(តាកែវ)៖ សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាន នៅកម្ពុជា និងអង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត បាននាំយកអំណោយជាគ្រឿងសម្ភារៈ បរិក្ខារអប់រំ និងកីទ្បាឧបត្ថម្ភ ជូនដល់មជ្ឈមណ្ឌលភាសាចិន នៃសហភាពសហ័ន្ធយុវជនកម្ពុជា ដើម្បីជួយកែលំអលក្ខខណ្ឌបណ្តុះបណ្តាលភាសាចិន នៃសហភាពសហ័ន្ធយុវជនកម្ពុជា ខេត្តកាកែវ។

លោក LI MIN ប្រធានកិត្តិយសសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា បានលើកទ្បើងថា ការឧបត្ថម្ភនេះ គឺដើម្បីជួយគាំទ្រដល់ការអប់រំភាសាចិន របស់សហភាពសហ័ន្ធយុវជនកម្ពុជា ខេត្តកាកែវ ដោយសង្ឃឹមថាគ្រឿងសម្ភារៈ បរិក្ខារទាំងនេះ អាចប្រើប្រាស់បានជាប្រយោជន៍ និងសង្ឃឹមថាផ្នែកអប់រំភាសាចិន នៃសហ័ន្ធយុវជនកម្ពុជា ខេត្តកាកែវនឹងមានការរីកចម្រើន ជាពីមួយថ្ងៃទៅមួយថ្ងៃ។

គ្រឿងសម្ភារៈ និងបរិក្ខារដែលឧបត្ថម្ភនោះមានដូចជា៖ កុំព្យូទ័រ ម៉ាស៊ីនព្រីនធីន បាល់បោះ តុកីទ្បាវាយកូនបាល់លើតុ។-ល-។ សរុបជាទឹកប្រាក់ ៩,៨១៩ដុល្លារ ជាអំណោយរួម ពីសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងអង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត។ បន្ទាប់ពីបញ្ចប់ពិធីក្រុមការងារ បានធ្វើដំណើរ ទៅចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អណ្តូងទឹក ដែលទើបនឹងកសាងរួចនៅចំណុចគីទ្បូម៉ែត្រលេខ៧៩ ផ្លូវជាតិលេខ២ ដែលជាអំណោយរបស់សមាគមជូនដល់ប្រជាជននៅតំបន់នោះ។

ក្នុងពិធីក៏មានការចូលរួមពីលោកស្រី គា សុភូ អភិបាលរងខេត្តកាកែវ អ្នកស្រី វុធ សុភ័ក្រណា នាយិកាវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាភាគីកម្ពុជា និងលោក Xia Xiulong នាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាភាគីចិន លោក ហេង សុគន្ធ លេខាធិការនៃលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ និងលោកគ្រូ អ្នកគ្រូមជ្ឈមណ្ឌលភាសាចិនផងដែរ។

គួររំលឹកផងដែរថា ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប តាមរយៈអង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេតតែងរៀបចំសកម្មភាពសប្បុរសធម៌ជាច្រើនលើកនៅកម្ពុជា។ ថ្មីៗនេះ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបានបរិច្ចាគប្រាក់៥០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងពិធីប្រារព្ធខួបលើកទី១៥៥ នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ដើម្បីចូលរួមចំណែកក្នុងវិស័យមនុស្សធម៌នៅកម្ពុជា៕