(តាកែវ)៖ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨នេះ លោក ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប តំណាងប្រធានលោក ស៊ិក ប៊ុនហុក បានដឹកនាំគណៈប្រតិភូ ធ្វើដំណើរមកខេត្តតាកែវ ដើម្បីថ្លែងបាឋកថា ផ្សព្វផ្សាយគោលបំណងបញ្រ្ចាបការយល់ដឹង អំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី៦ ឆ្នាំ២០១៨ ជូនដល់សិស្ស និស្សិត គរុសិស្ស គរុនិស្សិត និងគ្រូបង្រៀនចំនួន៨០០នាក់ នៅខេត្តតាកែវ។

ការចុះបញ្ច្រាបនៃការយល់ដឹងដល់ប្រជាពលរដ្ឋនេះ ធ្វើឡើងស្របពេលដែលទណ្ឌិត សម រង្ស៊ី មេដឹកនាំចលនាសង្រ្គោះជាតិ​ បានអំពាវនាវតាមមណ្តាញសង្គម កុំឱ្យប្រជាពលរដ្ឋខ្មែរ ទៅបោះឆ្នោត​តំណាងរាស្រ្ត នៅខែកក្កដាខាងមុខនេះ ដែលគ.ជ.បចាត់ទុកថានេះគឺទង្វើបំពានសិទ្ធិលើប្រជាពលរដ្ឋ ដែលច្បាប់បានចែងថាពលរដ្ឋខ្មែរ មានសិទ្ធិពេញលេញ ក្នុងការចូលរួមបោះឆ្នោត​ជ្រើសរើសមេដឹកនាំរបស់ខ្លួនរយៈពេល៥ឆ្នាំម្តង។

សូមជម្រាបថា ការចុះបញ្ច្រាបការយល់ដឹងអំពីច្បាប់ស្តីពីការបោះឆ្នោតខាងលើនេះ ក៏ដោយសារតែមានសំណូមពរពីសិស្ស និស្សិត គរុសិស្ស គរុនិស្សិត និងគ្រូបង្រៀន នៅខេត្តតាកែវ ផងដែរ៕