(ព្រះវិហារ)៖ បុរសម្នាក់បានស្លាប់បាត់បងជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុគួរឱ្យអណោចអធ័ម ខណៈកំពុងតែបើកត្រាក់ទ័រព្យួរដី តែចៃដន្យអាក្រក់ប៉ះចំគ្រាប់មីន ដែលកប់ក្នុងដីដែលបន្សល់ទុក ពីសម័យសង្គ្រាម បានបណ្តាលឱ្យផ្ទុះកក្រើកដី បង្កការភ្ញាក់ផ្អើលដល់អ្នកនៅក្បែរខាង រួមទាំងសមត្ថកិច្ចមូលដ្ឋាន។

ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង១០៖១០នាទីព្រឹក នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ ស្ថិតត្រង់ចំណុចខាងកើតវរៈ៣៩៣ ចំងាយ៣០០ម៉ែត្រ ក្នុងភូមិរុងរឿង២ ឃុំមរកត់ ស្រុកជៃក្សាន្ត ខេត្តព្រះវិហារ។

លោកវរសេនីយ៍ត្រី ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ប្រចាំខេត្តព្រះវិហារ ឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានបើកត្រាក់ទ័រ ម៉ាកគូបូតា ទៅភ្ជួរដីនៅកន្លែងកើតហេតុ ស្របពេលកំពុងភ្ជួរស្រាប់តែត្រាក់ទ័រ បានកិនគ្រាប់មីន ដែលកក់ក្នុងដីបណ្តាលឱ្យផ្ទុះកក្រើកដីឡើងធ្វើឱ្យជនរងគ្រោះផ្លោងធ្លាក់ពីលើត្រាក់ទ័រ បណ្តាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ចំណែកឯត្រាក់ទ័រវិញ រងការខូចខាតផ្នែកខាងក្រោយស្ទើរទាំងស្រុង។

លោកវរសេនីយ៍ត្រី ឱ សេង បានបន្តថា ដោយផ្អែកតាមការរៀបរាប់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បាននិយាយឱ្យដឹងថា ទីតាំងដីនេះកាល ពីប៉ុន្មានឆ្នាំមុន មានករណីផ្ទុះគ្រាប់មីន ដែលកប់ក្នុងដីបន្សល់ទុកតាំងពីសម័យសង្រ្គាមម្តងរួចមកហើយ ខណៈកំពុងតែកំពុងភ្ជួរដីដូចគ្នា។ តែថ្ងៃនេះបានផ្ទុះម្តងទៀត គឺផ្ទុះខ្លាំងជាងមុនបានបណ្តាលឱ្យស្លាប់មនុស្សម្នាក់ស្លាប់ផងដែរ។

ក្នុងករណីនេះលោកអធិការស្រុក សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយបានកើតឡើងដូចថ្ងៃនេះ។ សាកសពក្រោយពីបានពិនិត្យរួចបានប្រគល់ជូនគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕