(ភ្នំពេញ)៖ ភ្នាក់ងារ ​Fresh News ប្រចាំតុលាការបានរាយការណ៍ឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨នេះថា អ្នកបើកបររថយន្ដបុកមនុស្សស្លាប់ នៅតាមផ្លូវជាតិលេខ៣ ត្រូវបានតុលាការអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញជាបណ្ដោះអាសន្ន​។

បើតាមមន្ដ្រីតុលាការ​លោកចៅក្រម ប៊ុន ធី ​នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨​ បានសម្រេចដោះលែងជនត្រូវចោទម្នាក់ទៀតឈ្មោះ អ៊ួក វរ៉ា អាយុ​៥២ឆ្នាំ រស់នៅភូមិស្រែជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលពាក់ព័ន្ធករណី បើករថយន្តម៉ាក RAV4 ពាក់ស្លាកលេខ 2S-8106 បុកជនរងគ្រោះឈ្មោះ យឺន សារិទ្ធ ភេទប្រុស អាយុ​២៦ឆ្នាំ ស្លាប់នៅតាមបណ្តោយផ្លូវជាតិលេខ៣។

ការសម្រេចដោះនេះ​ត្រូវបានលោក ប៊ុន ធី ធ្វើឡើង​បន្ទាប់ពី​លោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន សម្រេចចោទប្រកាន់ និងបញ្ជូនសំណុំរឿង​ទៅឲ្យលោកចៅក្រម ដោះលែងតាមនីតិវិធី។

ពាក់ព័ន្ធការដោះលែង ជនត្រូវចោទខាងលើ​លោកចៅក្រម ប៊ុន ធី បានអះអាងបញ្ជាក់ថា ដោយសារតែ​ភាគីទាំងសងខាង សម្របសម្រួលគ្នា​បញ្ចប់រឿង៕