(ព្រះសីហនុ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានលើកឡើងថា ចិនជាទីផ្សារផ្គត់ផ្គង់ទេសចរច្រើនជាងគេលើពិភពលោក ដោយឆ្នាំ២០១៧ ក្នុងចំណោមទេសចរសកលលោកសរុប ១,៣០០លាននាក់ មានទេសចរចិន ១៣០លាននាក់ ស្មើនឹង ១០% នៃទេសចរសកលលោកសរុប ហើយលក្ខណពិសេសរបស់ទេសចរចិន គឺហ៊ានចំណាយលុយច្រើនជាងគេ ប៉ុន្តែពួកគេក៏ទាមទារឲ្យមានការបម្រើសេវាកម្ម ប្រកបដោយគុណភាព អនាម័យ និងកន្លែងកម្សាន្តល្អៗផងដែរ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារទេសចរណ៍ ប្រចាំត្រីមាសទី១ ឆ្នាំ២០១៨ អមជាមួយពិធីបិទសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការអភិវឌ្ឍ និងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍កម្ពុជា ឆ្នាំ២០១៨ នៅខេត្តព្រះសីហនុ នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ លោករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍គន្លឹះៗមួយចំនួន រួមមាន៖

១៖ ត្រូវចុះត្រួតពិនិត្យជាប្រចាំចំពោះបញ្ហាសំរាម កាកសំណល់ ព្រមទាំងត្រូវទប់ស្កាត់ បញ្ជៀសនិងបញ្ឈប់កន្លែងហូរទឹកកខ្វក់ដែលនៅមានខ្លះៗចូលទៅសមុទ្រ ត្រូវមានការប្រើប្រាស់អាងប្រព្រឹត្តកម្មចម្រោះទឹកនៅតាមសណ្ឋាគារ និងមូលដ្ឋានអាជីវកម្មទេសចរណ៍នានា។ ត្រូវបំផុសដល់គ្រប់មូលដ្ឋានអាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋឲ្យចេះប្រើប្រាស់អាងស្តុកទឹកសំណល់ ជៀសវាងការបង្ហូរចូលទៅឆ្នេរសមុទ្រ។

២៖ ត្រូវខិតខំគ្រប់គ្រងឆ្នេរខ្សាច់ឲ្យបានស្អាត និងបៃតង ខិតខំអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជាយើងប្រកបដោយនិរន្តរភាព ។គ្រប់ខេត្តតំបន់ឆ្នេរ ត្រូវខិតខំកសាងអោយបានឆ្នេរគំរូ ដើម្បីងាយស្រួលក្នុងការដឹកនាំអភិវឌ្ឍន៍ តាមខេត្ត និងត្រូវចូលរួមក្នុងការប្រលងប្រណាំងឆ្នេរស្អាតអោយបានផុលផុស។

៣៖ ត្រូវរួមគ្នាពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ស្របតាមស្មារតី «សេវាមួយ ស្ដង់ដារមួយ» បង្កើតផលិតផលទេសចរណ៍ថ្មីៗ សំដៅធ្វើយ៉ាងណាឲ្យសេវាកម្មទេសចរណ៍យើងមានគុណភាពល្អ ជាទីពេញចិត្ត ដល់ទេសចរ។

៤៖ ក្នុងឆ្នាំ២០១៧ ភ្ញៀវទេសចិនដែលចេញទស្សនាកម្សាន្តក្រៅប្រទេសមានចំនួន ១៣០លាននាក់ ស្នើនឹង ១០% នៃចំនួនទេសចរសកលលោកសរុប ដែលមានចំនួន ១,៣០០លាននាក់ ក្នុងនោះទេសចរចិនដែលមកទស្សនាអាស៊ានមានចំនួន ជាង២០លាននាក់ (ថៃយកបាន ទេសចរចិនបានជាង១២លាននាក់)។ តាមការព្យាករណ៍របស់អង្គការទេសចរណ៍ពិភពលោក នៅឆ្នាំ២០២០ ភ្ញៀវទេសចរចិនដែលទស្សនាក្រៅប្រទេសមានចំនួនច្រើនជាង២០០លាននាក់ (ក្នុងចំណោមទេសចរសកលលោក ១០នាក់ មានទេសចរចិនម្នាក់) ដូច្នេះកម្ពុជាត្រូវធ្វើយ៉ាងណាស្រូបយកលំហូរទេសចរអោយបានច្រើន ដើម្បី សេដ្ចកិច្ចជាតិ និង ការងាររបស់ប្រជាពលរដ្ឋយើង តែប្រការសំខាន់មិនអាចខ្វះបានគឺការគ្រប់គ្រង ប្រកបដោយនិរន្តរភាព និងគុណភាពសេវាកម្មល្អ. អនាម័យបរិស្ថានល្អ ពិសេស ភាព ស្អាត និង បៃតង។

៥៖ បន្តពង្រឹងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវះទេសចរណ៍ ដល់អ្នកដែលបម្រើការក្នុងវិស័យទេសចរណ៍ ដូចជាការពង្រឹកជំនាញបុគ្គលិក ស្របតាមស្មារតី «បុគ្គលិកម្នាក់ ជំនាញមួយ» ភាសាបរទេស ពិសេសត្រូវពង្រីកមគ្គុទ្ទេសក៍និយាយភាសាចិននិងអ្នកនិយាយភាសាចិនក្នុងឧស្សាហកម្មទេសចរណ៍អោយបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារ។

៦៖ ត្រូវបន្តអនុវត្តប្រព័ន្ធវាយតម្លៃសម្រាប់ត្រៀមទទួលភ្ញៀវចិន (China Ready Accreditation System)ឲ្យបានគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ។

លោករដ្ឋមន្ត្រីក៏បានលើកឡើងពីគម្រោងអភិវឌ្ឍកោះគំរូផងដែរ ដោយចាប់ផ្តើមចេញពីការអភិវឌ្ឍកោះរ៉ុង ជាគោលដៅអេកូទេសចរណ៍លំដាប់ខ្ពស់ និងជាគោលដៅទេសចរណ៍បៃតងគ្មានថង់ប្លាស្ទីក ឱ្យបានមុនឆ្នាំ២០២០។

លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០១៨ ទេសចរដែលមកទស្សនាខេត្តព្រះសីហនុមានប្រមាណ ៩៥៣,១៧១ម៉ឺននាក់ កើនឡើង ១៨.៤% ក្នុងនោះមានទេសចរចិនប្រមាណ ៥ម៉ឺននាក់ កើនឡើង ៣៧% រួមជាមួយទេសចរច្រើនជាតិសាសន៍ដែលកំពុងមាការកើនឡើងផងដែរ ដូចជា រុស្សី បារាំង អាល្លឺម៉ង់ អង់គ្លេស អូស្ត្រាលី ថៃ វៀតណាម ម៉ាឡេសុី។ល។លោកថា ភ្ញៀវទេសចរដែលទៅទស្សនាតាមបណ្ដាកោះ ក្នុងខេត្តព្រះសីហនុ ពិសេសកោះរ៉ុង កោះរ៉ុងសន្លឹមជាដើម មានជាង១១ម៉ឺននាក់ កើនឡើង ជាង ១០% ផងដែរ ក្នុងត្រីមាសទី១ ២០១៨នេះ។

លោកប្រធានមន្ទីរបានបន្តថា រយៈពេល៣ខែ ដើមឆ្នាំ២០១៨ មា​នជើងហោះហើរមកខេត្តព្រះសីហនុចំនួន ២,១៣៥ជើង កើនឡើង ៦៦% ។ក្នុងនោះមានជើងហោះហើរប្រមាណ ២០២ជើង មកពីក្រៅប្រទេសនិងក្នុងស្រុកមានចំនួន ៣៤៨ជើង ក្នុងមួយសប្ដាហ៍។

ខេត្តព្រះសីហនុបច្ចុប្បន្ន​ មានសណ្ឋាគារ ៦៩កន្លែង (៣,៥២១បន្ទប់) ផ្ទះភ្ញៀវមាន ៣១៩កន្លែង (៤,០២៩បន្ទប់) ភោជនីយដ្ឋាន-អាហារដ្ឋានមាន ២៥១កន្លែង (៩,៧៧៣កៅអី) ម៉ាស្សាមាន ៤២កន្លែង (៣០០គ្រែ) សេវាកម្សាន្តទេសចរណ៍សម្រាប់មនុស្សពេញវ័យមាន ១៧កន្លែង ទីភ្នាក់ងារទេសចរណ៍ ៣១កន្លែង និងកីឡាទេសចរណ៍ ១៧កន្លែង។នៅ២ឆ្នាំខាងមុខនឹងមានសណ្ឋាគាារ ថ្មីៗប្រណិត ប្រមាណ ២០០០-២៥០០ បន្ទប់បន្ថែមទៀត។