(ភ្នំពេញ)៖ គណៈកម្មការវត្តសុវណ្ណបទម ហៅ​វត្តចំបក់មាស នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ បានរៀបចំពិធី​បុណ្យឆ្លងប្រាសាទព្រះពុទ្ធបដិមាបរិនិព្វាន និងកាត់ខ្សែបូសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាសម្បត្តិវត្ត និងសាសនា​ឲ្យបានជាប្រយោជន៍ដល់ការគោរពបូជារបស់មនុស្ស និងទេវតាទាំងឡាយ ជាពិសេសដល់ពុទ្ធបរិស័ទគ្រប់ៗគ្នា។

ក្នុងពិធីដ៏​នក្ខត្តឫក្ស និងពោរពេញដោយមហាបុណ្យកុសលនេះ មានការនិមន្តចូលរួមពីព្រះថេរានុថេរៈជាច្រើនរយអង្គ និងមានការអញ្ជើញជាអធិបតីពីសំណាក់ លោក ឃ្លាំង ហួត ជំនួយការសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និងជាអភិបាល​ខណ្ឌជ្រោយចង្វារ និងលោកស្រី ព្រមទាំងមន្ត្រីរាជការ យាយជីតាជី បងប្អូនប្រជាពុទ្ធបរិស័ទគ្រប់ទិសទីយ៉ាងច្រើនកុះករ។

បើតាមការបញ្ជាក់ពីគណៈកម្មការវត្តសុវណ្ណបទម បានឲ្យដឹងថា ប្រាសាទព្រះពុទ្ធបដិមាបរិនិព្វាន កសាងឡើងដោយស្ថាបត្យករខ្មែរ ដែលមានស្នាដៃដ៏ល្អវិចិត្រ ប្រកបដោយក្បូរក្បាច់រចនាបថខ្មែរស្រស់ត្រកាល បានចាប់កសាងឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ ហើយកសាងរួចរាល់ជាស្ថាពរនៅឆ្នាំ២០១៨។​

គណៈកម្មការវត្តដដែលបានបន្តថា សម្រាប់តួប្រសាទនេះ មានបណ្តោយប្រវែង១២ម៉ែត្រ ទទឹង៨ម៉ែត្រ កម្ពស់២៦ម៉ែត្រ ដោយឡែក​ព្រះពុទ្ធបដិមាបរិនិព្វាន មានប្រវែង៨,៧០ម៉ែត្រ កម្ពស់១,៥០ម៉ែត្រ និងបានរៀបចំជាសួនច្បារព័ទ្ធជុំវិញប្រសាទ និងមានស្រះទឹកតូចផងដែរ ត្រូវបានសាងសង់លើផ្ទៃដីទំហំ៥០ម៉ែត្រ បួនជ្រុង ចំណាយអស់ទឹកប្រាក់ចំនួន ១៧២,៩១៨.៤៣ដុល្លារ ញ៉ាំងឲ្យទីវត្តទាំងមូលកាន់ តែមានសម្រស់ស្រស់បំព្រង សមជាទីសក្ការៈនៃពុទ្ធសាសនិក ហើយសំណង់នេះនឹងក្លាយជាគរុភ័ណ្ឌរបស់វត្ត ជាបេតិកភ័ណ្ឌជាតិ រក្សាបាននូវវប្បធម៌ អរិយធម៌ជាតិ ទុកជាកេរ្តិ៍តំណែលសម្រាប់កូនចៅជំនាន់ក្រោយ សិក្សាស្រាវជ្រាវ ស្វែងយល់ និងប្រើប្រាស់តរៀងទៅ។

លោក ឃ្លាំង ហួត បានលើកឡើងថា បណ្តាសមិទ្ធផលដែលកើតឡើង ក្នុងទីវត្តសុវណ្ណបទមនេះ ពិតជាកើតឡើងពីសទ្ធាជ្រះថ្លារបស់ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទ សប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសជាច្រើន បានរួមគ្នាកសាងឡើងដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ វិស័យព្រះពុទ្ធសាសនាឲ្យមានការរីកចម្រើន ស្របតាមការអភិវឌ្ឍរបស់ប្រទេសនាពេលបច្ចុប្បន្ន។ លោកក៏បានសំណូមពរដល់បងប្អូនពុទ្ធបរិស័ទទាំងអស់ មេត្តាបន្តនូវការជួយឧបត្ថម្ភកសាងទីវត្តនេះ បន្តទៅទៀត ដើម្បីឲ្យទីវត្តកាន់តែរីកចម្រើន និងកាន់តែល្អប្រសើរឡើង។

ក្នុងពិធីនោះ លោក ឃ្លាំង ហួត និងលោកស្រី ក៏បានចូលរួមចាប់មគ្គផលដោយសេចក្តីជ្រះថ្លា ចូលបុណ្យក្នុងពិធីនូវបច្ច័យ ចំនួន​៤លានរៀល និងបានទទួលយកសំណើ ក្នុងការកសាងសួនច្បារអមសង្ខាងផ្លូវចូលប្រវែង ៨០ម៉ែត្រ ទទឹង០,៨០ម៉ែត្រ ស្របផ្លូវចូលសាលាបឋមសិក្សាចំបក់មាស ទុកជាសម្បត្តិសាធារណៈផងដែរ៕