(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានចេញមកអះអាងថា នៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះមិនការបំពុលខ្យល់ធ្ងន់ធ្ងរនាំឲ្យប៉ះពាល់ដល់ផ្លូវដង្ហើម និងសុខភាពរបស់ប្រជាពលរដ្ឋនោះឡើយ។

ការចេញមកពីបញ្ជាក់របស់ក្រសួងបរិស្ថានបានធ្វើឡើង បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានមួយចំនួនថា ខ្យល់នៅក្នុងរាជធានីភ្នំពេញកំពុងទទួលរងនូវការបំពុលលើសកម្រិតសុវត្ថិភាពសុខភាព។ តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ ក្រសួងបរិស្ថាន បានចាត់ទុកការផ្សព្វផ្សាយនេះ អាចបង្កឲ្យសាធារណជនមានការយល់ច្រឡំ និងព្រួយបារម្ភអំពីបញ្ហាសុខភាព ជាពិសេសអ្នកធ្វើដំណើរ និងអ្នកប្រកបរបរនៅតាមទីសាធារណៈ។

ក្រសួងបរិស្ថាន បានបញ្ជាក់ដែរថា ចាប់តាំងពីឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្នក្រសួងបានអង្កេតតាមដានគុណភាពខ្យល់នៅតាមបណ្តាទីក្រុងធំៗនៅកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ដើម្បីតាមដាន និងវាយតម្លៃអំពីស្ថានភាពគុណភាពខ្យល់សំដៅធានាដល់សុខភាពសាធារណៈ។

លើសពីនោះទៀតនៅឆ្នាំ២០១៧ ក្រសួងបានបំពាក់បន្ថែមនូវឧបករណ៍សម្រាប់តាមដានគុណភាពខ្យល់លើភាគល្អិតនិចល PM10 និង PM2.5 ដែលជាប្រភេទភាគល្អិតបង្កផលប៉ះពាល់ដល់ផ្លូវដង្ហើមធ្ងន់ធ្ងរ។ ជាលទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់នៅតាមទីក្រុងធំៗ និងរាជធានីភ្នំពេញ បានបង្ហាញមិនទាន់មានការបំពុលខ្យល់ធ្ងន់ធ្ងរ ដូចដែលព័ត៌មានផ្សព្វផ្សាយនោះឡើយ៕