(ភ្នំពេញ)៖ តាមរយៈការរក្សា ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ការវិនិយោគថ្មីៗទាំងក្នុងប្រទេស និងពី​បរទេស ចេះតែបន្ត​កើនឡើង ដែលនាំដល់ការបង្កើតឱកាសការងារបន្ថែមទៀត នៅ​ក្នុងទីផ្សារ​ការងារ​ក្នុងស្រុក។

ជាក់ស្តែងសម្រាប់ខែឧសភា ឆ្នាំ២០១៨នេះ ឱកាសការងារប្រមាណ៩៨២កន្លែង ក្នុងមុខតំណែង​ផ្សេងៗគ្នា នឹងត្រូវបានផ្តល់ជូន ពីក្រុមហ៊ុនធំៗ ចំនួន១០ សម្រាប់យុវជនសិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើទូទៅនៅក្នុងវេទិកាការងារប្រចាំខែ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ វេទិកាការងារនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ខាងមុខ ចាប់ពីម៉ោង៨៖០០ ដល់ម៉ោង៥៖០០ល្ងាច ហើយយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារទូទៅ អាចចូលរួមបានដោយសេរី នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រុមហ៊ុនធំៗចំនួន១០ ដែលចូលរួមក្នុងវេទិកាការងារនេះរួមមាន៖ ក្រុមហ៊ុន AEON, Worldbridge, Yummy Food Company, GFG Investment, Opennet, AlmondGroup, Kofi, Emcat, Capture Value និងក្រុមហ៊ុន Ming Wuoy Group។ ក្រុមហ៊ុនទាំនេះ នឹងទទួលពាក្យស្វែងរកការងារ និងធ្វើការសម្ភាសភ្លាមៗតែម្តង។ ដូច្នេះ បេក្ខជន នឹងដឹងលទ្ធផលជាប់ ឬធ្លាក់ក្នុងថ្ងៃតែមួយ។

លោកស្រី សៀម ង៉ោ ប្រធានគ្រប់គ្រងជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុន Ming Wuoy Group បានចាត់ទុកសេវា ជួយស្វែងរកបុគ្គលិក របស់រដ្ឋាភិបាលនេះ ថាបានរួមចំណែកច្រើន ក្នុងការជួយដល់ក្រុមហ៊ុន Ming Wouy ក៏ដូចជាក្រុមហ៊ុនផ្សេងៗ ទៀតឱ្យឆាប់ទទួលបានបុគ្គលិក ដោយសារវាមានភាពងាយស្រួល មិនគិតកម្រៃ ហើយមានបេក្ខជនដែលមានសមត្ថភាពច្រើន។

លោកស្រី សៀម ង៉ោ បានថ្លែងយ៉ាងដូច្នេះថា «បច្ចុប្បន្នក្រុមហ៊ុន មីង វួយ មានបុគ្គលិកសរុបជាង១០០០នាក់ ដែលក្នុងនោះ ក៏មានជ្រើសចេញ ពីវេទិកាការងារ ក៏ដូចជាពិព័រណ៍ការងាររបស់ NEA កន្លងមកផងដែរ។ សម្រាប់ថ្ងៃទី១០ ខែឧសភាខាងមុខ ក្រុមហ៊ុនមានតម្រូវការបុគ្គលិកចំនួន៤៥ នាក់ ដែលភាគច្រើនផ្នែកសេវាកម្ម»

លោកស្រី បានបន្ថែមថា សិស្ស/និស្សិត យុវជន និងអ្នកស្វែងរកការងារធ្វើ ដែលចង់បានលទ្ធផលល្អ មិនថាពួកគាត់ចង់ដាក់ពាក្យ ជាមួយក្រុមហ៊ុន មីង វួយ ឬក្រុមហ៊ុនដទៃទៀតនោះទេ គឺត្រូវរៀបចំប្រវត្តិរូបសង្ខេបឱ្យបានត្រឹមត្រូវ, ស្វែងរកព័ត៌មានអំពីក្រុមហ៊ុន និងមុខតំណែងដែលខ្លួនជ្រើសរើស និងត្រូវគោរពពេលវេលាជាដើម។

ជាមួយប្អូនប្រុស ប៉ូ វី និស្សិតសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលទទួលបានការងារធ្វើតាមរយៈ វេទិកាការងារកន្លងមក បានលើកឡើងថា «ថ្ងៃនេះខ្ញុំមកដាក់ពាក្យ ហើយចំពោះលទ្ធផលគឺគេប្រកាសថាជាប់ទៀត។ ខ្ញុំមានអារម្មណ៍ថា សប្បាយរីករាយ ដែលខ្លួនឯងគ្រាន់តែមកសម្ភាសន៍ភ្លាម គឺជាប់តាមអ្វីដែលយើងរំពឹងទុក។ ពេលមិនទាន់ស្គាល់ NEA មិនបានចូលរួមក្នុងវេទិកាការងារ គឺជួបការលំបាកក្នុងការរកស្វែងរកការងារធ្វើ។ ពេលឃើញគេប្រកាសរើសពេលណា គឺខ្ញុំទៅខាងហ្នឹង។ ជួនកាលបានដាក់ពាក្យ ជួនកាលអត់បានដាក់ទេ ដោយទីតាំងឆ្ងាយពេក ពិបាករក ហើយពេលខ្លះ ដាក់ហើយអត់ជាប់ទៀត»។

សូមបញ្ជាក់ថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែរៀបចំវេទិកាការងារបែបនេះ រៀងរាល់ខែ។ សម្រាប់យុវជន សិស្ស/និស្សិត ដែលមានបំណងចង់ស្វែងរកការងារអ្វីដែលខ្លួនពេញចិត្ត និងសមស្របទៅតាម ជំនាញរៀងៗខ្លួន អាចមកចូលរួមដោយសេរី នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប់របងវិទ្យាស្ថានភាសា បរទេស IFL ដោយភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប (CV)។

ជាក់ស្តែងក្នុង​រយៈពេល៤ខែដើមឆ្នាំ​២០១៨ នេះ NEA​ បានជួយសម្របសម្រួល និងជ្រើសរើសបុគ្គលិក កម្មករ និយោជិតចំនួនជាង​២,០០០នាក់ ឱ្យទៅ​ក្រុមហ៊ុន​/សហគ្រាសនានា នៅក្នុងវេទិកាការងារទាំង៥លើក​របស់ខ្លួន។ វេទិកាការងារ គឺជាផ្នែកមួយ នៃយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់​ឱកាស​ដល់​សាធារណៈជន​ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ ឬអ្នកចង់ផ្លាស់ប្តូរការងារអាចទទួលបាន​ការងារកាន់​តែងាយ​ស្រួលចំណេញពេលវេលានិងនៅមួយកន្លែង។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebookneakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល៕