(កណ្តាល)៖ លោក ស៊ុន ចាន់ថុល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអចិន្ត្រៃយ៍ពង្រឹងមូលដ្ឋានស្រុកកោះធំ ខេត្តកណ្តាល បានថ្លែងទៅកាន់ប្រជាពលរដ្ឋត្រូវគិតគូរ និងពិចារណាឲ្យបានល្អិតល្អន់បំផុតមុននឹងគូសសន្លឹកឆ្នោតជ្រើសរើសមេដឹកនាំជាតិនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

លោក ស៊ុន ចាន់ថុល បានផ្តល់ជាការពិចារណាទៅដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនៅក្នុងស្រុកកោះធំថា មុននឹងគូសសន្លឹកឆ្នោតត្រូវចោទសួរខ្លួនឯងថា តើគណបក្សនយោបាយណាដែលបានកសាងប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធ ផ្លូវ ស្ពាន ថ្នល់ ជាពិសេសបាននាំមកនូវសុខសន្តិភាព និងស្ថេរភាពសម្រាប់សង្គមកម្ពុជា?

លោក ស៊ុន ចាន់ថុល ដែលមានតួនាទីក្នុងរាជរដ្ឋាភិបាលជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធាណការ និងដឹកជញ្ជូន បានលើកឡើងដូច្នេះ ក្នុងពេលអញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលនានានៅវត្តប្រពាំងជ្រៃឋិតក្នុងឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល
នៅថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨នេះ។ ពិធីនេះមានការចូលរួមពីប្រជាពលរដ្ឋប្រមាណ ១០៦២នាក់ មកពីឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។

ក្នុងពិធីនេះលោក ស៊ុន ចាន់ថុល បានលើកបង្ហាញនូវសមិទ្ធផលសំខាន់ៗមួយចំនួន ដែលត្រូវបានដាក់ឲ្យប្រើប្រាស់ជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនជាប្រយោជន៍សំខាន់របស់ប្រជាពលរដ្ឋ។ សមិទ្ធផលទាំងនោះមានដូចជា៖ ការដាក់ឲ្យដំណើរការនាវាដឹកអ្នកដំណើរព្រែកព្នៅ-ក្រុងតាខ្មៅ ការដាក់ឱ្យដំណើរការឡើងវិញនូវផ្លូវដែកពីប៉ោយប៉ែត-សិរីសោភ័ណ-បាត់ដំបង ក្រោយកាត់ផ្តាច់ដោយសង្គ្រាមអស់រយៈពេល ៤៥ឆ្នាំ ការដាក់ឲ្យដំណើរការផ្លូវដែកពីភ្នំពេញទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាដើម។

«បើប្រទេសយើងគ្មានសុខសន្តិភាព និងគ្មានស្ថិរភាពនយោបាយ ដែលទទួលបានក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យើងមិនអាចកសាងហេដ្ឋា រចនាសម្ព័ន្ធស្ពានថ្នល់សាលារៀន មន្ទីរពេទ្យ ដើម្បីទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុនបង្កើតការងារ ធ្វើជូនប្រជាពលរដ្ឋ និងមិនអាចទាក់ទាញទេសចរណ៍មកលេងកម្ពុជាដូចសព្វថ្ងៃនេះឡើយ»។ លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល គូសបញ្ជាក់។

គ្រាដែលការបោះឆ្នោតកាន់ខិតជិតមកដល់ផងនោះ លោក ស៊ុន ចាន់ថុល ក៏រំលឹកប្រជាពលរដ្ឋឲ្យបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដែលជាបក្សដឹកនាំរាជរដ្ឋាភិបាល ដោយបានថ្លែងអំពាវនាវយ៉ាងដូច្នេះ «មុនគូសសន្លឹកឆ្នោតមួយសន្លឹករបស់ បងប្អូន សូមសួរខ្លួនឯងថាគណបក្សណាដែលកសាងផ្លូវ ១៩ខ្សែនៅឃុំឈើខ្មៅ នៅស្រុកកោះធំ និងគណបក្សណាជាអ្នកនាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយជូនសង្គមជាតិ»។

ជាមួយគ្នានេះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល បានសំណូមពរដល់ប្រជាពលរដ្ឋនៅឃុំឈើខ្មៅ ក៏ដូចជាស្រុកកោះធំជួយផ្សព្វផ្សាយ និងពន្យល់ប្រាប់ញាតិ មីងមា បងប្អូនឲ្យទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណប្រជាជនកម្ពុជា ដើម្បីគណបក្សបានបន្តដឹកនាំ និងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានការចម្រើនបន្ថែមទៀត។

ក្រោយពិធីសម្ពោធសមិទ្ធផលនានានៅវត្តប្រពាំងជ្រៃ ឋិតនៅឃុំឈើខ្មៅរួចមក លោកទេសរដ្ឋមន្ត្រីបានអញ្ជើញសំណេះសំណាយជាមួយសិស្សានុសិស្សវិទ្យាល័យស្រុកកោះធំ ប្រមាណ ៤០០នាក់។ ក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល បានផ្តាំផ្ញើដល់សិស្សទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម មានចំណេះជំនាញច្រើនយ៉ាង ដើម្បីងាយស្រួលស្វែងរកការងារធ្វើអាចបង្កើនប្រាក់ចំណូលគ្រួសារ និងធ្វើឲ្យជីវភាពរស់នៅកាន់តែមានប្រសើរឡើង៕