(រតនគិរី)៖ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានឲ្យដឹងថា ក្នុងឱកាសបុណ្យចម្រើនព្រះជន្មព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានភ្ញៀវទេសចរជាតិ បានធ្វើដំណើរកម្សាន្តទស្សនានៅតាមរមណីយដ្ឋាននានា នៅខេត្តរតនគិរីប្រមាណ ៦,៧១៣ នាក់ កើនឡើង ៦៣.៨%។ ទិន្នន័យនេះមិនទាន់គិតនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨នេះនៅឡើយទេ។

បើតាមលោក ង៉ែត ពិទូ បានឲ្យដឹងថា ក្នុងឱកាសបុណ្យចម្រើនព្រះជន្មនេះមន្ត្រីរាជការឈប់សម្រាកបានយូរ ហើយរដ្ឋាភិបាលធ្វើផ្លូវល្អតភ្ជាប់ពីខេត្តមួយទៅខេត្តមួយ ព្រមទាំងការៀបចំ និងយកចិត្តទុកដាក់ពីសំណាក់អភិបាលខេត្តរតនគិរី លោក ថង សាវុន ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងជំរុញការរៀបចំតំបន់ទេសចរណ៍ផងនោះ ទើបធ្វើឲ្យមានការទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនក្នុងមួយឆ្នាំៗ។

បន្ថែមពីលើនោះខេត្តរតនគិរី ជាតំបន់សំបូរធនធានធម្មជាតិ និងវប្បធម៌ ក្រសួងទេសចរណ៍បានដាក់ចេញយុទ្ធសាស្រ្តធ្វើយ៉ាងណាពង្រឹងនូវផលិតផលទេសចរណ៍ និងអនាម័យល្អជូនភ្ញៀវ ដើម្បីឆ្លើយតបពាក្សស្លោក «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ផ្តលនូវភាពកក់ក្តៅ» ដែលសុទ្ធជាកត្តាស្រូបទាញភ្ញៀវទេសចរទៅកានខេត្តភូមិភាគឦសាននេះកាន់តែច្រើន។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានអំពាវនាវភ្ញៀវទេសចរចូលរួមសកម្មភាពអនាម័យបរិស្ថាន តាមរយៈការទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ពេលទៅកម្សាន្តរមណីយដ្ឋាននានានៅខេត្តរតនគិរី ដើម្បីរក្សាសម្រស់ និងសោភណភាពតំបន់ទេសចរណ៍ឲ្យស្ថិតស្ថេរជាចេរកាល៕