(ក្រចេះ)៖ នៅថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ នេះ​ កាកបាទក្រហមកម្ពុជា (កក្រក)​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យមន្ត្រីចុះសួរសុខទុក្ខពីស្ថានភាពជំងឺ​ និងផ្ដល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយសារពុលទឹកចំនួន ៣៧៦គ្រួសារ​ (ភាគច្រើនជាជនជាតិភាគតិចភ្នង)​ រស់នៅក្នុងភូមិស្រែនន និងភូមិអាលច ក្នុងឃុំកន្ទួត និងភូមិទ្រាប និងភូមិប្អៀ ក្នុងឃុំថ្មី នៃស្រុកចិត្របុរី ខេត្តក្រចេះ​ ដែលពិធីនេះប្រព្រឹត្តទៅនៅ​ក្នុងបរិេណវត្តគិរីវណ្ណារាម ហៅវត្តអាលច។

ក្នុងឱកាសសំណេះសំណាលនោះ លោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកក្រក បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ​ ពីសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប្រធាន ដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់​ និងផ្តាំផ្ញើឱ្យគិតគូរពីសុខភាពជាចម្បងដោយត្រូវពិសាទឹកស្អាត ឬដាំឆ្អិនល្អ និងត្រូវថែរក្សាបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត។ បន្ថែមពីនេះទៀត សូមការពារខ្លួនកុំឱ្យឆ្លងមេរោគអេដស៍ និងត្រូវធ្វើតេស្ដឈាមរកមេរោគអេដស៍។ សូមចៀសវាងការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹងផ្សេងៗ ដែលនាំឱ្យមានអំពើហិង្សាកើតឡើង។​ ត្រូវគោរពច្បាប់ចរាចរណ៍ដើម្បីបង្កាពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើង​ និងសូមប្រុងប្រយ័ត្នជានិច្ចនូវខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងទឹកជំនន់ ព្រោះរដូវនេះជារដូវវស្សា។

ប្រជាពលរដ្ឋទាំងអស់​ បានសម្តែងនូវក្តីរំភើបឥតឧបមា និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ គិតគូរ​ ចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ​ ឬជួបការលំបាកដោយមិនរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

គ្រួសារនីមួយៗទទួលបាន​ ៖ អង្គរ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១។

ក្នុងថ្ងៃដដែលនេះដែរ លោកវេជ្ជ. បាននាំយកគ្រឿងឧបភោគ-បរិភោគ និងបច្ច័យមួយចំនួនចូលបុណ្យសពលោក ប៊ុត ទ្រេត អាយុ ៦០ឆ្នាំ ជាជនរងគ្រោះទី១៥ ដែលបានស្លាប់ដោយសារពុលទឹកនៅស្រុកចិត្របុរី ខេត្តក្រចេះ៕