(សៀមរាប)៖ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ សាលានគរបាលជាតិភូមិភាគ៤ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល «កម្រិតបឋមវិជ្ជាជីវៈនគរបាល» ជំនាន់ទី១២ ឆ្នាំ២០១៨ និងប្រកាសតែងតាំងពេញសិទ្ធិ និងបំពាក់ឋានន្តរសក្កិ ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ដល់សិស្សនាយនគរបាល និងនាយនគរបាលរង ដែលបានជ្រើសរើសថ្មីចំនួន១៣៩រូប ក្នុង​នោះមានស្រី២១រូប។ ហើយពិធីនេះដែរធ្វើឡើងក្រោមអធិបតីភាព លោក ឯក មនោសែន អនុប្រធានបណ្ឌិត្យនគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងមានការចូលរួមពី​លោក សាយ រិទ្ធីសក្កិ នាយកសាលានគរបាលភូមិភាគ៤  រូមទាំងនាយករងសាលាភូមិភាគ៤ និងអភិបាលរង ចំនួន៣ខេត្ត គឺខេត្តសៀមរាប, ឧត្តរមានជ័យ និងខេត្តព្រះវិហារផងដែរ  ។

លោក សាយ រិទ្ធីសក្កិ បានឲ្យដឹងថា ដើម្បីឲ្យ​ការបណ្តុះបណ្តាល​មន្រ្តី​​នគរ​បាល​ឲ្យមាន​សមត្ថភាព និងចំណេះដឹងល្អនោះ គ្រូៗទំាងអស់ ​​នៅក្នុ​ង​សាលា​ន​គរបាល ភូមិភាគ៤នេះ បានខិតខំសិក្សាស្រាវជ្រាវចំណេះដឹងថ្មីៗ ពាក់ព័ន្ធផ្លូវច្បាប់នៅក្នុងប្រទេស និងនៅ​លើឆាអន្តរជាតិ យកមកបណ្តុះបណ្តាល​មន្រ្តីនគរបាលរបស់​យើង ជាក់ស្តែងថ្ងៃនេះមន្រ្តីនគរបាលចំនួន១៣៩រូប ទទួលបានការបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល និងប្រកាសតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ហើយមន្រ្តីនគរបាលទំាងនេះក៏នឹងត្រូវត្រឡប់មកសាលានេះវិញជាថ្មីទៀត ដើម្បីទទួលការបណ្តុះបណ្តាលនូវកម្រិតខ្ពស់ៗបន្តទៀត ។

លោកបានបញ្ជាក់ទៀតថា ការបណ្តុះបណ្តាល«កម្រិតបឋមវិជ្ជាជីវៈនគរបាល» ជំនាន់ទី១២ ឆ្នាំ២០១៨ នេះមានសិស្សចំនួន ១៣៩រូប (ស្រី២១រូប) ក្នុងនោះសិស្សទាំងអស់បានទទួលបានជ័យលាភី វិញ្ញាបនបត្រ និងប្រកាសតាំងស៊ប់ក្នុងក្រប​ខ័​ណ្ឌ​មន្ត្រីនគរបាលជាតិកម្ពុជា។

លោក ឯក មនោសែន បានលើកឡើងថា ការបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាព និង​ជំនាញរបស់មន្រ្តីនគរបាន គឺជាការងារ​ដែលធ្វើ​មិនចេះចប់ ជាពិសេស​មន្រ្តីនគរ​បាល ដែលមុននឹងប្រកាសតាំងស៊ប់ ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិម្នាក់ៗ ត្រូវធ្វើការសិក្សាស្រាវជ្រាវហ្វឹកហាត់គ្រប់បែបយ៉ាង ដើម្បីទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗស្របតាមការវិវត្តរបស់សង្គមជាតិ និងវិទ្យាសាស្រ្ត ដើម្បីធានាបានប្រសិទ្ធភាពការងារក្នុងការបង្ក្រាបបទល្មើសផ្សេងៗ នៅពេលបានចូលជាមន្រ្តីនគរបាលជាតិ។

លោកបានបញ្ជាក់ថា សូម្បីតែមន្រ្តីនគរបាលកម្ពុជា ដែលកំពុងបំរើការងាររាល់ថ្ងៃក៏ចាំបាច់ត្រូវបន្តចូលសាលា​ដើម្បីអភិវឌ្ឍ សមត្ថភាព និងជំនាញ ក្នុងការបង្ក្រាបបទល្មើស ឲ្យកាន់តែមានប្រសិទ្ធភាពផងដែរ ពីព្រោះជនល្មើសវាមានកលល្បិច និងជំនាញបច្ចេកវិទ្យាថ្មីៗដែលយើង​មិនទាន់ចេះ ហើយ​បច្ចុប្បន្ននេះមាន​មន្រ្តីនគរបាន​មួយចំនួន​ត្រូវបានបញ្ជូនទៅ​សិក្សាហ្វឹកហាត់នៅក្រៅប្រទេស ជាបន្តបន្ទាប់ ដើម្បីឱ្យមន្រ្តីនគរបាលជាតិមានសមត្ថភាពគ្រប់ទំាងការងា រការពារសន្តិសុខក្នុងប្រទេស និងនៅក្នុងតំបន់​ ពីព្រោះមន្រ្តីនគរបាលកម្ពុជា មិនត្រឹមតែសម្រាប់បង្ក្រាបជនល្មើលជាជនជាតិខ្មែរប៉ុណ្ណោះទេ គឺត្រូវមានសមត្ថភាពជំនាញ និងបច្ចេកវិទ្យា​ខ្លំាងក្នុង​ការបង្ក្រាប​ជនល្មើសជាជនជាតិបរទេស ដែលមកបង្កអសន្តិ​សុខដល់ប្រទេសយើងផងដែរ។

លោកបានបន្ថែមទៀតថា ដើម្បីសម្រេចនូវគោលនយោបាយកំណែទម្រង់ កងកម្លាំង​ប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល និងដោយយោង​តាមស្ថានភាព​ នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ កម្ពុជាមិនទាន់គ្រប់គ្រាន់តាមក្រសួងមហាផ្ទៃបានដាក់ចេញនូវផែនការប្រចាំឆ្នាំ ក្នុងការជ្រើសរើស មន្ត្រីនគរបាលថ្មី ដើម្បី បន្តវេន និងធានាបាននូវនិរន្តរភាព នៃរដ្ឋបាលសាធារណៈក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ជូនសង្គមជាតិផងដែរ។ លោកបាន​បន្ថែមថា លោកបានគាំទ្រនូវវិធានការរបស់បណ្ឌិត្យសភា ក្នុងការពង្រឹង និងលើកកម្ពស់គុណភាពអប់រំ​បណ្តុះបណ្តាលគ្រប់កម្រិត ពីព្រោះ ក្រសួងត្រូវការ​មន្ត្រីនគរបាល ដែលមានសមត្ថភាព ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារខ្ពស់ផងដែរ។

លោកក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់បណ្ឌិត្យសភានគរបាលជាតិកម្ពុជា នាយកដ្ឋានបុគ្គលិក សាលានគរបាលជាតិភូមិភាគ៤ និងអង្គភាពចំណុះពាក់ព័ន្ធ ទាំងអស់ ក្នុងការរៀបចំនិងចាត់ចែង ឱ្យវគ្គបណ្តុះបណ្តាលនេះដំណើរការបានល្អ និងសម្រេចបានជោគជ័យ តាមផែន​ការដែលបានកំណត់ ហើយលោកក៏បានជម្រុញឱ្យមន្រ្តីនគរបាលកម្ពុជា ដែលទើបប្រកាសតាំងស៊ុបក្នុងក្របខ័ណ្ឌ មន្រ្តីនគរបាលជាតិ ត្រូវអភិវឌ្ឍសមត្ថភាព និងជំនាញក្នុងការ បង្ក្រាបបទល្មើស នៅតាមអង្គភាពរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព ។

ឆ្លៀតក្នុងឱកាសបិទវគ្គនោះដែរ លោកក៏បានបំពាក់ឋានន្តរសក្កិជូន ដល់សិស្សថ្មី ជំនាន់ទី១២ ដែល​ជាសិស្សជាប់ជ័យលាភីជាសិស្សឆ្នើមចំនួន៣៥រូប ក្នុងចំណោមសិស្ស ដែលបានជ្រើសរើសថ្មី ចំនួន១៣៩រូបនោះផងដែរ ៕