(ព្រះសីហនុ)៖ ដើម្បីលុបបំបាត់ករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន កម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការ ចុះបង្ក្រាបករណីគ្រឿងញៀន ដោយបានឃាត់ខ្លួនបាន ជនសង្ស័យចំនួន៣នាក់ រួមជាមួយថ្នាំញៀន និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន នៅក្នុងករណី៣ផ្សេងគ្នា នៅក្នុងក្រុង-ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់មកអង្គភាព Fresh News នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ ថា ប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ បានធ្វើឡើងនាថ្ងៃទី២០​ ខែឧសភា ឆ្នាំ២០១៨ ក្នុងនោះចុះបង្ក្រាបបានករណី៣ផ្សេងគ្នា រួមមាន​៖

ករណីទី១៖ នៅថ្ងៃទី២០​ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៣​៖៣០​នាទី កម្លាំងអធិការដ្ឋាន នគរបាលក្រុង បានចុះបង្រ្កាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ១នាក់ ស្ថិតនៅក្រុម ៧​ ភូមិ១​ សង្កាត់១​ ក្រុង-ខេត្តព្រះសីហនុ។

ជនសង្ស័យឈ្មោះ ឌឿន​ តុលា​ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់សំបុត្រទូក ទីលំនៅបច្ចុប្បន្ន​ ក្រុម​៨​ ភូមិ​៣​ សង្កាត់លេខ​៤។ ដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា២​ កញ្ចប់, ទូរស័ព្ទ១​គ្រឿង។

ករណីទី២៖ នៅថ្ងៃទី២០​ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១០​៖៣០​ នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុង បានចុះបង្រ្កាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ១នាក់ ស្ថិតនៅក្រុម៧​ ភូមិ១​ សង្កាត់១​ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យឈ្មោះ ង៉ែត​ សំបូ​រ​ ភេទប្រុស អាយុ៤៣​ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន​ ក្រុម​៧​ ភូមិ​១​ សង្កាត់លេខ១។ ដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា២​ កញ្ចប់, ទូរស័ព្ទ១​គ្រឿង។

និងករណីទី៣៖ នៅថ្ងៃទី២០​ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០២​៖០០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣​ បានចុះបង្រ្កាបករណី គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ១​នាក់ ស្ថិតនៅក្រុម៨​ ភូមិ៣ សង្កាត់៣​ ក្រុង-ខេត្តព្រះសីហនុ។

ជនសង្ស័យឈ្មោះ ចាន់​ តារ៉ា ភេទប្រុស អាយុ២៤​ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន​ ក្រុម​១​ ភូមិ​១​ សង្កាត់លេខ១។ ដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ស ថ្លា១១​កញ្ចប់, ទូរស័ព្ទ១គ្រឿង៕