(ភ្នំពេញ)៖ មជ្ឈមណ្ឌលខ្សែក្រវាត់ និងផ្លូវនៃតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីអនុវត្តគម្រោងលុបបំបាត់ជំងឺភ្នែកឡើងបាយ ជូនប្រជាពលរដ្ឋនៅខេត្តកំពង់ចាម និងឈានទៅលុបបំបាត់ទូទាំងប្រទេសកម្ពុជា ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន។ នេះបើតាមលោកស្រី យក់ សម្បត្តិ អគ្គនាយករដ្ឋបាល​ និងហិរញ្ញវត្ថុ​ នៃក្រសួងសុខាភិបាល។

បន្ទាប់ពីបញ្ចប់ការទទួលបដិសណ្ឋារកិច្ច​ចំពោះលោក​ លឿង​ ជុនយីង​ ប្រធានមជ្ឈមណ្ឌលខ្សែក្រវាត់ និងផ្លូវនៃតំបន់រដ្ឋបាលពិសេស​ហុងកុង​ និងគណៈប្រតិភូចិន​ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៦​ ខែឧសភា​ ឆ្នាំ២០១៨ រួចមក លោកស្រី​ យក់​ សម្បត្តិ​ បានឲ្យដឹងថា តំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង បានប្ដេជ្ញាជួយលុបបំបាត់ជំងឺភ្នែកឡើងជូនប្រជាពលរដ្ឋនៅខេត្តកំពង់ចាមឲ្យអស់ និងឈានទៅលុបបំបាត់ទូទាំងប្រទេសកម្ពុជាផងដែរ។

លោកស្រីវេជ្ជបណ្ឌិតបានបន្តថា ជាមួយនឹងគម្រោងលុបបំបាត់ជំងឺភ្នែកឡើងបាយនៅខេត្តកំពង់ចាមនេះ ម្ចាស់ជំនួយមួយទៀតមកពីតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុងដដែល ក៏បានផ្ដល់ជំនួយរថយន្តចល័តចំនួន ២គ្រឿង សម្រាប់ប្រើប្រាស់ក្នុងការវះកាត់ព្យាបាលជំងឺភ្នែកនៅខេត្តកំពង់ចាមរហូតទាល់តែអស់ (រថយន្តទាំង២គ្រឿងនេះ បានបញ្ជូនទៅដល់ខេត្តកំពង់ចាមហើយ)។

លោកស្រី យក់ សម្បត្តិ បានបន្តទៀតថា «គម្រោងនេះនឹងត្រូវអនុវត្តក្នុងរយៈពេលពី ១៨-២៤ខែ ដោយភាគីហុងកុងផ្តល់ជំនួយឥតសំណង រួមមាន គ្លីនិកវះកាត់ភ្នែកចល័តចំនួន ២គ្រឿង រថយន្តសម្រាប់ដឹកអ្នកជំងឺមួយគ្រឿង ព្រមទាំងបំពាក់សម្ភារបរិក្ខារពេទ្យសម្រាប់បម្រើឱ្យការពិនិត្យ ព្យាបាល និងវះកាត់ភ្នែកឡើងបាយដល់អ្នកជំងឺនៅក្នុងខេត្តកំពង់ចាម»។

គណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា​ ពីថ្ងៃទី១៦-១៨​ ខែឧសភា​ ឆ្នាំ២០១៨​ ដើម្បីចូលរួមពិធីប្រកាសជាផ្លូវការគម្រោង​លុបបំបាត់ភាពងងឹតភ្នែកដោយជំងឺភ្នែកឡើងបាយ នៅខេត្តកំពង់ចាម​ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិនជូនរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងត្រូវធ្វើឡើងនាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ស្អែកនេះ នៅខេត្តកំពង់ចាម​ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកស្រី យក់ សម្បត្តិ បានបន្ថែមថា គម្រោងដ៏សំខាន់ខាងលើនេះ បានដំណើរការរយៈពេលមួយសប្ដាហ៍មកហើយ ដោយគ្រូពេទ្យជំនាញមកពីខេត្តក្វាងស៊ីមួយចំនួន ក៏បានមកជួយវះកាត់ភ្នែកជូនប្រជាពលរដ្ឋ រួមជាមួយមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកំពង់ចាមផងដែរ៕