(ភ្នំពេញ)៖ ដើម្បីជំរុញវិស័យទេសចរណ៍បន្ថែមទៀត នៅល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ នៅសណ្ឋាគារណាហ្គាវើល (Naga World) ក្រសួងទេសចរណ៍កម្ពុជា និងឥណ្ឌា បានរៀបចំកម្មវិធីសន្និសីទផ្សព្វផ្សាយទេសចរណ៍ឥណ្ឌា នៅកម្ពុជា «Incredible India Road Show 2018»។

សន្និសីទផ្សព្វផ្សាយទេសចរណ៍ឥណ្ឌានៅកម្ពុជាខាងលើនេះ មានការចូលរួមពីក្រុមហ៊ុនទេសចរណ៍មកពីឥណ្ឌាចំនួន ១៥ក្រុមហ៊ុន និងក្រុមហ៊ុនទេសចរណ៍ និងអាកាសចរណ៍កម្ពុជាចំនួន ៧៩ក្រុមហ៊ុនបានមកជួបជុំគ្នាពិភាក្សា និងចាប់ដៃគូក្នុងការធ្វើធុរកិច្ចទេសចរណ៍ជាមួយគ្នា ដើម្បីរៀបចំកញ្ចប់ទស្សនកិច្ច សម្រាប់ទេសចរទៅទស្សនាឥណ្ឌា និងទេសចរឥណ្ឌាមកទស្សនានៅកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត។

កម្មវិធីផ្សព្វផ្សាយវិស័យទេសចរណ៍នៃប្រទេសកម្ពុជា-ឥណ្ឌា នេះ ធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោកស្រី Rashmi Verma រដ្ឋលេខាធិការក្រសួងទេសចរណ៍ឥណ្ឌា និងលោកស្រី Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌានៅកម្ពុជា។

ក្នុងឱកាសនេះលោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីប្រវត្តិនៃការទំនាក់ទំនងល្អជាមួយគ្នាជាយូរយាណាស់មកហើយ ពោលគឺតាំងពីសតវត្សទី០១ ក្នុងសម័យនគរភ្នំមកម្ល៉េះ ហើយទំនាក់ទំនងដ៏ល្អនៃប្រទេសទាំំងពីរនេះ នៅតែបន្តរួមគ្នាពង្រឹង និងពង្រីកមកទល់បច្ចុប្បន្ន និងទៅអនាគត ប្រកបដោយភាពជឿទុកចិត្តគ្នា។ កម្ពុជា និងឥណ្ឌាបានបង្កើតទំនាក់ទំនងការទូតជាលើកដំបូងនៅឆ្នាំ១៩៥២ ដែលមានសម្ដេចព្រះមហាវិរក្សត្រ ព្រះបរមរដ្ឋតនកោដ្ឋ នរោត្តម សីហនុ និងអតីតនាយករដ្ឋមន្រ្ដីឥណ្ឌា លោក Jawaharlal Nehru ក្នុងទសវត្សឆ្នាំ១៩៥០។

ឥណ្ឌាជាប្រទេសប្រជាធិបតេយ្យដំបូងបង្អស់ដែលទទួលស្គាល់អធិបតេយ្យភាពរបស់កម្ពុជាក្នុងឆ្នាំ១៩៨១ បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានផ្ដួលរំលំ។ កម្ពុជា និងឥណ្ឌាបានធ្វើការ រួមគ្នាយ៉ាងជិតស្និទ្ធ និងបានគាំទ្រគ្នាទៅវិញទៅមក ក្នុងវេទិកាពហុភាគី រួមមាន ASEAN-India Dialogue, ASEAN Regional Forum, the Mekong-Ganga Cooperation ក៏ដូចជាការរៀបចំកិច្ចប្រជុំក្រុមការងាររួមស្តីពីវិស័យទេសចរណ៍ជាមួយគ្នាជាដើម។ ខណៈពេលដែលកម្ពុជា ស្ថិតក្នុងភាពលំបាកបំផុតបន្ទាប់ពីរបបប្រល័យពូជសាសន៏ ប៉ុលពត ឥណ្ឌាបានឈនៅជាមួយកម្ពុជា និងប្រជាជនកម្ពុជា ដោយបានទទទួលស្គាល់អធិបតេយ្យភាព របស់កម្ពុជាក្នុងឆ្នាំ១៩៨១។

បច្ចុប្បន្នទំនាក់ទំនងកម្ពុជា និងឥណ្ឌាកាន់តែរឹងមាំ និងរិតបន្តឹងយ៉ាងជិតស្និទ្ធ នៅគ្រប់កំរិតនិងគ្រប់វិស័យ រួមមាន ASEAN-India Dialogue, ASEAN Regional Forum, the Mekong-Ganga Cooperation ក៏ដូចជាការរៀបចំកិច្ចប្រជុំក្រុមការងាររួមស្តីពីវិស័យទេសចរណ៍ជាមួយគ្នាជាដើម ជាក់ស្តែងតាមរយៈដំណើរទស្សនៈកិច្ចផ្លូវការរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់សាធារណរដ្ឋឥណ្ឌា នៅខែមករា ឆ្នាំ២០១៨ រួចក៏មានដំណើរទស្សនកិច្ចរបស់លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងលោករដ្ឋមន្ត្រី ថោង ខុន បានមានឱកាសចូលរួមក្នុងសន្និបាត «Global Investors Summits» នៅរដ្ឋ Assam នៃសាធារណរដ្ឋឥណ្ឌា កាលពីខែកុម្ភៈ ឆ្នាំ២០១៨។

កាលពីឆ្នាំ២០១៦ ក្រោមកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ប្រទេសទាំងពីរបានធ្វើការផ្លាស់ប្ដូរ និងផ្សព្វផ្សាយវប្បធម៌ជាមួយគ្នា តាមរយះក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដោយបានរៀបចំការសម្ដែងសិល្បៈរាមាយណៈ ដោយជោគជ័យ និងបានរៀបចំព្រឹត្តិការណ៍យោហ្គា (Yoga) ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៥ មកដល់បច្ចុប្បន្ន។ ឆ្នាំនេះព្រឹត្តិការណ៍យោហ្គា នឹងធ្វើឡើងនៅថ្ងៃទី១៦ និង១៧ ខែមិថុនា ឆ្នាំ២០១៨ នៅភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ និងបាត់ដំបង ។

ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើឲ្យកម្ពុជាទាំងមូលទទួលបានសុខសន្តិភាពបរិបូរណ៍។ ការរីកចំរើនលើគ្រប់វិស័យមកដល់បច្ចុប្បន្ននេះ បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សអំពីសារៈសំខាន់នៃកត្តាសន្តិសុខ សុវត្ថិភាព ស្ថិរភាពនយោបាយដែលជាកត្តាកំណត់ និងជាមូលដ្ឋានសម្រាប់ធានាចីរភាពដល់ការអភិវឌ្ឈលើគ្រប់វិស័យ ក្នុងនោះវិស័យទេសណ៏។

វិស័យទេសចរណ៍ ជាមាសបៃតង ក៏មានការរីកចម្រើនគួរជាទីមោទនៈ ហើយកំពុងក្លាយជាវិស័យអាទិភាពដ៏សំខាន់មួយ ក្នុងការកសាងសេដ្ឋកិច្ចសង្គម ជាក់ស្តែងឆ្នាំ២០១៧ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ៥.៦លាននាក់ កើនឡើង១១,៨% ក្នុងនោះទេសចរឥណ្ឌាមានចំនួនជិត៦ម៉ឺននាក់ កើនឡើង២៩,១% ដោយឡែកសម្រាប់០៣ ខែដើមឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង១,៧ លាននាក់ កើន១៣,៩% ក្នុងនោះទេសចរឥណ្ឌាមានចំនួនជាង ១ម៉ឺន ៦ពាន់នាក់ កើនឡើង១៧%។ ឆ្នាំ២០១៨នេះ កម្ពុជារំពឹងនឹងទទួលទេសចរឥណ្ឌា ប្រមាណ ៨ ម៉ឹន នាក់។ តាមការប៉ាន់ស្មាន នៅឆ្នាំ២០២០ កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិ ប្រមាណ៧លាននាក់ ហើយនៅឆ្នាំ២០២៥ ទទួលបានប្រមាណ១០លាននាក់ និងនៅឆ្នាំ២០៣០ ប្រមាណ១៥ លាននាក់ ដែលនឹងបង្កើតចំណូលជូនជាតិប្រមាណ៥ពាន់លានដុល្លា បង្កើតការងារប្រមាណជាង១លាននាក់។

លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា ទន្ទឹមនឹងការកើនឡើងទេសចរឥណ្ឌាមកកម្ពុជា ក្នុងនោះយើងឃើញថា ទេសចរកម្ពុជាដែលធ្វើដំណើរទៅកាន់ឥណ្ឌា ក៏មានចំនួនកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ដោយក្នុងនោះភាគច្រើនជាទេសចរបែបសាសនា និងសុខភាព។ ដោយឡែកទេសចរឥណ្ឌាដែលមកកម្ពុជា ភាគច្រើនជាទេសចរ MICE រួមមានទេសចរអាពាហ៍ពិពាហ៍ និងទេសចរបែបសាសនាផងដែរ។

ឥណ្ឌាគឺជាទីផ្សារដ៏ធំមួយសម្រាប់កម្ពុជា ក្រសួងទេសចរណ៍កម្ពុជា និងក្រុមសិល្បករ សិល្បការិនីចូលរួម សកម្មភាពផ្សព្វផ្សាយនានាជាច្រើនទៀត ដូចជា ចូលរួម Roadshow ចូលរួមពិព័រណ៍ទេសចរណ៍ និងរៀបចំទទួលទស្សនកិច្ច FAM Trip ផងដែរ។ ព្រមជាមួយនេះក្រសួងទេសចរណ៍ នឹងជំរុញទេសចរណ៍សាសនារវាងប្រទេសទាំំងពីរផងដែរ។

លោករដ្ឋមន្រ្តី ក៏បានសំណូមពរឲ្យមានការតភ្ជាប់ជើងហោះហើរត្រង់គឺជាគន្លឹះក្នុងការដោះស្រាយបញ្ហានៃការធ្វើដំណើរបស់ប្រជាជននៃប្រទេសទាំងពីរ។ ដូចច្នេះសូមស្នើសុំឲ្យមានការហោះហើរត្រង់រវាងគោលដៅទាំងពីរឲ្យបានកាន់តែឆាប់ ព្រោះការតភ្ជាប់ក្នុងតំបន់រវាងឥណ្ឌា និងអាស៊ាន និងគោលនយោបាយឆ្ពោះ ទៅទិសខាងកើតនៃប្រទសឥណ្ឌា ដោយគំរោងផ្លូវល្បឿនលឿនពីឥណ្ឌាមកប្រទេសថៃ បាននិងចាប់ផ្តើមសាងសង់ ប៉ុន្តែកម្ពុជាមិនស្ថិតក្នុងគំរោងនេះទេ ដូចនេះដើម្បីជំរុញកំណើនលំហូរទេសចររវាងកម្ពុជា និងឥណ្ឌា ការតភ្ជាប់ជើងហោះហើរត្រង់គឺជាកត្តាគន្លឹះជាយុទ្ធសាស្រ្ត និងសូមស្នើឲ្យមានការហោះហើរត្រង់រវាងគោលដៅទាំងពីរឲ្យបានកាន់តែឆាប់។ ក្រសួងទេសចរណ៍នឹងសហការជាមួយក្រសួង និងភាគីពាក់ព័ន្ធទាំងអស់ ពិសេសជំរុញក្រុមហ៊ុនអាកាសចរនៅកម្ពុជាចាប់ផ្តើមភ្ជាប់ការហោះហើរពីកម្ពុជាទៅឥណ្ឌា។

ឆ្លៀតក្នុងឱកាសនេះលោករដ្ឋមន្ត្រី ក៏បានអញ្ជើញប្រតិបត្តិករទេសចរណ៍ឥណ្ឌាចូលរួមក្នុងព្រឹត្តិការណ៍ Cambodia Travel Mart (CTM) 2018 ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១១ដល់ ១៣ ខែតុលា ឆ្នាំ២០១៨ ខាងមុខ។ បន្ទាប់មកលោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា កម្ពុជានឹងរៀបចំកម្មវិធីផ្សព្វផ្សាយទេសចរណ៍កម្ពុជានៅឥណ្ឌាវិញម្តង ក្នុងឆ្នាំ២០១៩ខាងមុខ ដោយសុំឲ្យមានកិច្ចសហការចូលរួមពីក្រសួងទេសចរណ៍ឥណ្ឌា ក៏ដូចជាក្រុមហ៊ុនទេសចរណ៍ឥណ្ឌានានាផងដែរ៕