(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាសមាជិកអចិន្ដ្រៃយ៍ គណៈកម្មាធិការកណ្ដាលសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ​ អញ្ជើញបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជនចំនួន ៤២០នាក់ នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ក្នុងនោះក៏មានការចូលរួមពី លោក ហ៊ឿង សុគន្ធ អភិបាលរង និងជាអនុប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ទោ អ៊ុក ឃ្នូច មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការតំបន់ប្រតិបត្តិកាសិករង និងជាប្រធានសមាគមអីតយុទ្ធជនកម្ពុជាខេត្តបាតដំបង ព្រមទាំងស្នងការងនគបាល មេបញ្ជាការរងកងរាជអាវុធហត្ថ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ឃ្នូច បានរាយការណ៍ឲ្យដឹងថា ដើម្បីផ្តល់នូវការលើកទឹកចិត្ត​នឹងតបស្នង ដឹងគុណ ចំពោះគុណបំណាច់ដែលបងប្អូនអតីតយុទ្ធជន យើងបានលះបង់ ញើស ឈាម កាយសម្បទា ចំពោះជាតិ មាតុភូមិ ទឹកដី និងភាពសុខសាន្តរបស់ប្រទេសជាតិ ប្រជាជន​កម្ពុជា​កន្លងមក សមាគមអតីតយុទ្ធជនកម្ពុជា​ខេត្ត បានស្នើទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីផ្តល់នូវការលើកទឹកចិត្តដល់អតីតយុទ្ធជន ដែលជាជនពិការ និវត្តជន ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលមានចំនួនសរុប​៤២០នាក់ ក្នុងនោះត្រូវបានផ្តល់ គ្រឿងឥស្សរិយយសការពារជាតិ ថ្នាក់មាស ចំនួន១គ្រឿង, ថ្នាក់ប្រាក់​៦០គ្រឿង, ថ្នាក់សំរិទ្ធចំនួន៣៤៩គ្រឿង ព្រមទាំងផ្តល់នូវថវិកា ក្នុងម្នាក់ៗ​៥០,០០០រៀលផងដែរ៕