(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៧នាក់, រងរបួសស្រាល៤នាក់ និងរបួសធ្ងន់៧នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១២គ្រឿង រថយន្តតូច៤គ្រឿង រថយន្ដធុនធំ២គ្រឿង និងគោយន្ដ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានមិនគោរពសិទ្ធិ, ល្មើសល្បឿន, បត់គ្រោះថ្នាក់, ស្រវឹង និងប្រជែង។

សូមបញ្ជាក់ថារយៈពេល១១ថ្ងៃ ខែឧសភា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៨៨លើក បណ្ដាលឲ្យមនុស្សស្លាប់៤៣នាក់ របួសធ្ងន់ចំនួន៨៨នាក់ និងរបួសស្រាលចំនួន៣១នាក់៕