមថវិកាបានថវិកាចំនួន ១៤៦.៧១៧ដុល្លា ក្នុងនាមលោកជាប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមខេត្ត សូមថ្លែងអំណរគុណចំពោះលោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា មន្ត្រីរាជការ គ្រប់លំដាប់ជាន់ថ្នាក់បងប្អូនរួមជាតិ ដែលបានចូលរួមជាកម្លាំង មនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីរួមសម្រាលទុក្ខលំបាករបស់អ្នករងគ្រោះ និងអ្នកងាយរងគ្រោះ ពិសេសអ្នករងគ្រោះដោយគ្រោះថ្នាក់មហន្តររាយវិបត្តិភ័យផ្សេងៗ ដោយពុំមានការើសអើងបែងចែក ពូជសាសន៍ ជំនឿសាសនា និន្នាការនយោបាយដោយមិនទុកនរណាម្នាក់ចោលឡើយ៕