(ភ្នំពេញ)៖ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-ជប៉ុន បានទទួលជួបជាមួយ លោក FUJITA Yukihisa សមាជិកព្រឹទ្ធសភាប្រទេសជប៉ុន នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា ខណៈដែល លោកសមាជិកព្រឹទ្ធសភា មកបំពេញទស្សនកិច្ចនៅកម្ពុជា។

លោក ឈាង វុន បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលតែងតែជួយកម្ពុជានៅគ្រប់កាលៈទេសៈ ពិសេសការស្វែងរក សន្តិភាព។ លោកបានលើកឡើងថា អ្វីដែលកម្ពុជា មាននៅពេលនេះ គឺមិនអាចកាត់ផ្តាច់បានពីជំនួយ របស់ប្រទេសជប៉ុននោះទេ។ កម្ពុជាបានហែលឆ្លងទុក្ខលំបាកជាច្រើន ទំរាំកសាងបាននូវ ប្រទេសជាតិមួយ ដែលមានសុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាព។

លោកប្រធានគណៈកម្មការ បានជម្រាប លោក FUJITA Yukihisa ថា ជាមួយសន្តិភាពពេញផ្ទៃប្រទេស សេដ្ឋកិច្ចកម្ពុជា បានកើនឡើងជាលំដាប់ក្នុងរង្វង់៧% នៅរៀងរាល់ឆ្នាំ។ មន្រ្តីរាជការកម្ពុជា មានប្រាក់បៀវត្សរ៍ជាមធ្យម ៤០០ដុល្លារ ភាពក្រីក្រ បានកាត់បន្ថយមក នៅសល់តែ ត្រឹមជាង១០% ប៉ុណ្ណោះ។

ដោយឡែកនៅក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យវិញ កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី៦ នាចុងខែកក្កដាខាងមុខនេះ។ លោក ឈាង វុន បានគូសបញ្ជាក់ថា នេះជាការអនុវត្តលទ្ធិប្រជាធិបេត្យ ជាការផ្តល់សិទ្ធិសេរីភាព និងអំណាចជូនប្រជាពលរដ្ឋក្នុងការសម្រេចចិត្តជ្រើសរើសមេដឹកនាំ។ នៅក្នុងដំណើរការរៀបចំការបោះឆ្នោតនេះក្នុងពេលបច្ចុប្បន្ននេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាននឹងកំពុងទទួលចុះឈ្មោះគណបក្សនយោបាយចូលរួមប្រកួតប្រជែង ហើយបើតាម ការប៉ាន់ស្មាន គឺនឹងមានគណបក្សនយោបាយជាច្រើន ចូលរួមការបោះឆ្នោត ដែលក្នុងនោះ ទំនងមិនតិចជាង៣០ គណបក្សឡើយ។

លោក ឈាង វុន ក៏បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលនៅតែបន្តជួយគំាទ្រ ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការដំណើរការរៀបចំបោះឆ្នោតនោះ។

លោក FUJITA Yukihisa ជាសមាជិកព្រឹទ្ធសភា ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាច្រើនលើកមកហើយ។ លោកមានភាពស្និទ្ធស្នាល ជាមួយសមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាលកម្ពុជា ហើយអដ្ឋិធាតុកូនប្រុសរបស់ លោក មួយរូប ត្រូវបានយកមកដម្កល់ទុកនៅកម្ពុជា មួយចំណែកដែរ។ លោក បានគូសបញ្ជាក់ថា លោកមានមនោសញ្ចេតនា​ ជាមួយ ប្រជាជនកម្ពុជា ដូច្នេះ លោកបានប្តេជ្ញាហើយថា នឹងខិតខំចូលរួមចំណែកក្នុងអភិវឌ្ឍន៍ប្រទេសកម្ពុជា។

នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា នាឱកាសនេះ លោក FUJITA Yukihisa គ្រោងជួបពិភាក្សាការងារ ជាមួយមន្រ្តីជាន់ខ្ពស់ រដ្ឋសភា និងរាជរដ្ឋាភិបាលជាច្រើនរូបផងដែរ៕