(ភ្នំពេញ)៖ អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានចាត់ទុកគំនិត និងការអំពាវនាវរបស់ ទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី មេចលនាចលាចលជាតិ ដែលមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត និងចាត់ទុកអ្នកដែលមិនទៅចូលរួមបោះឆ្នោត គឺជាសំឡេងគាំទ្ររបស់អតីតបក្សខ្លួន គឺជាគំនិតចៅចាក់ស្មុគ ​កំពុងតែដេកស្រមៃ នៅលើចុងដើមត្នោត!។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨នេះ លោក ហេង រតនា បានចោទជាសំណួរថា តើមានប្រពន្ធ័ប្រជាធិបតេយ្យ នៃការបោះឆ្នោតក្នុងប្រទេសណាមួយ នៅលើពិភពលោកនេះ មានច្បាប់នីតិវិធីកំណត់ចំនួន អ្នកមិនចេញទៅបោះឆ្នោត​ ដើម្បីចាត់ទុកជាអ្នកឈ្នះ ឬចាញ់នៃការបោះឆ្នោតនោះ?

លោកបញ្ជាក់ទៀតថា «ប្រសិនជាមានរូបមន្ត គិតចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតហើយ មិនចេញទៅបោះឆ្នោត អាចយកមកគិតជាកត្តាឈ្នះ-ចាញ់ការបោះឆ្នោតបែបនេះ​បានវិញ​នោះ ​មិនដឹងជាបក្សកាន់អំណាច​ (CPP) ឈ្នះស្រួលយ៉ាងណាទេ។ ព្រោះល្បីថា​ នៅប្រទេសសិង្ហបុរី​ មន្ត្រីរដ្ឋការណាដែលខកខាន មិនបានទៅបោះឆ្នោត​ គឺរាប់គិតជាសំឡេងគាំទ្របក្សកាន់អំណាចតែម្តង។ ដូចគ្នានេះ នៅកម្ពុជា​បើសិនជា​មានរឿងចម្លែករាប់អ្នកបោះបង់សិទិ្ធមិនចេញ ទៅបោះឆ្នោតគិតថា ជាសំលេងបក្សប្រឆាំងបានមែន​នោះ​ មានគិតទេថា​? ប្រសិនបើបក្សកាន់អំណាច ធ្វើវិសោធកម្មច្បាប់បោះឆ្នោតបន្ថែមតែមួយឃ្លា​ ដោយយកកំណត់ដូចនៅសិង្ហបុរីដែរ​ នោះយុទ្ធសាស្ត្រដែលខ្លួនបង្កើតឡើងនេះ អាចក្លាយជាតំរិះជាន់កឯងមិនខានឡើយ!»

អគ្គនាយករូបនេះបញ្ជាក់បន្ថែមថា គណបក្ស CPP បច្ចុប្បន្នមានសមាជិកជាង៥លាន៨សែននាក់​ មានជិត៧០០,០០០ក្រុមបក្ស​ ដែលរចនាសម្ព័ន្ធនេះ នឹងការពារខែ្សក្រវ៉ាត់បានហើយ។

លោក ហេង រតនា បានលើកឡើងទៀតថា នៅប្រទេសប្រជាធិបតេយ្យជឿនលឿនដូច​ជា អាមេរិក​ បារាំង​ អង់គ្លេស​ អូស្ត្រាលី​ ជប៉ុន​ក្តី អ្នកចេញទៅបោះឆ្នោតមានចំនួនភាគរយ ក៏មិនជាច្រើនប៉ុន្មានដែរ​ ។ យុទ្ធសាស្ត្រអំពាវនាវ របស់ទណ្ឌិត សម រង្ស៊ី មិនឲ្យប្រជាជនកម្ពុជា ចេញទៅបោះឆ្នោត​ ដើម្បីបំរើគោលបំណងបង្កការបះបោរ​ និងបង្កចលាចលសង្គមតែប៉ុណ្ណោះ។ ប្រជាជនកម្ពុជាត្រូវការរក្សាក្តីសង្ឃឹមថ្មីបន្តទៀត​ ជាមួយសន្តិភាពសង្គម និងនិរន្តភាពនៃការអភិវឌ្ឍន៍!៕