(បន្ទាយមានជ័យ​)៖​ នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ និងប្រធានក្រុមការងារថ្នាក់ជាតិមូលដ្ឋាន ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញ​សំណេះសំណាល និងបំពាក់មេដាយការពារជាតិ​ជូនអតីតយុទ្ធជន ចំនួន៨៥៩នាក់ មកពីស្រុកស្វាយចេក​ និងស្រុកថ្មពួក​ នៅសាលាស្រុកស្វាយចេក​។​

ក្នុងឱកាសនោះ​ ​នាយឧត្តមសេនីយ៍ កែ​ គឹមយ៉ាន​ បាន​នាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់​ថ្នាក់ដឹកនាំជាតិ​ ពិសេ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់សមាជិកអតីតយុទ្ធជនកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងទ្វេតែងតែចង់ដឹងពីសុខទុក្ខ​ ​ការលំបាករបស់បងប្អូនជាអតីតយុទ្ធជនកម្ពុជាទាំងអស់ ដើម្បីធ្វើការដោះស្រាយជូន។​

នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានលើកឡើង​ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសមានសុខសន្តិភាព និងបានប្តេជ្ញាការពារ នូវសុខសន្តិភាពដែលកើតពីការបង្ហូរឈាម​ បូជាសាច់ស្រស់​ ឈាមស្រស ​របស់បងប្អូនអតីតយុទ្ធជននេះឲ្យនៅគង់វង្ស និងអភិវឌ្ឍន៍។ បច្ចុប្បន្នសម្តេចប្រមុខរាជរដ្ឋាភិបាល បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ពិសេសការអនុវត្តន៍គោលនយោបាយជាតិ ចំពោះអតីតយុទ្ធជន បង្ហាញនូវការដឹងគុណ ចំពោះគុណូបការៈ ដ៏ថ្លៃថ្លារបស់បងប្អូន​ចំពោះជាតិមាតុភូមិ និងប្រជាជនទាំងមូល ទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ។

ចុងបញ្ចប់ លោក​ កែ​ គឹមយ៉ាន​ បាន​កោតសសើរដល់ថ្នាក់ដឹកនាំសមាគម និងបានបំពាក់មេដាយជាការលើកចិត្ត និងផ្ដល់កម្លាំងចិត្តយ៉ាងធំធេង ដល់បងប្អូនអតីតយុទ្ធជន ដែលមិនអាចបំភ្លេចបាន និងនៅតែចងចាំជានិច្ចអំពីគុណបំណាច់ និងស្នាដៃដ៏ធំធេងរបស់​អតីតយុទ្ធជនទាំងអស់ ដែលបានពលីកម្ម និងលះបង់នូវពេលវេលា សេចក្ដីសុខ សុភមង្គលផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីចូលរួមក្នុងបុព្វហេតុរំដោះប្រទេសជាតិ​ មាតុភូមិ និងបានប្រគល់អំណោយ ​ថវិកា​ ជូន អតីតយុទ្ធជនចំនួន៨៥៩នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា៥ម៉ីនរៀល និងសារ៉ុង១, ថវិកាជូនសាលាស្រុកថ្មពួក ១លានរៀល និងសាលាស្រុកស្វាយចេក ១លានរៀល​។​

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានដឹកនាំប្រតិភូបន្តដំណើរទៅពិនិត្យមើលផ្លូវបេតុង១ខ្សែ ប្រវែង១,០០០ម៉ែត្រ នៅក្នុងភូមិអូរវែង ឃុំ​តាបែន ស្រុកស្វាយចេក ដែលបានសាងសង់រួចរាល់បាន ប្រវែង៣៦០ម៉ែត្រ​ និងបានជូនអំណោយដល់​ ​ប្រជាពលរដ្ឋនៅក្នុងភូមិអូរវែង ចំនួន​២០០នាក់ ក្នុងម្នាក់ទទួលបានសារ៉ុង​១, ជាងសាងសង់ថ្នល់៧នាក់ ក្នុងម្នាក់ទទួលបានថវិកា១ម៉ឺនរៀល និងសារ៉ុងម្នាក់១​ផងដែរ​៕