(កំពង់ឆ្នាំង)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវស្នើឲ្យរាជរដ្ឋាបាលជប៉ុន តាមរយៈឯកអគ្គរាជទូតជប៉ុន សូមបន្តជួយសាងសង់ផ្លូវនៅកម្ពុជា បន្ថែមទៀត ពោលមិនមែនត្រឹមតែផែនការពង្រីកផ្លូវជាតិលេខ៥នោះទេ គឺនៅមានគម្រោងសាងសង់ និងពង្រីកផ្លូវអាទិភាពជាច្រើនទៀត ដែលកម្ពុជាត្រូវការជំនួយពីប្រទេសជប៉ុន។

សម្ដេចតេជោ ហ៊ុន សែន លើកសំណើចំពោះរាជរដ្ឋាភិបាលជប៉ុនបែបនេះ ត្រូវបានធ្វើឡើងនៅចំពោះមុខឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក ហ៊ីដេហ៊ីសា ហូរីណូអ៊ូជិ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ប្រវែង ១៣៥.២៤គីឡូម៉ែត្រ ចាប់ពីព្រែកក្តាម ខេត្តកណ្តាល ដល់ធ្លាម្អម ខេត្តពោធិ៍សាត់ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨។

សម្តេចតេជោ បានប្រាប់ឯកអគ្គរដ្ឋទូតជប៉ុនថា ផែនការសាងសង់ផ្លូវនៅកម្ពុជាមិនទាន់បញ្ចប់ត្រឹមផ្លូវជាតិលេខ៥នោះទេ ដូច្នេះសង្ឃឹមថា ជប៉ុននឹងបន្តជួយសាងសង់ ផ្លូវនៅកម្ពុជាបន្តទៀត។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ថ្លែងយ៉ាងដូច្នេះថា «ហេដ្ឋារចនាសម្ព័ន្ធ នៅតែជាគោលដៅ អញ្ចឹងទេខ្ញុំសូមអំពាវនាវដល់ឯកអគ្គរាជទូតជប៉ុន មិនមែនកសាងផ្លូវជាតិលេខ៥មួយជាប់ទេ សូមឯកឧត្តមបន្ត ហើយយើងខ្ញុំបានផ្លូវដទៃទៀតដែលជាអាទិភាព នៅក្នុងគម្រោងយើងខ្ញុំបានដាក់ ហើយផ្លូវរបស់យើងមានផ្លូវខ្លះត្រូវពង្រីកបន្ថែមទៀត ដូចជាផ្លូវជាតិលេខ៥នេះ គឺជាផ្លូវពីមុនគឺទទឹងតែ២០ម៉ែត្រ ឥលូវនេះយើងបាមពង្រីកខ្លះហើយ ក៏ប៉ុន្តែផ្លូវនេះយើងពង្រីកទៅដល់ ២៣ម៉ែត្រនៅក្រៅក្រុង និង ២៨ម៉ែត្រ នៅក្នុងក្រុង»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អត្រាការប្រាក់លើកម្ចីពីប្រទេសជប៉ុន គឺ ០.០១ភាគរយ ហើយរយៈពេលនៃការសង គឺ៤០ឆ្នាំ។

សម្តេចនាយករដ្ឋមន្ត្រី ថ្លែងថា នាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ គឺជាអ្នកយកចិត្តទុកដាក់ខ្ពស់ចំពោះការសាងសង់ផ្លូវជាតិលេខ៥ ហើយបើមិនមាននាយករដ្ឋមន្ត្រីរូបនេះទេ ប្រហែលគ្មានការផ្តល់កម្ចីសម្រាប់សាងសង់ផ្លូវនេះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់កម្ចី និងជំនួយសម្រាប់សាងសង់ផ្លូវនៅកម្ពុជា ជាពិសេសការសាងសង់ ផ្លូវជាតិលេខ៥៕