(ភ្នំពេញ)៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានចេញនូវ​អនុក្រឹត្យសម្រេច​ដាក់ឲ្យ​ចរាចរក្រដាសប្រាក់ ២ម៉ឺនរៀលគំរូថ្មី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ ឃើញថា មានការផ្ទុះការរិះគន់ពីសារធារណជនមួយចំនួនទៅលើក្រដាស់ប្រាក់រៀលថ្មីនេះ ដោយមតិខ្លះយល់ថា ពណ៌ក្រដាសប្រាក់នេះអាចច្រឡំ ទៅនឹងក្រដាសប្រាក់ដទៃទៀត, ការចេញក្រដាសប្រាក់ថ្មីៗញឹកពេក, ឆាប់ទក់ និងឆាប់រហែកជាដើម។

ដើម្បីបំភ្លឺពីការរិះគន់ទាំងនេះ ធនាគារជាតិនៃកម្ពុជា បានអះអាងទៅលើ Facebook ជាផ្លូវការរបស់ខ្លួននៅថ្ងៃដដែលនេះថា «នៅកម្ពុជា ធនាគារជាតិនៃកម្ពុជា បោះក្រដាស២ម៉ឺនរៀលនេះ បានតែពីរដងប៉ុណ្ណោះ បើរាប់ចាប់តាំងពីឆ្នាំ១៩៩៥ ដែលមានពណ៌ក្រហម និងឆ្នាំ២០០៨ មានពណ៌ខៀវ»។

បន្ថែមលើសពីនេះធនាគារជាតិនៃកម្ពុជា​ ក៏បានបង្ហាញនូវការចរាចរប្រភេទក្រដាស់ប្រាក់ថ្មីៗរបស់ប្រទេសផ្សេងៗ ដែលរួមមាន៖ ប្រទេសសឹង្ហបូរី ថៃ រុស្សី ម៉ិកស៊ិក ម៉ាឡេស៊ី ជាដើម។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញនូវ​អនុក្រឹត្យសម្រេច​ដាក់ឲ្យ​ចរាចរក្រដាសប្រាក់ ២ម៉ឺនរៀលគំរូថ្មី។ ការចេញ​ក្រដាសប្រាក់ ២ម៉ឺនរៀល គំរូថ្មីនេះ គឺដើម្បីអបអរសារទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា គម្រប់៦៥ យាងចូល ៦៦ព្រះវស្សា៕