(កំពង់ធំ)៖ លោក ថោង ខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកបារាយណ៍ បានលើកឡើងប្រាប់សាខាបក្សភូមិ និងមេក្រុមបក្សថា សន្តិភាព ប្រជាធិបតេយ្យពិតប្រាកដ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងកាអភិវឌ្ឍន៏ គឺជាបំណងប្រាថ្នារបស់មនុស្សជាតិក្នុងពិភពលោកទាំងមូលបច្ចុប្បន្ននេះ។

លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយសាខាបក្សភូមិ ប្រធានក្រុមបក្សប្រមាណជិត ៥០០នាក់ មកពី១៥ភូមិ នៃឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨។

បន្ទាប់ពីការថ្លែងនូវរបាយការណ៍ពីសំណាក់លោកប្រធានគណបក្សឃុំបល្ល័ង្ករួចមក លោករដ្ឋមន្ត្រីបានលើកឡើងអំពីស្នាដៃ និងកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយបានលះបង់សាច់ស្រស់ឈាមស្រស់រំដោះប្រទេសកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បង្រួបបង្រួមជាតិ ខិតខំស្វែងរក និងថែរក្សាការពារសុខសន្តិភាព ជំរុញការអភិវឌ្ឍលើគ្រប់វិស័យ លើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ ផ្ដល់ឱកាសការងារជាច្រើន និងពង្រឹងសេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលទាំងនេះ គឺជាសច្ចធម៌ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។

លោកពន្យល់ប្រាប់ថា ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃសន្តិភាព និងស្ថិរភាពនយោបាយ កម្ពុជាបានកសាងនូវសមិទ្ធផលជាច្រើនសន្ធឹកសន្ធាប់ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ដូចជា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធអប់រំ ប្រព័ន្ធធារាសាស្ត្រ ការទំនុកបម្រុងផ្នែកសាសនាជាដើម។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានខិតខំលើកកម្ពស់សុខមាលភាព​ និងជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការដំឡើងប្រាក់ខែជូនកម្មករនិយោជិត មន្ត្រីរាជការ ខិតខំទាក់ទាញការវិនិយោគបរទេស បង្កើនការនាំចេញ ទាក់ទាញភ្ញៀវទេសចរជាដើម។

លោកបានជម្រាបថា កាលពីចុងឆ្នាំ២០១៧កន្លងមក លោកប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប (European Council on Tourism and Trade) បានកោតសរសើរសម្តេចតេជោ ហ៊ុន សែន ដោយបានចាត់ទុកសម្តេចតេជោ ជាកូនប្រុសនៃប្រវត្តិសាស្ត្រដ៏មានមោទនភាព និងបានផ្តល់ដល់ប្រជាជនកម្ពុជានូវក្តីសង្ឃឹមនាពេលបច្ចុប្បន្ន និងទៅអនាគត។

លោកបានពន្យល់ថា ផ្ទុយពីក្រុមប្រឆាំង រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺជារាជរដ្ឋាភិបាលគោរព និងអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សយ៉ាងត្រឹមត្រូវ រាជរដ្ឋាភិបាលកម្ពុជាគោរពរដ្ឋធម្មនុញ្ញ គោរពព្រះមហាក្សត្រ ប៉ុន្តែការអនុវត្តលទ្ធិប្រជាធិបតេយ្យ មិនអាចតម្រូវចិត្តមនុស្សគ្រប់ៗគ្នាភ្លាមៗបានឡើយ កត្តាសំខាន់បំផុតឲ្យតែធានារក្សាបានសន្តិភាព ស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេស ដើម្បីសុភមង្គលរបស់ប្រជាពលរដ្ឋ។

លោករដ្ឋមន្ត្រីបានណែនាំដល់មេក្រុមបក្សទាំងអស់ជួយពន្យល់ណែនាំបន្តដល់គ្រួសារបក្ស សមាជិកបក្ស និងប្រជាពលរដ្ឋ អោយយល់ច្បាស់អំពីសភាពការណ៍នយោបាយ សេដ្ឋកិច្ច សង្គម ការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ដើម្បីបន្សាបការញុះញង់របស់ក្រុមប្រឆាំង ដែលកំពុងបំពុលសង្គមកម្ពុជាឲ្យមានការយល់ច្រឡំលើរាជរដ្ឋាភិបាល។

លោកក៏បានបញ្ជាក់ថា ការឃោសនារបស់ក្រុមប្រឆាំង ដែលអំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ព្រោះក្រុមប្រឆាំងទាំងនោះមិនដែលចង់ឲ្យប្រទេសជាតិបានសុខនោះទេ មានតែរិះរកគ្រប់វិធីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ រំលោភរដ្ឋធម្មនុញ្ញ ប្រព្រឹត្តទង្វើក្បត់ជាតិ មិនគោរពព្រះមហាក្សត្រ នាំប្រទេសកម្ពុជាទៅរកក្ដីអន្តរាយដូចកាលពីអតីតកាល។

លើសពីនេះ លោក ថោង ខុន បានអំពាវនាវដល់មេក្រុមបក្ស សមាជិកបក្ស និងប្រជាពលរដ្ឋ ត្រូវចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ទាំងអស់គ្នា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ហើយសូមបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់គ្នា ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ក៏ដូចជាបន្តការអភិវឌ្ឍលើគ្រប់វិស័យផងដែរ។

បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាល ឯកឧត្តម ថោង ខុន បានអញ្ជើញទៅប្រគល់ផ្ទះមួយខ្នងទំហំ ៤ម៉ែត្រ x ៥ម៉ែត្រ ជូនដល់គ្រួសារសមាជិកបក្សក្រីក្រ គឺលោក មាស អឿន ជាជំនួយការភូមិ និងភរិយា រស់នៅភូមិត្រស់ ឃុំបល័ង្ក ដែលចំណាយថវិកាអស់ប្រមាណ ២៥០០ដុល្លារសហរដ្ឋអាមេរិក។