(ភ្នំពេញ)៖ ចាស់ស្ទាវមួយក្រុមដែលបានព្រួតគ្នាវាយជនជាតិបរទេសម្នាក់ នៅមុខផ្សារសូរិយាម៉ល ខណ្ឌដូនពេញ ដែលគេសង្ស័យថាមានជម្លោះរឿងស្នេហា ហើយត្រូវបានគេចែកចាយ វីដេអូពេញបណ្ដាញសង្គម Facebook លាយឡំជាមួយការរិះគន់យ៉ាងចាស់ដៃផងដែរ។

តាមរយៈវីដេអូដែលកំពុងចែកចាយនេះបានបង្ហាញថា ដើមឡើយមានបុរសជនជាតិខ្មែរម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹង ហើយសង្ស័យមានទំនាក់ទំនងស្នេហា ជាមួយនារីខ្មែរ ដែលនារីខ្មែរនោះក៏មានទំនាក់ទំនងជាមួយជនបរទេស រហូតដល់ប្រើប្រាស់ហិង្សាដាក់គ្នាទៅវិញទៅមក។ ពេលនោះស្រាប់តែមានអ្នកផ្សេងទៀត ដែលជាជនជាតិខ្មែរ ព្រួតវាយបន្ដទៅលើជនបរទេសតែម្ដង។

បន្ទាប់ពីមានការចែកចាយពេញបណ្ដាញសង្គម ​Facebook ទង្វើប្រើប្រាស់អំពើហិង្សារបស់ប្រជាពលរដ្ឋខ្មែរ ទៅលើជនបរទេសនោះ ក៏កំពុងតែទទួលរងនូវការរិះគន់ផងដែរ ពីអ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះ។

ជុំវិញបញ្ហានេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះថា ករណីនេះលោកបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ធ្វើការស្រាវជ្រាវបន្ថែម ដើម្បីរកមូលហេតុពិតប្រាកដ។

យ៉ាងណាមិញ លោក គល់ យី អធិការរងនគរបាលខណ្ឌដូនពេញ បានបញ្ជាក់ថា ហេតុការណ៍នេះពិតជាការកើតឡើងនៅមុខផ្សារសូរិយាម៉ល ខណ្ឌដូនពេញប្រាកដមែន ហើយបានកើតឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញ ហើយនៅពេលនេះលោកបានបញ្ជាឲ្យនគរបាលប៉ុស្ដិ៍ ធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដើម្បីមានវិធានការបន្ដទៀត៕