(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ បានអនុញ្ញាតលោក Vlastimil TESAR ប្រធានផ្នែកទំនាក់ទំនងសាធារណៈ និងលោក Stepan VOJNAR ប្រធានផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រចាំស្ថានទូត នៃសាធារណរដ្ឋឆេក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោកឧត្តមរដ្ឋមន្រ្តីបានសម្តែង នូវកិច្ចស្វាគមន៍ និងអបអរសាទរ ជូនចំពោះលោក Vlastimil TESAR ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅកម្ពុជា ក្នុងបំណងសិក្សាស្វែងយល់ អំពីការរីកចម្រើនពីវិស័យកសិកម្មកម្ពុជា ពិសេសស្វែករកដៃគូវិនិយោគលើវិស័យនេះ នាពេលអនាគត។

លោក វេង សាខុន បានសម្តែងនូវអំណរគុណជាអនេក ជូនចំពោះរដ្ឋាភិបាលឆេក ដែលមានចំណាប់អារម្មណ៍លើការ វិនិយោគលើវិស័យនានា ជាពិសេសវិស័យកសិកម្មនាពេលអនាគត ហើយតាមរយៈការវិនិយោគនេះ លោកសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថាចំណងការទូត មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងត្រូវបានពង្រឹងនិងពង្រីកឲ្យកាន់តែល្អប្រសើរឡើងថែមទៀត នាពេលអនាគត។

លោករដ្ឋមន្ត្រី បានជម្រាបជូនប្រតិភូ ដោយសង្ខេបអំពីការរីកចម្រើន វិស័យកសិកម្មជាអាទិ៍ផលិតកម្មដំណាំស្រូវ ដំឡូងមី កៅស៊ូ ស្វាយចន្ទី ពោត ផលិតកម្មសត្វពិសេសគោយកសាច់ និងវិស័យវារីវប្បកម្ម ដែលក្រសួងបានចាត់ទុកថា ជាផលិតកម្មមានអាទិភាពក្នុងការនាំចេញ។ ផ្ទុយទៅវិញ ចំពោះវិស័យកសិឧស្សាហកម្ម (ការកែច្នៃ) រាល់ផលិតកម្មទាំងអស់នោះ គឺនៅមានកម្រិត ដែលកម្ពុជាត្រូវការស្វែងរកជំនួយ ដៃគូអភិវឌ្ឍន៍ ឬក្រុមហ៊ុនឯកជនធ្វើការវិនិយោគ ដើម្បីបង្កើនតម្លៃបន្ថែម ឆ្លើយតមតាមស្តង់ដារ ធានាបានទាំងគុណភាព និងសុវត្ថិភាពនៃទីផ្សារនាំចេញ។

លោក វេង សាខុន បានបញ្ជាក់ទៀតថា ការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើនផលិតភាពផលិតកម្មកសិកម្ម និងការកែច្នៃ គឺសមស្របតាមនិន្នាការសេដ្ឋកិច្ច ដែលកម្ពុជាទទួលបាន៧% និងជាពិសេសនោះ គឺឆ្លើយតបទៅនឹងសុឆន្ទៈរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។

លោក Vlastimil TESAR បានកោតសរសើរ ចំពោះការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ សាធារណៈរដ្ឋឆេក មានសក្តានុពលយ៉ាងខ្លាំង លើវិស័យកសិកម្ម និងម្ហូបអាហារ ហើយផលិតកម្មសត្វ (គោយកសាច់ និងទឹកដោះ) ក៏ជាប្រទេសមួយឈានមុខគេផងដែរលើវិស័យនេះ។

ក្នុងជំនួបនោះ លោក Vlastimil TESAR ចង់ទទួលយកការណែនាំ ចង្អុលបង្ហាញពីលោករដ្ឋមន្រ្តីកសិកម្ម សិក្សាស្វែងយល់បន្ថែមអំពីសក្តានុពលលើវិស័យកសិកម្មកម្ពុជា ឱកាសនិងស្វែងករកដៃគូវិនិយោគធ្វើការកែច្នៃកសិផល និងធ្វើការនាំចេញ ដោយចាប់ពីការវិនិយោគកម្រិតតូចដល់កម្រិតធំ។

តាមរយៈលទ្ធផលនៃកិច្ចពិភាក្សានេះ លោក Vlastimil TESAR នឹងខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាពធ្វើយ៉ាងណាពង្រឹង និងពង្រីកចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឲ្យបានកាន់តែរឹងមាំ និងល្អប្រសើរថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យកសិកម្មនាពេលអនាគត។

លោករដ្ឋមន្រ្តី វេង សាខុន សង្ឃឹម និងជឿជាក់ថា រដ្ឋាភិបាលឆេកនឹងផ្តល់ការគាំទ្រ និងជួយប្រទេសកម្ពុជា លើផ្នែកបច្ចេកទេសកសិកម្ម ការកែច្នៃ និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីធ្វើការអភិវឌ្ឍវិស័យកសិកម្ម ឲ្យមានការរីកចម្រើនថែមទៀត៕