(បន្ទាយមានជ័យ​)៖ នាយ​ឧត្តមសេនីយ៍​ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ បានបន្តអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជនចំនួនជាង១,០០០នាក់ ​មកពីស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក នៅសាលាបឋមសិក្សារហាល​ ឃុំរហាល​ ស្រុកព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​។​

ក្នុងឱកាសនោះ​ ​​នាយឧត្តមសេនីយ៍ កែ​ គឹមយ៉ាន​ បាន​នាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចជាថ្នាក់ដឹកនាំជាតិ​ ពិសេសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​​សែន ជូនដល់សមាជិកអតីតយុទ្ធជនកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងទ្វេ​តែងតែចង់ដឹងពីសុខទុក្ខ ​ការលំបាករបស់បងប្អូន ជាអតីតយុទ្ធជនកម្ពុជាទាំងអស់ ដើម្បីធ្វើការដោះស្រាយ ជូនបានទាន់ពេលវេលា​។

នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានលើកឡើងបន្តថា ក្រោមយុទ្ធសាស្រ្តឈ្នះ​ឈ្នះ​ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា ប្រទេសមានសុខសន្តិភាព​ មានការអភិវឌ្ឍ​ ហើយយើងទាំងអស់ត្រូវតែទទួលស្គាល់ការពិត និងតម្លៃនៃសន្តិភាពនេះ​​​ថា​ គឺវាកើតពីការបង្ហូរឈាម​ បូជាសាច់ស្រស់​ ឈាមស្រស់​របស់បងប្អូនអតីតយុទ្ធជន​ ដែលបានធ្វើពលិកម្ម និងលះបង់នូវពេលវេលា សេចក្ដីសុខ សុភមង្គលផ្ទាល់ខ្លួន និងក្រុមគ្រួសារគ្រប់បែបយ៉ាង ក្នុងបុព្វហេតុរំដោះប្រទេសជាតិ​មាតុភូមិ​ពីពួកឈ្លានពាន​ ប្រតិកិរិយា​ និងរបបពិឃាតអាវខ្មៅ៣ឆ្នាំ៨ខែ២០ថ្ងៃ​​។​

លោក កែ​ គឹមយ៉ាន​ បានបន្តថា​ គំរូវីរ:ភាពដ៏អង់អាចក្លាហានប្តូរផ្តាច់ របស់បងប្អូនអតីតយុទ្ធជន​ ដែលស្មោះត្រង់ចំពោះជាតិមាតុភូមិនេះ គឺជាគំរូដែរត្រូវចង់ចាំមិនអាចបំភ្លេច និងគួរយកតម្រាប់តាមសម្រាប់មនុស្សជំនាន់ក្រោយ​ «ការគោរពដឹងគុណចំពោះអតីតយុទ្ធជន​ គឺស្រលាញ់ជាតិ​ ស្រលាញ់សន្តិភាព​ និងការអភិវឌ្ឍ»។

ចុងបញ្ចប់ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងការកោតសសើរ ដល់ថ្នាក់ដឹកនាំសមាគម និងបានបំពាក់មេដាយជាការលើកចិត្ត និងផ្ដល់កម្លាំងចិត្ត យ៉ាងធំធេង ដល់បងប្អូនអតីតយុទ្ធជន​បានប្រគល់អំណោយ និ​ងថវិកាជូន អតីតយុទ្ធជនចំនួន១០៣៥នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា៥ម៉ឺនរៀល និងសារ៉ុង១, ថវិកាជូនសាលាស្រុកព្រះនេត្រព្រះ ១លានរៀល, ថវិកាជូនស្រុកភ្នំស្រុក ១លានរៀល, ថវិកាជូនសាលាបឋមសិក្សារហាល​ ៥០ម៉ឺនរៀល និងជួយសាងសង់ផ្ទះផ្តល់ជូនអតីតយុទ្ធជនចំនួន២០០ខ្នង៕