(មណ្ឌលគិរី)៖ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអាង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្ដិច នាយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះថា មានករណីពុលទឹកមួយបានកើតឡើង នៅភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា បណ្ដាលឲ្យមនុស្សប្រុសស្រី១៤នាក់ រងនូវអាការៈក្អូតចង្អោរ។

បើតាមលោកអភិបាលខេត្ត ក្រោយកើតរឿងហេតុនេះភ្លាមៗ នៅម៉ោងប្រមាណជាង៤ល្ងាច លោកបានបញ្ជាផ្ទាល់ទៅ ស្នងការនគរបាលខេត្តមណ្ឌលគិរី គឺលោកឧត្តមសេនីយ៍ត្រី ឡោ សុខា ចាត់កម្លាំងនគរបាលមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចជំនាញ ចេញអន្ដរាគមន៍ដើម្បីបញ្ជូនពលរដ្ឋរងគ្រោះ ទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះអាយុជីវិត។

ភ្នាក់ងារ Fresh News ប្រចាំខេត្តមណ្ឌលគិរី ក៏បានរាយការណ៍មកថា ពលរដ្ឋរងគ្រោះទាំង១៤នាក់នោះ ក្រោយពីមានការជួយសង្គ្រោះ ពុំមានប៉ះពាល់​ដល់អាយុជីវិតនោះទេ​ ហើយក្នុងនោះមានប្រជាពលរដ្ឋចំនួន០៦នាក់​ មានអាការៈធូរស្បើយហើយ​ អាចត្រលប់ទៅគេហដ្ឋានវិញ។ នៅសល់០៨នាក់ទៀត កំពុងតែធ្វើការសង្គ្រោះបន្ទាន់​នៅពេទ្យបង្អែកស្រុកស្នួល ខេត្តក្រចេះ​។​

សូមជម្រាបថា ករណីពុលទឹកនេះដែលនៅប៉ុន្មានថ្ងៃមុននេះ ក៏បានផ្ទុះឡើងផងដែរ នៅភូមិស្រែនន និងភូមិអាលច ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បណ្ដាលជនរងគ្រោះបានស្លាប់ចំនួន១៣នាក់ ក្នុងនោះមានស្រី៨នាក់ និងអ្នកធ្លាក់ខ្លួនឈឺមានចំនួន២៨០នាក់ ក្នុងនោះស្រី១៦២នាក់ និងកុមារ៦៩នាក់។

បើតាមសេចក្ដីរាយការណ៍​បន្ថែមថា លោកអភិបាលខេត្តមណ្ឌលគិរី បានបញ្ជាឲ្យមន្ទីរពេទ្យបង្អែក​​មូលដ្ឋាន និងមន្ទីរសុខាភិបាលខេត្ត បញ្ជូនរថយន្ដសង្គ្រោះបន្ទាន់ចំនួន២គ្រឿង នៅកាន់ភូមិកើតហេតុ ដើម្បីត្រៀមសង្គ្រោះពលរដ្ឋភ្លាមៗផងដែរ៕