(ព្រៃវែង)៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ លោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយស្រុកបាភ្នំ ខេត្តព្រៃវែង បានចុះទៅជួបសំណេះសំណាល ជាមួយបងប្អូនកម្មករ ពលករចំណាកស្រុក តាមភូមិនៅ៣កន្លែង គឺនៅភូមិស្តៅកោង ឃុំស្ពឺ.ក នៅភូមិសៀម ឃុំស្តៅកោង និងនៅភូមិត្រពាំងសាលា ឃុំឈើកាច់ សរុបមានអ្នកចូលរួមប្រមាណ៣០០នាក់។

នៅតាមកន្លែងនីមួយៗ លោក ព្រុំ សុខា បានសម្តែងក្តីរីករាយដោយបានជួបផ្ទាល់ សាកសួរសុខទុក្ខបងប្អូនកម្មករ ពលករចំណាកស្រុក ដែលឆ្លៀតពេលឈប់សម្រាកការងារឱកាសបុណ្យ ចម្រើនព្រះជន្មព្រះករុណា ព្រះមហាក្សត្រ វិលមកជួបជុំក្រុមញាតិគ្រួសារក្នុងស្រុកកំណើតវិញ និងបានលើកសរសើរ ចំពោះបងប្អូនទាំងអស់ ដែលបាននិងកំពុងខិតខំបំពេញការងារ រកចំណូលជួយគ្រួសាររៀងៗខ្លួន ឱ្យមានជីវភាពកាន់តែធូរធារ ជាលំដាប់រួមចំណែកដល់ក្តីសុខចម្រើន អភិវឌ្ឍ របស់ស្រុកភូមិខ្លួន។

ជាក់ស្តែង១០ឆ្នាំមុននេះ នៅក្នុងស្រុកបាភ្នំ ដែលមានលំនៅឋានប្រជាពលរដ្ឋប្រមាណជិត២ម៉ឺនខ្នង ក្នុងនោះជិតពាក់កណ្តាល គឺជាខ្ទម ពុំទាន់មានផ្ទះសមរម្យស្នាក់នៅទេ តែក្នុងពេលបច្ចុប្បន្ននេះក្នុងស្រុកទាំងមូល នៅសល់ផ្ទះជាខ្ទមមិនដល់២០០ខ្នងផង។
នេះជាការសបញ្ជាក់ច្បាស់ថា ឱ្យតែមានសុខសន្តិភាព ស្ថិរភាព ប្រាកដជាមានការអភិវឌ្ឍ ដែលផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករ ពលករវ័យក្មេង ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពក្រីក្រ។

លោក ព្រុំ សុខា ក៏បានអំពាវនាវឱ្យបងប្អូនកម្មករ ពលករចំណាកស្រុក ក៏ដូចជាប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិឃុំទាំងអស់ ទៅចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។ បោះឆ្នោតដើម្បីប្រទេសជាតិបន្តមានសន្តិភាព ស្ថិរភាពកាន់តែរឹងមាំ ដើម្បីសង្គមជាតិមានការអភិវឌ្ឍរីកលួតលាស់ឆាប់រហ័ស ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋនៅកម្ពុជា៕