(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨នេះ នៅបរិវេណពហុកីឡាដ្ឋានខេត្ត បានថ្លែងថា «នៅពេលយើងញញឹមដាក់កញ្ចក់ គឺកញ្ចក់ញញឹមដាក់យើងវិញ, យើងធ្វើមុខក្រញ៉ូវដាក់កញ្ចក់ គឺកញ្ចក់ធ្វើមុខក្រញ៉ូវដាក់យើងវិញ, យើងជេរកញ្ចក់ គឺកញ្ចក់ជេរយើងវិញ, យើងវាយកញ្ចក់ គឺមុតដៃដោយសារកញ្ចក់វិញ» ត្រង់ចំណុចនេះ សូមបងប្អូនពិចារណា ប្រជាពលរដ្ឋគឺជាកញ្ចក់ នៅពេលព្រឹកឡើងពួកគាត់ទៅពឹងពាក់យើង ដូច្នេះយើងត្រូវស្វាគមន៍គាត់ ដោយអាកប្បកិរិយារួសរាយរាក់ទាក់ ញញឹម និងនិយាយដោយពាក្យល្អទៅរកគាត់ ហើយត្រូវចាត់ទុកថាប្រជាពលរដ្ឋ គឺជាចៅហ្វាយនាយរបស់មន្ត្រី។

លោកអភិបាលខេត្ត បានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីសំណេះសំណាល និងពិសាបាយសាមគ្គី ជាលើកទី២ ប្រកបដោយភាពស្និតស្នាល ជាមួយបងប្អូនក្រុមគ្រួសារប្រជាការពារ និងមេភូមិ ទាំង៧សង្កាត់ ទូទាំងក្រុងពោធិ៍សាត់ ជាង៨០០នាក់ ក្នុងនោះស្រី៩នាក់ ដោយបានការចូលរួមពីទីប្រឹក្សាក្រសួងមហាផ្ទៃ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងក្រុមការងារចុះជួយសង្កាត់ទាំង៧ ក្នុងក្រុងពោធិ៍សាត់។

ក្នុងឱកាសនោះលោក ម៉ៅ ធនិន ក៏បានលើកឡើងថា បងប្អូនប្រជាការពារ និងមេភូមិទាំងអស់ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងជាអ្នករស់នៅផ្ទាល់ជាមួយប្រជាជន ហេតុនេះនៅពេលពួកគាត់ពឹងពាក់អ្វីមួយ ត្រូវតែជួយគាត់ និងគោរពស្រលាញ់គាត់ ឲ្យដូចគ្រួសារតែមួយ ប្រសិនបើដោះស្រាយមិនបាន ត្រូវផ្តល់ព័ត៌មានជូនអាជ្ញាធរ និងចុះទៅដោះស្រាយឱ្យបានទាន់ពេលវេលា។

លោកបានបន្ថែមថា ចាប់ពីពេលនេះតទៅ យើងមានគ្រួសារតែមួយគត់ ក្រោមឆ័ត្ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងមូល ក៏មានភ័ព្វសំណាងណាស់ ដែលទទួលបាននូវសមិទ្ធិផលជាច្រើន ពីរាជរដ្ឋាភិបាល ដូចជាទំនប់ទី៣ ទី៥ និងទំនប់ធារាស្ត្រជាច្រើនកន្លែង, ផ្លូវជាតិលេខ៥៥, ផ្លូវក្រាលកៅស៊ូជនបទ១០ខ្សែ ស្មើនឹង១២៥,៥គីឡូម៉ែត្រ និងនាពេលឆាប់ៗខាងមុខនេះនឹងទទួលបានទំនប់បង្ហៀរក្បាលហុង ភ្លើងស្តុប ភ្លើងបំភ្លឺផ្លូវ ផ្លូវថ្មើរជើងជាប់មាត់ស្ទឹង ជាមួយនឹងការរៀបចំអ៊ុទូកខ្នាតតូច ដែលមានចំណុះ២៥នាក់ផងដែរ។ល។...

ក្នុងនាមមហាមេគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត លោកបានជម្រុញដល់ប្រជាការពារ និងមេភូមិទាំងអស់ ត្រូវខិតខំសហការការពារសន្តិសុខ របៀបរៀបរយសង្គម ជាមួយសមត្ថកិច្ចនៅមូលដ្ឋានឲ្យបានល្អ ក្នុងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីធ្វើឲ្យប្រជាពលរដ្ឋរស់នៅដោយសុខដុមរម្យនា និងកិច្ចការងារត្រៀមការពារការបោះឆ្នោតនៅពេលខាងមុខ។

ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានចែកជូនជាចំណងដៃ ដល់ប្រជាការពារ និងមេភូមិ ដែលបានចូលរួមជាង៨០០នាក់ ក្នុងម្នាក់ៗ ទទួលបានសារុង១ ត្រីខ១កំប៉ុង អង្ករ១០គីឡូក្រាម និងបានពិសាបាយសាមគ្គីមួយពេលយ៉ាងកក់ក្តៅផងដែរ។ បន្ថែមពីនោះ លោកក៏បានប្រកាស សុំផ្តល់លទ្ធភាពចំពោះប្រជាការពារជាស្ត្រី ចំនួន៩នាក់ ដោយជូនអង្ករប្រចាំខែ ក្នុងម្នាក់ ២០គីឡូក្រាម៕