(សៀមរាប)៖ ប្រធានសមាគមគ្រូពេទ្យសើស្បែកលោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ បានធ្វើសំណូមពរដល់ប្រជាពលរដ្ឋ មិនគួរទៅទិញរបស់របរ​ថ្នាំ គ្រឿងសំអាង ដោយខ្លួនឯង ដោយមិនបានប្រឹក្សាជាមួយគ្រូពេទ្យឯកទេស ជំនាញនោះទេ ព្រោះកាលណាគាត់ធ្វើបែបនេះ គឺនាំឲ្យជំងឺរបស់គាត់មានការអូសបន្លាយពេលវេលា ឬ​ឈានទៅរកសភាពជំងឺធ្ងន់ធ្ងរ ហើយខាតបង់ ទាំងពេលវេលា និងថវិកា​ផងដែរ​។ ដូច្នេះ បើសិនជា​មានជំងឺសើស្បែក ហើយ​បានទៅរកគ្រូពេទ្យជំនាញឯកទេសពិតប្រាដក គឺបានជួយធ្វើរោគវិនិច្ឆ័យ​បានត្រឹមត្រូវ នឹងធ្វើឲ្យជំងឺ​ឆាប់ជាសះស្បើយ​។

លោកវេជ្ជបណ្ឌិតថ្លែងទៀតថា ប្រជាពលរដ្ឋមិនគួរឆាប់ជឿ និងគួរជៀសវាង​ការឃោសនារបស់បុគ្គល ឬ​ក្រុមហ៊ុន សម្រាប់ការសម្រេចចិត្ត ប្រើប្រាស់ នូវផលិតផលគ្រឿងសំអាង ឬ​​លេលាបស្បែកនានា ព្រោះការប្រើប្រាស់ផលិតផល​ដែលមិនស្គាល់នេះ វាអាចនឹងនាំទៅរកផលវិបាកច្រើនយ៉ាង។

លោកថ្លែងបែបនេះ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤ របស់សមាគមគ្រូពេទ្យសើស្បែកកម្ពុជា ​«4ASMCDS» The 4th Annual Scientific Meeting of Cambodian Dermatological Society​ បានរៀបចំនៅថ្ងៃ​ទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែល អង្គរភោគីក្រាហ្គោល និងស្ប៉ា រីស៊ត នៅក្រុងសៀមរាបដែលមានការ​ចូលរួមពីវេជ្ជបណ្ឌិត អ្នកជំនាញ អ្នកឯកទេស វាគ្មិន និងអ្នកពាក់ព័ន្ធជាតិ-អន្តរជាតិជាច្រើនរូបទៀត។​

លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ បានថ្លែងទៀតថា នេះជាកិច្ចប្រជុំលើកទី៤ហើយ បន្ទាប់ពីការបង្កើតសមាគមគ្រូពេទ្យសើស្បែកកម្ពុជា ហើយគោលបំណង​ការរៀបចំឲ្យ មានកិច្ចប្រជុំនេះ គឺដើម្បីបាននាំមកនូវចំណេះដឹងថ្មីៗ និងបទពិសោធន៍ ពីវាគ្មិនជាតិ-អន្តរជាតិ ដែលគាត់មកចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ ដែលគ្រូពេទ្យនៃរោគ ជំងឺសើស្បែក​ត្រូវតែរៀនសូត្រ​។

នៅក្នុងកិច្ចប្រជុំថ្ងៃនេះ ក៏មានការបោះឆ្នោតជ្រើសរើសតំណាង និងប្រធានសមាគមសម្រាប់អាណត្តិថ្មី ដែលមានសមាជិកសរុបប្រមាណជា​១២០រូប​។ សមាគមគ្រូពេទ្យសើស្បែកកម្ពុជា ក៏ជាសមាជិក នៃសមាគមគ្រូពេទ្យសើស្បែកអាស៊ាន ហើយ​នឹងឈានចូលរួមជាសមាជិក នៃសមាគមគ្រូពេទ្យសើស្បែកអាស៊ី ព្រោះនៅលើពិភពលោកនេះ ​មានក្រុមសមាជិកគ្រូពេទ្យសើស្បែកអាស៊ាន ជាសមាជិករបស់ពិភពលោកផងដែរ​។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា មូលហេតុដែល​បង្កើត សមាគមគ្រូពេទ្យសើស្បែកកម្ពុជា ដែលជាសមាគមវិជ្ជាជីវៈមួយនេះឡើង ដើម្បីពង្រឹងនូវវិជ្ជាជីវៈ ទាក់ទង​​ជំងឺសើស្បែក​ ហើយដើម្បីឲ្យគ្រូពេទ្យទាំងអស់គ្នា មានការចូលរួម​បានរៀនសូត្រនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីមានភាពងាយស្រួល ក្នុងការយកទៅអនុវត្តឲ្យមានគុណភាព និងប្រសិទ្ធិភាពខ្ពស់​។

លោកក៏បានបន្ថែមថា បច្ចុប្បន្នជំងឺសើស្បែកមួយចំនួននៅកម្ពុជា គឺ​បានជួបញឹកញ៉ាប់ និងមានការកើនឡើង ដូចជាជំងឺតាអក ជំងឺផ្សិតសើស្បែក ជំងឺបាក់តារីសើស្បែក ជំងឺប៉ារ៉ាស៊ីតសើស្បែក ជំងឺមុខកើតមុន ជំងឺជាំ ជំងឺកន្ទាលត្រអាក និងជម្ងឺជាច្រើនទៀត​។ តែសម្រាប់ជំងឺសើស្បែកទាំងនេះ បច្ចុប្បន្នប្រជាពលរដ្ឋ មានការយល់ដឹងច្រើន បើប្រៀបធៀបទៅនឹងកាលពីកិច្ចប្រជុំលើកទី១ ចំណែកក្រុមគ្រូពេទ្យ ក៏មានសមត្ថភាពទាំងជំនាញ និងចំណេះដឹងប្រកបដោយគុណភាព និងប្រសិទ្ធិភាព ក្នុងការឆ្លើយតបទៅនឹងតម្រូវការ​នៃការផ្ដល់ការប្រឹក្សា ពិនិត្យ និងព្យាបាលជំងឺ រោគសើស្បែក​ផងដែរ​។

ប្រធានសមាគមរូបនេះ បានបន្ថែមថា ជាក់ស្ដែងបច្ចុប្បន្ននេះនៅកម្ពុជា តាមមន្ទីរពេទ្យរដ្ឋ គឺមិនទាន់ជាអទិភាពខ្លាំង ដូច្នេះ​​ឃើញថា​ចំពោះកម្មវិធី និងថវិកាគាំទ្រ ដល់គម្រោងសកម្មភាពនៃជំងឺ រោគ ផ្នែកសើស្បែកនៅមានកម្រិតនៅឡើយ​៕